ក្រុមពលរដ្ឋលើកឡើងស្រដៀងៗគ្នាថា មានអ្នកនៅពីក្រោយខ្នងនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី និងយល់ថា ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ គ្រាន់តែជាឃាតកសិប្បនិមិត្តប៉ុណ្ណោះ។ ការលើកឡើងរបស់ក្រុមពលរដ្ឋបែបនេះ ដំណាលគ្នានឹងតុលាការក្រុងភ្នំពេញបើកសវនាការជំនុំជម្រះករណីឃាតកម្មបណ្ឌិត កែម ឡី នៅថ្ងៃទី១ ខែមីនា ដោយបញ្ជូន អឿត អាង មកសួរដេញដោលនៅក្នុងបន្ទប់សវនាការ។
ទោះបីជាមានការសារភាពដោយផ្ទាល់មាត់ពីជនជាប់ចោទឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នៅក្នុងបន្ទប់សវនាការថា ខ្លួនជាអ្នកបាញ់សម្លាប់លោក កែម ឡី ក្តី ប៉ុន្តែពលរដ្ឋមិនជឿលើចម្លើយសារភាពនេះទេ។ ពួកគេថែមទាំងចោទជាសំណួរថា តើ ជួប សម្លាប់ តែម្នាក់ឯងអាចធ្វើដំណើរតាំងពីប្រទេសថៃ មកសម្លាប់លោក កែម ឡី នៅប្រទេសកម្ពុជា បានដែរឬទេ?
ពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ លោកស្រី សូ វណ្ណា ឈរនៅមុខតុលាការតាំងពីម៉ោង ៧ព្រឹក ឲ្យអាស៊ីសេរីដឹងថា លោកស្រីយល់ថាករណីឃាតកម្មលើបណ្ឌិត កែម ឡី មិនមែនមានឃាតកតែម្នាក់ដូចដែលប៉ូលិសក្រុងភ្នំពេញចាប់ឈ្មោះ ជួប សម្លាប់ នោះទេ។ លោកស្រីដាក់ការសង្ស័យថា មានអ្នកនៅពីក្រោយខ្នងដែលជាបក្សពួករបស់ឃាតក ហើយជាមនុស្សមានអំណាចនៅក្នុងសង្គម៖ «មិនមែនស្នាដៃតែម្នាក់ឯងទេ នៅមានអ្នកបញ្ជានៅពីក្រោយ។ បើសិនតុលាការកាត់ទោសថា ជួប សម្លាប់ ហ្នឹងជាឃាតកមែន បានន័យថា តុលាការអយុត្តិធម៌»។
ចំណែកពលរដ្ឋមួយរូបទៀត លោកស្រី អ៊ី គឹមសួ រស់នៅរាជធានីភ្នំពេញដែរនោះនិយាយថា ជួប សម្លាប់ គ្មានលទ្ធភាពមានលុយទិញកាំភ្លើង និងមានលទ្ធភាពមានលុយឲ្យលោក កែម ឡី ខ្ចីរហូតទៅដល់ ៣ពាន់ដុល្លារនោះទេ។ លោកស្រីយល់ថា ការបាញ់សម្លាប់លោក កែម ឡី ជាការរៀបចំ៖ «ខ្ញុំយល់ថា គាត់អត់មានហ៊ានបញ្ចេញការពិតទេ ខ្ញុំជឿថា គេរៀបចំទុកជាស្រេចហើយ អ្នករៀបចំមិនមែនជាអ្នកតូច»។
នៅក្រៅរបងតុលាការថ្ងៃទី១ ខែមីនា ដែលជាថ្ងៃជំនុំជម្រះក្តីករណីឃាតកម្មលោកបណ្ឌិត កែម ឡី មានពលរដ្ឋនៅភ្នំពេញ និងមកពីបណ្ដាខេត្តប្រមាណ ៣០នាក់មកឃ្លាំមើលដំណើរការក្តីនេះ។ ក្រៅពីនេះ ក៏មានអ្នកកាសែតជាតិ និងអន្តរជាតិយ៉ាងហោចណាស់ ២០ស្ថាប័ន តាមផ្ដិតយកព្រឹត្តិការណ៍នេះដែរ។ សំណុំរឿងនេះដែរ ក៏ទទួលបានបានការចាប់អារម្មណ៍ពីស្ថានទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា។
អ្នកនាំពាក្យស្ថានទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា ថ្លែងប្រាប់អាស៊ីសេរីតាមអ៊ីមែល (Email) នៅថ្ងៃទី១ មីនា ថា «រដ្ឋាភិបាលអូស្ត្រាលី ចូលរួមចែករំលែកការព្រួយបារម្ភជាមួយអ្នកផ្សេងជាច្រើនទៀត ចំពោះការស្លាប់របស់បណ្ឌិត កែម ឡី។ អ្នកនយោបាយអូស្ត្រាលី ជាច្រើនបានស្គាល់បណ្ឌិត កែម ឡី យ៉ាងច្បាស់ និងសហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលី ផងដែរ។ ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា ស្នើជារឿយៗដល់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់កម្ពុជា ដែលយើងបានជួប ឲ្យបើកការស៊ើបអង្កេតបានឆាប់រហ័ស និងដោយយកចិត្តទុកដាក់។ ក្នុងសេចក្តីថ្លែងការណ៍រួមកាលពីខែកញ្ញា ឆ្នាំ២០១៦ ប្រទេសអូស្ត្រាលី ក៏បានចូលរួមជាមួយប្រទេសចំនួន ៣២ ផ្សេងទៀត ដែលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សក្នុងការអំពាវនាវឲ្យមានការស៊ើបអង្កេតពេញលេញ និងតម្លាភាពលើការសម្លាប់បណ្ឌិត កែម ឡី។ ស្ថានទូតអូស្ត្រាលី នឹងឃ្លាំមើលដំណើរការកាត់ក្តីសំណុំរឿងបណ្ឌិត កែម ឡី នេះ»។
តុលាការក្រុងភ្នំពេញ ប្រើរយៈពេលជាង ៥ម៉ោងសួរដេញដោល ជួប សម្លាប់ ដែលសវនាការនេះដឹកនាំដោយចៅក្រមជំនុំជម្រះ និងជាអនុប្រធានតុលាការក្រុងភ្នំពេញ លោក លាង សំណាត់ និងតំណាងអយ្យការ លោក លី សុផាណា។ ជនជាប់ចោទមានមេធាវីការពារក្ដីតាមផ្លូវច្បាប់ គឺលោក យុង ផានិត ជាមេធាវីផ្តល់ដោយគណៈមេធាវី ប៉ុន្តែគ្មានការចូលរួមពីគ្រួសាររបស់លោក កែម ឡី និងមេធាវីការពារក្តីទេ។
ទាក់ទងចម្ងល់របស់មហាជនដែលចង់ឃើញវីដេអូបាញ់សម្លាប់លោក កែម ឡី ក៏ត្រូវបានចាក់បញ្ចាំងដោយសង្ខេបនៅក្នុងបន្ទប់សវនាការដែរ ប៉ុន្តែរងការរិះគន់ពីអ្នកចូលរួមមើលនៅក្នុងសវនាការនោះថា មើលមុខឃាតកមិនច្បាស់ ដែលពិបាកសន្និដ្ឋានថាឃាតកនោះជា ជួប សម្លាប់។
នៅថ្ងៃដដែលនេះដែរ សារព័ត៌មានឈ្មោះ ហ្វ្រេសញូវ (Fresh News) ដែលស្និទ្ធជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះវីដេអូដែលអះអាងថា ជាសកម្មភាពបាញ់សម្លាប់លោក កែម ឡី។
ប្រធានផ្នែកអង្កេតនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងប្រាប់ក្រុមអ្នកកាសែតក្រោយស្តាប់ការជំនុំជម្រះថា លោកពិបាកនឹងជឿចម្លើយសារភាពរបស់ ជួប សម្លាប់ ណាស់។ រីឯការបង្ហាញរូបនៃអង្គចងចាំ ឬហៅថាម៉េម៉ូរីនៃសកម្មភាពបាញ់នោះ លោក អំ សំអាត ថាការបង្ហាញសកម្មភាពដើរចូល ទាញកាំភ្លើង រត់ចេញ និងរត់តាមផ្លូវមិនគ្រប់គ្រាន់ទេ ដោយទទូចចង់ឃើញសកម្មភាពបាញ់ប្រហារតែម្តង ទើបលោកអស់ចិត្ត៖ «ទីមួយ លោក ជួប សម្លាប់ ថា លោកបណ្ឌិត កែម ឡី យកលុយគាត់បីពាន់ដុល្លារ ហើយសួរទៅគាត់ថា ស្គាល់មួយភ្លែតពេលប្រគល់លុយ។ តើយើងអាចជឿបានទេ មនុស្សមិនដែលស្គាល់គ្នាសោះ ម្នាក់នៅកម្ពុជា ម្នាក់នៅថៃ ហ៊ានឲ្យលុយខ្ចីបីពាន់ដុល្លារ? ទី២ តើដូចលោកបណ្ឌិត កែម ឡី គាត់ខ្វះទេ បីពាន់ដុល្លារ?»។
ផ្ទុយពីការលើកឡើងរបស់លោក អំ សំអាត ព្រះរាជអាជ្ញាកាន់សំណុំរឿងនេះ និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ឆ្លើយនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មានតាមបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម (Telegram) យ៉ាងដូច្នេះថា «សវនាការបានបង្ហាញឲ្យឃើញរួចហើយនូវសកម្មភាពរបស់ជនជាប់ចោទ ដែលត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាពរបស់ស្ថានីយប្រេងកាល់តិច»។
លោកបញ្ជាក់ទៀតថា ភស្តុតាងនេះបានចាប់យកពីកន្លែងកើតហេតុផ្ទាល់ និងមានលក្ខណៈវិទ្យាសាស្ត្រពិត ហើយការវិភាគ និងវាយតម្លៃលើភស្តុតាង ត្រូវធ្វើឡើងតាមបែបបច្ចេកទេសវិទ្យាសាស្ត្រ។
ផ្ទុយពីការអះអាងរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ពលរដ្ឋម្នាក់មកពីខេត្តកណ្ដាល លោក ឡុង ប៉េងលី យល់ថា ករណីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ក៏មិនខុសគ្នាទៅនឹងករណីឃាតកម្មអតីតប្រធានសហជីពសេរីកម្មករ គឺលោក ជា វិជ្ជា ដែរ។ លោកយល់ថា ឃាតកពិតតែងតែរួចខ្លួនរហូត។ ពលរដ្ឋរូបនេះទាមទារឲ្យតុលាការ ឬសមត្ថកិច្ច បង្ហាញសកម្មភាពវីដេអូដែលឃាតកបាញ់សម្លាប់លោក កែម ឡី។ ជាងនេះទៀត លោកថាសវនាការថ្ងៃនេះគ្រាន់តែជាឆាកល្ខោនប៉ុណ្ណោះ៖ «នេះមិនមែនជាឃាតកពិត គេភូតកុហកប្រជាពលរដ្ឋ ប៉ុន្តែមិនបាច់បោកប្រាស់ពលរដ្ឋទេ ពលរដ្ឋគេដឹង យល់ដឹងអស់ហើយ»។
លោក កែម ឡី អ្នកវិភាគនយោបាយដ៏ល្បី ត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងហាងលក់ទំនិញស្តារម៉ាត (Star Mart) នៃស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex) បូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ។ ភ្លាមៗនោះ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ ចេញមុខអះអាងនៅក្នុងសន្និសីទសារព័ត៌មានថា ក្រុមសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យឈ្មោះ ជួប សម្លាប់ ដោយដេញប្រផាប់ចាប់ប្រភីង។ ប៉ុន្តែក្រោយមក អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និយាយថា លោកមិនជឿថា ជនជាប់ចោទដែលសមត្ថកិច្ចចាប់បាននោះឈ្មោះ ជួប សម្លាប់ ហើយក្រោយទៀត គេឃើញតុលាការបានបញ្ចេញឈ្មោះ ជួប សម្លាប់ នោះថាមានឈ្មោះពិត គឺ អឿត អាង មានអាយុ ៣៨ឆ្នាំ៕