ប្រជាសហគមន៍នេសាទរាប់រយនាក់នៅខេត្តកំពត បានប្រមូលផ្តុំគ្នាតវ៉ានៅថ្ងៃទី១ មីនា ដើម្បីទាមទារឲ្យអាជ្ញាធរខេត្តចាត់វិធានការចំពោះក្រុមអ្នកនេសាទជនជាតិវៀតណាម ដែលបានឆ្លងចូលមកនេសាទក្នុងដែនសមុទ្រកម្ពុជា។ ការតវ៉ានេះមានរយៈពេលជាង ២ម៉ោង គឺចាប់ពីម៉ោង ១០ព្រឹកដល់ម៉ោងជាង ១២ថ្ងៃត្រង់ ហើយត្រូវបានរំសាយទៅវិញបន្ទាប់ពីអាជ្ញាធរខេត្តបានទទួលយកសំណើ និងសន្យាដោះស្រាយបញ្ហានេះជូនពលរដ្ឋ។
ប្រជាពលរដ្ឋប្រមាណ ៣០០នាក់ រស់នៅសង្កាត់ត្រើយកោះ ក្រុងកំពត បានផ្ទុះការតវ៉ា និងឈានដល់ការបិទផ្លូវនៅម្តុំគល់ស្ពានព្រែកកំពតថ្មី ប្រមាណមួយម៉ោង ដើម្បីឲ្យអាជ្ញាធរខេត្តកំពត និងប្រមុខរដ្ឋាភិបាលកម្ពុជា ជួយអន្តរាគមន៍ករណីជនជាតិវៀតណាម ជាច្រើន បានចូលមកនេសាទខុសច្បាប់ក្នុងដែនសមុទ្រខេត្តកំពត។
ប្រជាសហគមន៍នេសាទនៅសង្កាត់ត្រើយកោះ ម្នាក់ដែលបានចូលរួមការតវ៉ា លោក ម៉ាត់ សុះ បញ្ជាក់ប្រាប់អាស៊ីសេរីថា អ្នកនេសាទជនជាតិវៀតណាម កាន់តែច្រើនប្រដាប់ដោយឧបករណ៍នេសាទខុសច្បាប់ និងទូកនេសាទធំៗ បានធ្វើសកម្មភាពនេសាទយ៉ាងគគ្រឹកគគ្រេងនៅចំណុចកោះត្រងោល កោះការាំង គន្លុកក្រម៉យ និងភ្នំអណ្ដូង នៃខេត្តកំពត ដោយគ្មានខ្លាចរអា។
លោកថា ប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធដែលឈរជើងនៅភូមិសាស្ត្រសមុទ្រនៃខេត្តកំពត ជាច្រើនលើកច្រើនសា ប៉ុន្តែអាជ្ញាធរមិនបានចាត់វិធានការអ្វីឲ្យមានប្រសិទ្ធភាពឡើយ ពោលគឺបទល្មើសនេសាទសមុទ្រប្រព្រឹត្តដោយជនជាតិវៀតណាម នេះ នៅតែកើតឡើងឥតឈប់ឈរ។ ប្រជាពលរដ្ឋដាក់ការសង្ស័យថា អាជ្ញាធរមានសមត្ថកិច្ចនៅតំបន់នោះអាចទទួលបានផលពីបទល្មើសនេសាទនេះ តាមរយៈការប្រព្រឹត្តអំពើពុករលួយ៖ «ខ្ញុំសូមសំណូមពរដល់រដ្ឋាភិបាល ឲ្យជួយបំបាត់អំពើខុសច្បាប់ ពីព្រោះអំពើខុសច្បាប់នេះវាអាចបំផ្លាញធនធានធម្មជាតិ ហើយបំផ្លាញទៅដល់អ្នកជំនាន់ក្រោយៗ ជាពិសេសពួកឃុំ (សង្កាត់) ត្រើយកោះខ្ញុំ តាំងពីជីដូនជីតាខ្ញុំមកប្រកបមុខរបរហ្នឹងជាយូរមកហើយ តែឥឡូវជួបប្រទះនឹងការលំបាក សូម្បីតែក្មេងៗក៏រកមិនបានហូបគ្រប់គ្រាន់ដែរ»។
ឆ្លើយតបរឿងនេះ អភិបាលរងខេត្តកំពត លោក ស៊ឹម វុទ្ធា បញ្ជាក់ថា អាជ្ញាធរខេត្តបានទទួលយកសំណើទាំងអស់របស់ប្រជានេសាទ ពីព្រោះវាជាកាតព្វកិច្ចរបស់អាជ្ញាធរដែលត្រូវដោះស្រាយបញ្ហាជូនពលរដ្ឋ។ លោកទទួលស្គាល់ថា ពិតជាមានជនជាតិវៀតណាម ចូលមកនេសាទខុសច្បាប់នៅដែនសមុទ្រខ្មែរមែន ប៉ុន្តែពួកគេគឺជាក្រុមជនខិលខូច មិនមែនគ្រប់អ្នកនេសាទជនជាតិវៀតណាម នោះទេ។ លោកស្នើឲ្យពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចពេលឃើញមានបទល្មើសនេសាទខុសច្បាប់៖ «កន្លងមក (អាជ្ញាធរ) មិនដែលមានគោលនយោបាយ ឬគោលការណ៍ណាមួយដែលយើងឲ្យពួកបរទេសមកនេសាទនៅដែនដីយើងទេ ពីព្រោះវាជាកាតព្វកិច្ចដែលត្រូវតែការពារធនធានធម្មជាតិ និងអធិបតេយ្យភាពរបស់ប្រទេសជាតិយើង ប៉ុន្តែបញ្ហាសំខាន់នៅត្រង់ថា យើងធ្វើដោយស្របច្បាប់ទាំងច្បាប់អន្តរជាតិ និងច្បាប់របស់ប្រទេសនីមួយៗ»។
អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) ប្រចាំខេត្តកំពត លោក អ៊ុប សុវណ្ណចាន់ថន ដែលបានតាមដានការតវ៉ារបស់ពលរដ្ឋ ស្នើឲ្យអាជ្ញាធរដោះស្រាយបញ្ហាបទល្មើសនេសាទនេះឲ្យមានប្រសិទ្ធភាព ដើម្បីថែរក្សាធនធានជលផលសមុទ្រសម្រាប់ពលរដ្ឋកម្ពុជា៖ «កន្លងមកក៏ខ្ញុំធ្លាប់ឮបងប្អូនប្រជាពលរដ្ឋគាត់ត្អូញត្អែរដែរពាក់ព័ន្ធនឹងបទល្មើសនេសាទ មានទូកនេសាទជនជាតិវៀតណាម គាត់នេសាទដោយខុសច្បាប់ មានតាំងពីប្រើប្រាស់ឧបករណ៍ឆក់ ឬក៏ចូលមកដែនសមុទ្ររបស់ខ្មែរហ្នឹង គឺសំណូមពរឲ្យទប់ស្កាត់ និងចរចាជាមួយភាគីវៀតណាម ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទាំងអ្នកនេសាទវៀតណាម និងកម្ពុជា យើងហ្នឹង អាចនេសាទបានដូចគ្នា»។
ទាក់ទងនឹងការនេសាទខុសច្បាប់នេះដែរ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី ដែលទើបបានចុះសិក្សាដោយផ្ទាល់នៅតាមបណ្ដាកោះនៅខេត្តកំពត រកឃើញថា មានជនជាតិវៀតណាម ជាច្រើនបានធ្វើសកម្មភាពនេសាទទាំងយប់ទាំងថ្ងៃយ៉ាងអនាធិបតេយ្យ ហើយពួកគេបានបង់លុយឲ្យអាជ្ញាធរខ្មែរជាថ្នូរនឹងការបានចូលនេសាទក្នុងដែនទឹកកម្ពុជា៖ «អាជ្ញាធរខ្មែរហាក់ដូចជាកាន់ជើងវៀតណាម ខ្លាំងមែនទែន ទោះជានេសាទបែបណាក៏ដោយ គឺគាត់គាំទ្រ ហើយគាត់អត់ទទួលស្គាល់ទេ ពេលដែលខ្ញុំជួបសម្ភាសផ្ទាល់ហ្នឹង គាត់ថាគ្មានទូកវៀតណាម ណាគេមកនេសាទនៅសមុទ្រខ្មែរទេ ប៉ុន្តែនៅពេលដែលយើងចុះជាក់ស្តែង យើងឃើញមានជនជាតិយួន ចូលមកនេសាទក្នុងដីខ្មែរតែម្តង។ ពេលដែលខ្ញុំជិះទូក ខ្ញុំឃើញជាក់ស្តែងតែម្តង គឺប្រើឧបករណ៍ឆក់ក្នុងដែនសមុទ្រខ្មែរយើង»។
ប្រជានេសាទនៅសង្កាត់ត្រើយកោះ អះអាងថា បទល្មើសនេសាទសមុទ្រនៅភូមិសាស្ត្រខេត្តកំពត កើតមានកាន់តែខ្លាំងរយៈពេលជាង ១០ឆ្នាំកន្លងទៅនេះ ហើយជាញឹកញាប់ ក្រុមអ្នកនេសាទជនជាតិវៀតណាម ដែលមានមូលដ្ឋាននៅកោះត្រល់ តែងចូលមកនេសាទយ៉ាងជ្រៅក្នុងដែនទឹកកម្ពុជា ហើយតែងប៉ះទង្គិចជាមួយពួកគាត់។ ការប៉ះទង្គិចនេះ ភាគច្រើនប្រជានេសាទខ្មែរជាអ្នករងគ្រោះធ្ងន់ធ្ងរជាង ដោយសារក្រុមជនជាតិវៀតណាម មានទូកធំជាង និងមានឧបករណ៍ច្រើនជាង។
ជាក់ស្តែង កាលពីចុងខែកក្កដា ឆ្នាំ២០១៥ កន្លងទៅ បុរសម្នាក់ឈ្មោះ ឌុល អៃយ៉ូប ដែលជាកម្មករទូកនេសាទនៅសង្កាត់ត្រើយកោះ ក្រុងកំពត ត្រូវបានអ្នកនេសាទជនជាតិវៀតណាម សម្លាប់ រួចបោះសពចោលទៅក្នុងទឹកសមុទ្រ។ មកទល់នឹងពេលនេះ អាជ្ញាធរមិនទាន់វែកមុខចាប់ជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់នៅឡើយ៕