Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

កម្ពុជា​និង​ប្រទេស​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិក​រួម​គ្នា​អភិវឌ្ឍ​លើ​កុមារ​ឱ្យ​មាន​ចិរភាព​នៅ​ឆ្នាំ​២០៣០

$
0
0

ក្រុម​បណ្ដាញ​ការងារ​សម្រាប់​អភិវឌ្ឍន៍​កុមារ ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក មើល​ឃើញ​ថា បច្ចុប្បន្ន​កុមារ​ជា​ច្រើន​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​នា​តំបន់​ដាច់ស្រយាល កុមារ​ជនជាតិ​ភាគតិច និង​កុមារ​ពិការ​ជា​ដើម ពុំ​ទាន់​មាន​ការ​យកចិត្តទុកដាក់​ឱ្យ​បាន​គ្រប់គ្រាន់​ទៅ​លើ​សមភាព​នៃ​ការ​ចូល​រៀន ព្រមទាំង​ស្ថានភាព​សេដ្ឋកិច្ច​នៅ​ឡើយ​ទេ។

ដោយសារតែ​មើល​ឃើញ​បញ្ហា​ប្រឈម​នឹង​កុមារ​ជា​ច្រើន​នោះ ក្រុម​បណ្ដាញ​អភិវឌ្ឍន៍​កុមារ​អន្តរជាតិ កំពុង​រិះរក​វិធានការ​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កុមារ​ប្រកប​ដោយ​សមធម៌ សម្រាប់​ទិស​ដៅ​ឆ្នាំ​២០៣០ ដើម្បី​ឱ្យ​ធានា​ថា កុមារ​តូចៗ​ទាំង​អស់​នឹង​មាន​ឱកាស​ទទួល​បាន​ការ​អភិវឌ្ឍ ការ​គាំពារ​ប្រកប​ដោយ​គុណភាព និង​ការ​បាន​ចូល​សាលារៀន​ស្មើៗ​គ្នា។

ប្រតិភូ​ជាន់​ខ្ពស់​ផ្នែក​អប់រំ​ចំនួន​ជាង ៥០០​នាក់ មក​ពី​បណ្ដា​ប្រទេស​ចំនួន​៣៦ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក បាន​ចូលរួម​សន្និសីទ​ថ្នាក់​តំបន់​ជាមួយ​គ្នា​ដើម្បី​បង្កើត​ចេញ​នូវ​គោល​គំនិត​ល្អៗ សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​ទៅ​លើ​កុមារ​តូចៗ ក្នុង​វិស័យ​អប់រំ។

សន្និសីទ​ថ្នាក់​តំបន់​ដែល​មាន​ក្រសួង​អប់រំ​យុវជន និង​កីឡា នៃ​ប្រទេស​កម្ពុជា ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឯ​ខេត្ត​សៀមរាប នោះ គឺ​ក្រោម​ប្រធានបទ "ថាមពល​នៃ​ការ​អភិវឌ្ឍ​កុមារ​តូច​ដែល​ផ្លាស់ប្ដូរ​បាន​ដោយ​ត្រូវ​តែ​មាន​ការ​ចូលរួម​អន្តរាគមន៍​គ្រប់​ជ្រុងជ្រោយ"។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា គឺ​លោក​បណ្ឌិត ហង់ ជួនណារ៉ុន។ លោក​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​ក្រោយ​ពេល​បើក​សន្និសីទ​នោះ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១ ខែ​មីនា ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា មាន​កុមារ​ចំនួន​ជាង ២​លាន​នាក់ ហើយ​ក្នុង​ចំណោម​កុមារ​ទាំង​នោះ គឺ ៩៨% បាន​ចូលរៀន​នៅ​ក្នុង​សាលាបឋមសិក្សា។ ក្រៅ​ពី​កុមារ​ដែល​រៀន​នៅ​បឋមសិក្សា គឺ​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ប្រឹងប្រែង​បង្កើត​សាលា​មត្តេយ្យ​រដ្ឋ សាលា​មត្តេយ្យ​សហគមន៍ ព្រម​ទាំង​សហការ​ជាមួយ​នឹង​អង្គការ​ជា​ដៃគូ និង​វិស័យ​ឯកជន ដើម្បី​ឱ្យ​កុមារ​អាយុ​ចាប់​ពី ៣​ឆ្នាំ រហូត​ទៅ​ដល់ ៥​ឆ្នាំ ចំនួន​ជាង ៣​សែន ៥​ម៉ឺន​នាក់​ទៀត​បាន​ចូលរៀន​ក្នុង​រូបភាព​ផ្សេងៗ​ពី​គ្នា។

លោក ហង់ ជួនណារ៉ុន បញ្ជាក់​ថា រយៈពេល ១៧​ឆ្នាំ​មក​នេះ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ប្រឹងប្រែង​ពន្យល់​ឪពុក​ម្ដាយ​កុមារ​ឱ្យ​បញ្ជូន​កូន​ទៅ​សាលា​មត្តេយ្យ​បាន​គ្រប់គ្នា ហើយ​លទ្ធផល​នៃ​កិច្ច​ប្រឹងប្រែង​គឺ​ឃើញ​ថា ចំនួន​ក្មេង​ដែល​ចូល​រៀន​ថ្នាក់​មត្តេយ្យ​បាន​កើន​រហូត​ទៅ​ដល់​ជាង ២​សែន​នាក់​ក្នុង​ឆ្នាំ​២០១៧៖ «ទី​៣ គឺ​ការ​បង្រៀន​តាម​ខ្នង​ផ្ទះ ដូចជា​តំបន់​ដាច់ស្រយាល​នៅ​តាម​តំបន់​ទឹក​លិច​អី មាន​អង្គការ​ផ្សេងៗ ដូចជា Save the Children អី​គាត់​ជួយ​ទៅ​បង្រៀន​តាម​ខ្នង​ផ្ទះ»

រដ្ឋាភិបាល​កម្ពុជា ឱ្យ​ដឹង​ថា ការ​អភិវឌ្ឍ​កុមារ​តូចៗ មិន​មែន​ជា​កិច្ចការ​ថ្មី​សម្រាប់​កម្ពុជា ទេ គឺ​កម្ពុជា​បាន​យក​ចិត្ត​ទុក​ដាក់ ព្រម​ទាំង​ដាក់​ឱ្យ​អនុវត្ត​លើ​កិច្ចការ​អភិវឌ្ឍ​កុមារ​តាំង​តែ​ពី​ក្រោយ​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ មក​ម្ល៉េះ។

ប្រមុខ​រាជរដ្ឋាភិបាល លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​នៅ​ក្នុង​ពេល​ថ្លែង​បើក​សន្និសីទ​ថ្នាក់​តំបន់​នោះ​ថា បច្ចុប្បន្ន​កិច្ច​គាំពារ​កុមារ ក៏​ត្រូវ​បាន​ចែង​នៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ក្នុង​ច្បាប់​ស្ដីពី​ការ​អប់រំ អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ​ដែល​កម្ពុជា ជា​ប្រទេស​ហត្ថលេខី ព្រម​ទាំង​កំណត់​ច្បាស់លាស់​ក្នុង​គោលនយោបាយ និង​ផែនការ​សកម្មភាព​ស្ដីពី​ការ​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច​ដែរ៖ «ព្រមទាំង​ពង្រីក​សេវា​អប់រំ​កុមារ​តូច តាម​គ្រប់​រូបភាព។ ការ​គាំពារ​កុមារ និង​ទារក តាម​រយៈ​កម្មវិធី​បង្ការ ការពារ និង​កាត់​បន្ថយ​ជំងឺ​ទារក និង​កុមារ​ផង»

អ្នក​ជំនាញ​អន្តរជាតិ​ផ្នែក​កុមារ យល់​ឃើញ​ថា កុមារ​គឺ​មាន​សារសំខាន់​យ៉ាង​ខ្លាំង​សម្រាប់​ប្រទេស​ក្នុង​ពេល​អនាគត។

នាយក​អង្គការ​យូនីសេហ្វ (UNICEF) ប្រចាំ​តំបន់​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វិក លោកស្រី ខារីន ហ៊ុលសប (Karin Hulshop) ថ្លែង​ថា អនាគត​កុមារ និង​និរន្តរភាព​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​គឺ​ពឹង​ផ្អែក​កាន់​តែ​ច្រើន​ឡើង​ទៅ​លើ​ការ​វិនិយោគ​លើ​កុមារ​ដោយ​ជួយ​ពង្រឹង​សុខភាព​បញ្ញា​ស្មារតី​របស់​ពួកគេ ៤-​៥​ឆ្នាំ ដំបូង​នៃ​ជីវិត។ ការ​វិនិយោគ​លើ​កុមារ​គឺ​ជា​ទង្វើ​ត្រឹមត្រូវ និង​ឆ្លាតវៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles