Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ក្រសួង​កសិកម្ម​នឹង​ជួយ​ឈូស​ពង្រាប​ដី​កសិកម្ម​ជូន​កសិករ​ក្រីក្រ​នៅ​ខេត្ត​កំពង់ឆ្នាំង

$
0
0

មន្ត្រី​ជំនាញ​ការិយាល័យ​គ្រឿងយន្ត​កសិកម្ម នៃ​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង កំណត់​យក​ផ្ទៃដី​កសិកម្ម​របស់​កសិករ​ក្រីក្រ ឬ​អ្នក​ខ្វះ​កម្លាំង​ភ្ជួរ​រាស់​នៅ​ឃុំ​ប្រស្និប ស្រុក​រលាប្អៀរ ចំនួន ៤៥​ហិកតារ ដើម្បី​ពង្រាប​ដី​ធ្វើ​ស្រែ​ឲ្យ​ទទួល​បាន​ទិន្នផល​ខ្ពស់។ កសិករ និង​អាជ្ញាធរ​មូលដ្ឋាន ស្វាគមន៍​ចំពោះ​វិធានការ​ចុះ​ពង្រាប​ដី​ស្រែ​កសិកម្ម​របស់​កសិករ​សម្រាប់​ឆ្នាំ​២០១៧ នេះ។

នាយកដ្ឋាន​វិស្វកម្ម និង​កសិកម្ម​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹង​បញ្ជូន​គ្រឿងចក្រ​ចំនួន​បី​គ្រឿង​ទៅ​ដល់​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២ ខែ​មីនា ហើយ​អាច​ពង្រាប​ដី​ជូន​កសិករ​ភ្លាមៗ បើ​ពុំ​មាន​អ្វី​កែប្រែ​ពី​អាជ្ញាធរ​មូលដ្ឋាន ឬ​កសិករ​នោះ​ទេ។ ដី​ស្រែ​មិន​រាប​ស្មើ​របស់​កសិករ​ដែល​មាន​ជីវភាព​ក្រីក្រ ស្ត្រី​មេម៉ាយ និង​ជន​ពិការ ត្រូវ​បាន​អាជ្ញាធរ​កំណត់​ជា​គោលដៅ​អាទិភាព ឬ​ត្រូវ​ធ្វើ​ជូន​មុន​គេ។

ប្រធាន​ការិយាល័យ​គ្រឿងយន្ត​កសិកម្ម នៃ​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង លោក គង់ រស់ ឲ្យ​ដឹង​ថា ការ​ធ្វើ​ស្រែ​លើ​ផ្ទៃដី​រាប​ស្មើ គឺ​កាត់​បន្ថយ​ការ​បញ្ចូល​ទឹក​ក្នុង​ស្រែ ប្រើប្រាស់​ជី​គីមី និង​ទទួល​បាន​ទិន្នផល​ស្រូវ​ខ្ពស់។ លោក​ថ្លែង​ថា ក្រោយ​ពី​ក្រុម​ការងារ​ក្រសួង​ចុះ​ភ្ជួរ និង​កៀរ​ដី​ពង្រាប ហើយ​កសិករ​អនុវត្ត​ការ​ស្ទូង​ស្រូវ​ត្រឹមត្រូវ នោះ​ទិន្នផល​អាច​កើន​ពី ១​តោន ៨០០​គីឡូក្រាម ទៅ ៤​តោន ៩០០​គីឡូក្រាម​ក្នុង ១​ហិកតារ៖ «ការ​បង្កើន​ទិន្នផល​នេះ ខ្ញុំ​សូម​បញ្ជាក់​ថា សំខាន់​ទៅ​លើ​ការ​ភ្ជួរ​រាស់​ទៀត។ អ៊ីចឹង​បើ​និយាយ​កម្រិត​បច្ចេកទេស​ការ​ភ្ជួរ​រាស់ គេ​ឲ្យ​យើង​ធ្វើ​រយៈពេល​បី​ដង។ ខាង​ខ្ញុំ​ឲ្យ​អាជ្ញាធរ​ឃុំ​ផ្ដល់​មន្ត្រី​ម្នាក់​ដើម្បី​ចុះ​ទៅ​ពិនិត្យ​មើល​ទីតាំង គឺ​ពិនិត្យ​ដល់​ដី​ស្រែ​កសិករ​ផ្ទាល់​តែ​ម្ដង ហើយ​ការ​ចុះ​ពិនិត្យ​ហ្នឹង​មិន​មែន​យើង​ធ្វើ​តែ​ជាមួយ​អាជ្ញាធរ​ឃុំ​ទេ គឺ​មាន​កសិករ​ចូលរួម​ទៅ​តាម​ផ្ទៃដី​របស់​គាត់»

លោក​រំឭក​ថា គម្រោង​ចុះ​ពង្រាប​ដី​ស្រែ​ជូន​កសិករ​ដោយ​ឥត​គិត​ថ្លៃ បាន​អនុវត្ត​តាំង​ពី​ឆ្នាំ​២០១៥ មក។ ចំពោះ​ខេត្ត​កំពង់ឆ្នាំង រយៈពេល​ពីរ​ឆ្នាំ​កន្លង​ទៅ ក្រុម​ការងារ​ធ្វើ​បាន​ដី​ចំនួន ៧០​ហិកតារ​នៅ​ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ហើយ​នៅ​ឆ្នាំ​២០១៧ នេះ នឹង​កំណត់​ធ្វើ​ឲ្យ​បាន​ដី ៤៥​ហិកតារ នៅ​ឃុំ​ប្រស្និប ស្រុក​រលាប្អៀរ ព្រោះ​ស្ថានភាព​ដី​ស្រែ​កសិកម្ម​ក្នុង​ឃុំ​នេះ​ស្ទើរ​ទាំងអស់ មាន​លក្ខណៈ​មិន​រាប​ស្មើ។

ចំណែក​មេ​ឃុំ​ប្រស្និប ស្រុក​រលាប្អៀរ អ្នកស្រី ខៀវ សុភឿន ថា​អ្នកស្រី​មិន​ទាន់​ដឹង​ព័ត៌មាន​នេះ​ទេ តែ​បើ​គេ​ចុះ​ជួយ​ដូច្នោះ​មែន កសិករ​ក្នុង​ឃុំ​របស់​អ្នកស្រី​ដែល​មាន​ដី​ស្រែ​មិន​រាប​ស្មើ នឹង​ត្រេកអរ។ អ្នកស្រី​មិន​ប្រាប់​ចំនួន​ភូមិ​ក្នុង​ឃុំ​របស់​អ្នកស្រី​ថា​មាន​ប៉ុន្មាន ហើយ​ផ្ទៃដី​កសិកម្ម​មាន​ប៉ុន្មាន​នោះ​ទេ ដោយ​ប្រើ​សម្ដី​បែប​គំរោះគំរើយ មុន​នឹង​ចុច​ផ្ដាច់​ទូរស័ព្ទ​ថា​ធ្វើ​វិទ្យុ​អាស៊ី មិន​ដឹង​ភូមិ​ក្នុង​ឃុំ​មាន​ប៉ុន្មាន៖ «ចង់​និយាយ​ថា គេ​ជួយ​ដោយ​ស្មោះ អា​ហ្នឹង​វា​អត់​បញ្ហា​ទេ ប៉ុន្តែ​ក្រែងលោ​អ្នក​ផ្ដល់​ព័ត៌មាន​អត់​ច្បាស់ ព្រោះ​គម្រោង​ទាំងឡាយ​ដែល​ចូល​មក​ហើយ គេ​មក​ពាក់ព័ន្ធ​ជាមួយ​ឃុំ​ហើយ ដល់​ពេល​អត់​អ៊ីចឹង ខ្ញុំ​មិន​ថា​យ៉ាង​ម៉េច​ទេ ហើយ​អា​ហ្នឹង​ចាត់​ទុក​ថា​ដំណឹង​បឋម​ទៅ។ អ៊ឺស! ម៉េច​ធ្វើ​វិទ្យុ​អត់​ដឹង​ថា​ប៉ុន្មាន​ភូមិ​ប៉ុន្មាន​ឃុំ​ចុះ

មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង ថា​គម្រោង​ចុះ​ពង្រាប​ដី​ស្រែ​កសិករ​របស់​នាយដ្ឋាន​វិស្វកម្ម និង​កសិកម្ម​របស់​ក្រសួង​កសិកម្ម នេះ បាន​អនុវត្ត​តាំង​ពី​ឆ្នាំ​២០១៥។ ខេត្ត​គោលដៅ​មាន​៥ រួម​មាន​ខេត្ត​កំពង់ឆ្នាំង តាកែវ ស្វាយរៀង កំពង់ធំ និង​ខេត្ត​បាត់ដំបង។ ខេត្ត​ទាំងនេះ​តែងតែ​ធ្វើ​ស្រែ​មិន​បាន​ផល​គ្រប់​គោលការណ៍​របស់​ក្រសួង ដោយ​លើក​ហេតុផល​ថា ផ្ទៃដី​កសិកម្ម​មិន​រាប​ស្មើ​លំបាក​ធ្វើ​ស្រែ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles