Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

បវរកញ្ញា​ពិភពលោក​ផ្សព្វផ្សាយ​អប់រំ​អំពី​បញ្ហា​អនាម័យ​និង​បរិស្ថាន​នៅ​ខេត្ត​ព្រះសីហនុ

$
0
0

បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៦ ចំនួន ៦​រូប ទៅ​​ទស្សនា​ខេត្ត​ព្រះសីហនុ ដើម្បី​ជួយ​ផ្សព្វផ្សាយ​អប់រំ​ដល់​សាធារណជន​ឲ្យ​ចូលរួម​ថែរក្សា​សំអាត​​បរិស្ថាន​នៅ​តាម​ទី​សាធារណៈ ឬ​តាម​តំបន់​ឆ្នេរ​សមុទ្រ​ឲ្យ​បាន​ទាំង​អស់​គ្នា​ដើម្បី​ថែរក្សា​សុខភាព និង​លើក​កិត្តិយស​ប្រទេស​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ។

​ទស្សនកិច្ច​របស់​បវរកញ្ញា​ពិភពលោក​ដ៏​កម្រ​មក​កម្ពុជា ឱកាស​នេះ ទទួល​បាន​ការ​ស្វាគមន៍​ពី​ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្ត​នេះ ពិសេស​សិស្សានុសិស្ស​រៀន​នៅ​វិទ្យាល័យ​ក្រុង​ព្រះសីហនុ ច្រើន​កុះករ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​មីនា។

សំឡេង​ទះដៃ​ហ៊ោកញ្ជ្រៀវ​លាយឡំ​សំណើច​សើច​ក្អាកក្អាយ​ជាប់​មិន​ដាច់​របស់​សិស្សានុសិស្ស​វិទ្យាល័យ​ក្រុង​ព្រះសីហនុ បាន​លាន់ឮ​កងរំពង​ដើម្បី​ស្វាគមន៍​ការ​អញ្ជើញ​មក​ដល់​របស់​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៦ ចំនួន ៦​រូប។

មុន​ធ្វើ​ដំណើរ​មក​ដល់​វិទ្យាល័យ​ក្រុង​ព្រះសីហនុ កំពូល​ស្រី​ស្អាត​លំដាប់​ពិភពលោក​ទាំង ៦​នាក់ បាន​ដើរ​រើស​សំរាម​សម្អាត​អនាម័យ​បរិស្ថាន​ឆ្នេរ​សមុទ្រ​នៃ​ឆ្នេរ​ឯករាជ្យ ឬ​ហៅ​ថា ឆ្នេរ​សណ្ឋាគារ ៧​ជាន់ ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​តំណាង​យុវជន​មូលដ្ឋាន​ខេត្ត​នេះ។ កំពូល​ស្រី​ស្អាត​ទាំង​នោះ​បាន​យក​ឱកាស​នេះ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ពិសេស​ប្រតិបត្តិករ​ទេសចរណ៍ និង​ភ្ញៀវទេសចរ ដែល​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ត្រូវ​ចូល​រួម​សហការ​សម្អាត​អនាម័យ​បរិស្ថាន​ឆ្នេរ​ឲ្យ​បាន​ស្អាត​ដើម្បី​ថែរក្សា​សុខភាព និង​លើក​មុខ​មាត់​ប្រទេស​កម្ពុជា ក៏​ដូចជា​លើក​កិត្តិយស​ខេត្ត​ព្រះសីហនុ។

នៅ​ចំពោះ​មុខ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង​ក្រុម​អ្នក​សារព័ត៌មាន​នា​សាល​ប្រជុំ​របស់​សាលា​វិទ្យាល័យ​ក្រុង​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​មីនា បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៦ ទាំង ៦​រូប​បាន​អំពាវនាវ​ដល់​ក្រុម​យុវជន ពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ត្រូវ​រួមគ្នា​សម្អាត​បរិស្ថាន​ឲ្យ​មាន​អនាម័យ ទោះ​នៅ​តាម​ផ្ទះ តាម​ទីប្រជុំជន​នានា តាម​ផ្លូវ​សាធារណៈ និង​នៅ​តាម​តំបន់​ឆ្នេរ​ជាដើម​ឲ្យ​បាន​ទាំង​អស់​គ្នា និង​គ្រប់​ពេល​វេលា។

