អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង ឲ្យអាស៊ីសេរីដឹងថា សេចក្ដីស្នើច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រូវបានបញ្ជូនទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ ហើយនៅថ្ងៃទី១ មីនា បន្ទាប់ពីព្រឹទ្ធសភាអនុម័ត ក្នុងកិច្ចប្រជុំវិសាមញ្ញ កាលពីថ្ងៃទី២៨ កុម្ភៈ ដោយមិនមានការចូលរួមរបស់បក្សប្រឆាំង។
សេចក្ដីស្នើកែប្រែច្បាប់នេះ ត្រូវបានសមាជិកព្រឹទ្ធសភា និងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា អនុម័ត ដោយគ្មានការចូលរួមពីភាគីគណបក្សប្រឆាំងឡើយ បើទោះជាច្បាប់នេះបានរងការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិថា ជាច្បាប់ សំដៅរឹតបន្តឹងគណបក្សប្រឆាំងក្តី។
ការកែប្រែច្បាប់គណបក្សនយោបាយនេះ ធ្វើឡើងតាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីរារាំងមិនឲ្យប្រធានបក្សប្រឆាំងចូលរួមដឹកនាំការប្រកួតប្រជែង និង ឈានដល់ការរំលាយគណបក្ស បើមេបក្សមានទោសជាដើម៕