Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ថា​នៅ​តែ​បន្ត​អភិវឌ្ឍ​ផ្លូវ​ក្រវាត់​ព្រំដែន​ទោះ​បី​វៀតណាម​មិន​ទាន់​ឯកភាព

$
0
0

សកម្មភាព​ឈូស​ឆាយ​អភិវឌ្ឍ​ផ្លូវ​តាម​ខ្សែ​ក្រវាត់​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ខេត្ត​មណ្ឌលគិរី នៅ​តែ​បន្ត​ធ្វើ បើ​ទោះ​បី​ជា​ភាគី​វៀតណាម មិន​ទាន់​ឯកភាព​ឲ្យ​ឈូស​ឆាយ​យ៉ាង​ណា​ក្តី។ អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ខែ​មីនា ថា ការ​ឈូស​ឆាយ​ផ្លូវ​តាម​ខ្សែ​ក្រវាត់​ព្រំដែន​ជួប​បញ្ហា​ខ្លះ​នៅ​តំបន់​ឋិត​ក្នុង​ការ​ប្រទាញប្រទង់​គ្នា មិន​ទាន់​ឯកភាព​បោះ​បង្គោល​ព្រំដែន​នៅ​ឡើយ ដូច្នេះ​អាជ្ញាធរ​ខេត្ត​កំពុង​សម្របសម្រួល​ជាមួយ​ភាគី​វៀតណាម ដើម្បី​ឈូស​ឆាយ​ផ្លូវ​ឲ្យ​បាន​សម្រេច​តាម​ការ​កំណត់។

រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ផែនការ​ឈូស​ឆាយ​ផ្លូវ​តាម​ខ្សែ​ក្រវាត់​ព្រំដែន​កម្ពុជា-វៀតណាម ឲ្យ​បាន​រួច​រាល់​សម្រាប់​រយៈពេល ១០០​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៧។ ដោយឡែក​នៅ​ខេត្ត​មណ្ឌលគិរី អាជ្ញាធរ​មិន​មាន​មន្ត្រី​ពាក់ព័ន្ធ​បញ្ជាក់​តួលេខ​ច្បាស់លាស់​ពី​លទ្ធផល​នៃ​ការ​ឈូស​ឆាយ​ផ្លូវ​នេះ​នៅ​ឡើយ រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​១ ខែ​មីនា។

នាយក​រដ្ឋបាល​សាលា​ខេត្ត​មណ្ឌលគិរី លោក ហៀក សុផាន បញ្ជាក់​ថា ជា​គោលការណ៍ កង​វិស្វកម្ម​នៃ​កង​យោធពល​ខេមរភូមិន្ទ គ្រោង​ឈូស​ឆាយ​បី​មុខ​សញ្ញា ពោល​គឺ​ឈូស​ឆាយ​ពី​តំបន់​ព្រំដែន​ស្រុក​កែវសីមា មក​ទល់​នឹង​ស្រុក​អូររាំង ពី​ស្រុក​អូររាំង មក​ទល់​នឹង​ស្រុក​ពេជ្រាដា និង​ពី​ស្រុក​ពេជ្រាដា មក​ទល់​នឹង​ស្រុក​កោះញែក មាន​ប្រវែង​ជាង ២៨៦​គីឡូម៉ែត្រ។ លោក​បន្ត​ថា មាន​ចំណុច​មួយ​ចំនួន ជាពិសេស​តំបន់​ខ្សែ​ក្រវាត់​មិន​ទាន់​ឯកភាព​គ្នា​វាស់វែង គឺ​ភាគី​វៀតណាម មិន​ទាន់​ឯកភាព​ឲ្យ​ឈូស៖ «មិន​ឃើញ​បាតុភាព​ស្អី​គ្រាន់​តែ​ចំណុច​ខ្លះ​យើង​ចាប់​ផ្ដើម​ទៅ ខាង​គាត់​ឲ្យ​ផ្អាក​សិន។ អ៊ីចឹង​យើង​ឈូស​កន្លែង​ណា​ឈូស​បាន យើង​ធ្វើ​អា​ហ្នឹង។ កន្លែង​ណា​សម្របសម្រួល​យើង​សម្របសម្រួល»

សេចក្តី​រាយការណ៍​របស់​អាជ្ញាធរ​ស្រុក​អូររាំង និង​ស្រុក​កែវសីមា ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ការ​ឈូស​ឆាយ​នៅ​តាម​ខ្សែ​ក្រវាត់​ព្រំដែន​ពី​បង្គោល​លេខ​៥០ ដល់​បង្គោល​លេខ​៥៥ បាន​ចម្ងាយ​ជាង ៣០​គីឡូម៉ែត្រ។ ដោយឡែក​ការ​ឈូស​ឆាយ​តាម​ខ្សែ​ក្រវាត់​ព្រំដែន​ស្រុក​កែវសីមា បាន​រួច​រាល់​ហើយ ក៏ប៉ុន្តែ​អាជ្ញាធរ​ស្រុក​មិន​បញ្ជាក់​ពី​ប្រវែង​ផ្លូវ​ដែល​បាន​ឈូស​ឆាយ​នោះ​ទេ។

មន្ត្រី​ស្រុក​អូររាំង សុំ​មិន​បញ្ចេញ​ឈ្មោះ បញ្ជាក់​ថា ចាប់​ពី​បង្គោល​លេខ​៥៥ ជា​តំបន់​ប្រទាញប្រទង់​គ្នា។ ហេតុ​នេះ ក្រុម​ឈូស​ឆាយ​បាន​បង្វែរ​ទិសដៅ​ទៅ​ឈូស​ពី​បង្គោល​ព្រំដែន​លេខ​៥០ ស្រុក​ពេជ្រាដា ទៅ​បង្គោល​ព្រំដែន​លេខ​៤១ ក្នុង​ស្រុក​កោះញែក ជាប់​នឹង​ខេត្ត​រតនគិរី។ លោក​បន្ត​ថា ក្រុម​អាជ្ញាធរ​ខេត្ត​កំពុង​សម្របសម្រួល​ជាមួយ​ភាគី​វៀតណាម ដើម្បី​រក​លទ្ធភាព​ឈូស​ឆាយ​ផ្លូវ​តាម​ខ្សែ​ក្រវាត់​ព្រំដែន​ឲ្យ​រួច​រាល់​តាម​ដែល​អាច​ធ្វើ​បាន៖ «ដល់​ច្រក​ទ្វារ​បណ្តោយ​ព្រំដែន​ហ្នឹង ព្រំប្រទល់​ផែនទី​វា​គូរ​ចេញ​ចូលៗ​តាម​បណ្តោយ​អូរ វា​ចង់​ឲ្យ​យើង​ឈូស​ខាង​នេះ​អូរ​ទាំងអស់»

តំបន់​ព្រំដែន​ខេត្ត​មណ្ឌលគិរី ជាពិសេស​តំបន់​ច្រក​ទ្វារ​អន្តរជាតិ​ដាក់ដាំ ក្នុង​ស្រុក​អូររាំង គឺ​ជា​តំបន់​មាន​ជម្លោះ ភាគី​កម្ពុជា-វៀតណាម មិន​ទាន់​ឯកភាព​គ្នា​បោះ​បង្គោល​នៅ​ឡើយ។ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦ គណៈកម្មការ​ជាតិ​កិច្ចការ​ព្រំដែន​ទាំង​ពីរ បាន​ឯកភាព​គ្នា​ធ្វើ​លិខិត​រួម​គ្នា​មួយ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ចុះ​ហត្ថលេខា​សុំ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​បារាំង ផ្តល់​អ្នក​ជំនាញ​ពង្រីក​ផែនទី​ថ្មី និង​វាស់វែង​តំបន់​មាន​ជម្លោះ​នោះ​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles