គណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ សម្រេចទទួលយកសំណើបេក្ខភាពមេដឹកនាំក្បាលម៉ាស៊ីនបក្ស ដោយជ្រើសរើសលោក កឹម សុខា ជាប្រធានគណបក្ស និងអនុប្រធានគណបក្សចំនួន ៣រូប គឺលោក ប៉ុល ហំម លោក អេង ឆៃអ៊ាង និងអ្នកស្រី មូរ សុខហួរ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី១ ខែមីនា ថា គណៈកម្មាធិការនាយករបស់គណបក្សសង្គ្រោះជាតិ បានសម្រេចជាឯកច្ឆន្ទនៅថ្ងៃទី១ ខែមីនា តាមសំណើរបស់គណៈកម្មាធិការអចិន្ត្រៃយ៍បក្ស ក្រោយពីប្រធានគណបក្សគឺលោក សម រង្សី បានលាលែងពីដំណែង ក្រោមមូលហេតុផ្ទាល់ខ្លួន។
ទោះជាយ៉ាងណាក្ដី ការលាលែងដំណែងរបស់លោក សម រង្ស៊ី និងការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់បក្សនេះ ត្រូវបានគេមើលឃើញថា ដើម្បីការពារគណបក្សរបស់ខ្លួន ពីការរំលាយ និងការតម្រូវតាមច្បាប់ស្ដីពីគណបក្សនយោបាយថ្មី ដែលស្នើវិសោធនកម្មដោយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា។
នៅថ្ងៃទី២ ខែមីនា គណបក្សសង្គ្រោះជាតិ និងធ្វើសមាជវិសាមញ្ញរបស់ខ្លួន ដើម្បីអនុម័តបេក្ខភាពទាំង៤រូបនោះ៕