ដំណើរ​មក​ដល់​របស់​បវរកញ្ញា​ពិភពលោក​ទាំង ៦​រូប មក​កាន់​ក្រុង​ទេសចរណ៍ មិន​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ប្រកាស​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ជា​សាធារណៈ​ជា​មុន​ឡើយ។ លោក សាមុត សុធារិទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ ផ្ដល់​ឲ្យ​ដឹង​ថា វត្តមាន​របស់​បវរកញ្ញា​ពិភពលោក​មក​កាន់​ខេត្ត​ព្រះសីហនុ ក្នុង​ឱកាស​នេះ សម្របសម្រួល​ដោយ​ថ្នាក់ដឹកនាំ​ក្រសួង​បរិស្ថាន។

លោក សាមុត សុធារិទ្ធ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ពិសេស​ប្រជាពលរដ្ឋ ឬ​ប្រតិបត្តិករ និង​យុវជន​ខេត្ត​ព្រះសីហនុ ត្រូវ​រួម​គ្នា​ថែរក្សា​បរិស្ថាន និង​សំអាត​អនាម័យ​ទាំង​នៅ​តាម​ទី​សាធារណៈ និង​តាម​តំបន់​ឆ្នេរ​នានា​ទាំង​លើ​ដី​គោក និង​បរិស្ថាន​ឆ្នេរ​លើ​ដី​កោះ ឲ្យ​បាន​ទាំង​អស់​គ្នា ដើម្បី​រួមចំណែក​ជាមួយ​រដ្ឋបាល​ខេត្ត​នេះ ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ​ឲ្យ​ចូល​មក​ទស្សនា​មូលដ្ឋាន​នេះ​បាន​ច្រើន​ថែម​ទៀត​នៅ​ថ្ងៃ​អនាគត៖ «សូម​បង​ប្អូន​ប្រជាពលរដ្ឋ អាជីវករ​ទាំង​អស់ ចូល​រួម​ថែរក្សា ជា​ពិសេស​ទឹក​សមុទ្រ​យើង​តែម្ដង ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​ការ​បំពុល​បរិស្ថាន​នៅ​តាម​តំបន់​ឆ្នេរ ក៏​ដូចជា​បន្ត​ហូរ​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ ធ្វើ​ឲ្យ​បាត់បង់​នូវ​គុណភាព​ទឹក។ ពេល​នេះ​ហើយ​ភ្ញៀវ​ទេសចរ ប្រជាពលរដ្ឋ​របស់​យើង​ក៏​រក​របរ​ទទួល​ទាន​ពុំ​មាន​ដែរ។ ដូច្នេះ​សូម​ចូលរួម​សម្អាត និង​ថែរក្សា​បរិស្ថាន​អនាម័យ​ឆ្នេរ ជាមួយ​មន្ត្រី​ជំនាញ​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ទាំង​អស់​គ្នា»

ចំណែក​នាយក​សាលា​វិទ្យាល័យ​ក្រុង​ព្រះសីហនុ លោក ខូវ វុឌ្ធី បង្ហាញ​ការ​រីករាយ និង​ស្វាគមន៍​កំពូល​ស្ត្រី​មាន​សម្រស់​ល្អ​ឯក​លំដាប់​ពិភពលោក​ទាំង ៦​រូប​ដែល​បាន​អញ្ជើញ​មក​ជួយ​ផ្សព្វផ្សាយ​ការងារ​ថែរក្សា​សំអាត​បរិស្ថាន​ដល់​ប្រទេស​កម្ពុជា និង​បាន​ជ្រើស​យក​វិទ្យាល័យ​ក្រុង​ព្រះសីហនុ ដើម្បី​ផ្សព្វផ្សាយ​អប់រំ​អំពី​សារសំខាន់​នៃ​ការ​រួមគ្នា​សម្អាត​អនាម័យ​បរិស្ថាន​នៅ​តាម​ទី​សាធារណៈ៖ «កាល​ណា​បរិស្ថាន​ស្អាត គឺ​វិស័យ​គ្រប់​យ៉ាង​ក៏​បាន​ប្រសើរ​ទៅ​តាម​នោះ​ដែរ ជាពិសេស​វិស័យ​ទេសចរ នឹង​កើន​ឡើង​ទៅ​តាម​នោះ​ដែរ។ អ៊ីចឹង​ដើម្បី​ឲ្យ​បាន​បរិស្ថាន​ស្អាត​ទាំង​នៅ​លើ​តំបន់​ឆ្នេរ ក៏​ដូចជា​តំបន់​កោះ នៅ​តាម​ទីក្រុង និង​តាម​ផ្លូវ​ទី​សាធារណៈ គឺ​សំណូមពរ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក៏​ដូចជា​មន្ទីរ​ក្រសួង​ពាក់ព័ន្ធ​នានា ត្រូវ​ជួយ​ផ្សព្វផ្សាយ​ការងារ ថែរក្សា​សម្អាត​អនាម័យ​នេះ ឲ្យ​បាន​ច្រើន យក​ល្អ​ឲ្យ​មាន​ការ​ដាក់​ពិន័យ​ខ្លះ​ទៅ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ងាក​មក​ចូលរួម​សម្អាត​បរិស្ថាន​ឲ្យ​បាន​ទាំង​អស់​គ្នា»

ស្រដៀង​គ្នា​ដែរ សិស្សានុសិស្ស​រៀន​នៅ​វិទ្យាល័យ​ក្រុង​ព្រះសីហនុ បាន​បង្ហាញ​ការ​យល់​ដឹង​អំពី​ផលប្រយោជន៍​នៃ​ការ​សម្អាត​បរិស្ថាន និង​ការ​អនាម័យ​ទាំង​នៅ​ទី​សាធារណៈ និង​នៅ​តាម​លំនៅឋាន​នីមួយៗ ថា​បាន​ផ្ដល់​សេចក្ដី​ថ្លៃថ្នូរ​ដល់​ការ​រស់​នៅ​សម្រាប់​មនុស្ស​ម្នាក់ៗ។

យុវតី​ឈ្មោះ ឆុន ណារីន រៀន​ថ្នាក់​ទី​១២.អេហ្វ នៃ​វិទ្យាល័យ​ក្រុងព្រះសីហនុ ស្នើ​ឲ្យ​ពលរដ្ឋ​ជួយ​សំអាត​បរិស្ថាន​ខ្មែរ​ទូទៅ ពិសេស​ភ្ញៀវទេសចរ​ដែល​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ចូលរួម​សម្អាត​បរិស្ថាន​នៅ​តាម​ឆ្នេរ​សមុទ្រ ដោយ​ត្រូវ​វេច​ខ្ចប់​កាកសំណល់​សល់​ពី​ការ​ទទួល​ទាន​ឲ្យ​បាន​ត្រឹមត្រូវ និង​យក​ទៅ​ទុក​នៅ​ក្នុង​ធុងសំរាម ឬ​ទីកន្លែង​ទុក​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ។ យុវតី​រូប​នេះ​បង្ហាញ​ការ​តាំង​ចិត្ត​ទៅ​លើ​ការ​ថែរក្សា​អនាម័យ​បរិស្ថាន ថា​អាច​ជួយ​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ បាន​ច្រើន​នា​បណ្ដា​ឆ្នាំ​ខាង​មុខ និង​អាច​ជួយ​ការពារ​សុខភាព​មនុស្ស​ម្នាក់ៗ ឲ្យ​ជៀស​ផុត​ពី​ជំងឺ​ផ្សេងៗ៖ «នាង​ខ្ញុំ​សូម​ផ្តាំ​ផ្ញើ​ទៅ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ក៏​ដូចជា​ភ្ញៀវ​ទាំង​អស់ ត្រូវ​ជួយ​ថែរក្សា​បរិស្ថាន​នៅ​តាម​ទី​សាធារណៈ និង​នៅ​តាម​ឆ្នេរ​សមុទ្រ​ឲ្យ​បាន​ទាំង​អស់​គ្នា ជា​ពិសេស​បរិស្ថាន​នៅ​តាម​ឆ្នេរ​សមុទ្រ​ដែល​បាន​ជាប់​ជា​ឆ្នេរ​ស្រស់​ស្អាត​នៅ​លើ​ពិភពលោក។ ដូច្នេះ​យើង​ត្រូវ​រួម​គ្នា​ថែរក្សា​បរិស្ថាន​ឆ្នេរ​សមុទ្រ​ប្រទេស​កម្ពុជា យើង​ឲ្យ​បាន​ល្អ ក៏​ដូចជា​ជួយ​ថែរក្សា​ឆ្នេរ​សមុទ្រ​របស់​ពិភពលោក​ដែរ»

​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៦ ទាំង ៦​រូប បាន​អញ្ជើញ​មក​ដល់​ខេត្ត​ព្រះសីហនុ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ។ លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ឲ្យ​ដឹង​ថា នៅ​ក្នុង​ចំណោម​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៦ ទាំង ៦​រូប ដែល​បង្ហាញ​វត្ត​មាន​នៅ​ខេត្ត​ព្រះសីហនុ ហើយ​បាន​ដើរ​រើស​សំរាម​សម្អាត​បរិស្ថាន​នៅ​តាម​ឆ្នេរ​ឯករាជ្យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​មីនា ក៏​មាន​បវរកញ្ញា​ខ្មែរ-អាមេរិកាំង​ម្នាក់​ដែរ នៅ​ក្នុង​ចំណោម​បវរកញ្ញា​ពិភពលោក​ទាំង ៦​នាក់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles