Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ឯកអគ្គរដ្ឋទូត​អាមេរិក​ផ្តល់​យោបល់​ពី​ការ​ជ្រើសរើស​មុខវិជ្ជា​សិក្សា​នៅ​អាមេរិក

$
0
0

ស្ថានទូត​សហរដ្ឋ​អាមេរិក និង​ការិយាល័យ​សម្រាប់​ការ​សិក្សា​អប់រំ​នៅ​សហរដ្ឋ​អាមេរិក (Education USA) នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ ក្នុង​រាជធានី​ភ្នំពេញ រៀបចំ​ពិព័រណ៍​ការ​សិក្សា​អប់រំ​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​ផ្តល់​ព័ត៌មាន និង​ប្រឹក្សា​យោបល់​ពី​ការ​សិក្សា​នៅ​ទីនោះ ដល់​សិស្ស​និស្សិត​កម្ពុជា។

ពិព័រណ៍​នេះ​មាន​ស្ថាប័ន​អប់រំ​មក​ពី​សហរដ្ឋ​អាមេរិក ចំនួន​២០ និង​សិស្ស​និស្សិត សាធារណជន​កម្ពុជា ប្រមាណ ១.០០០​នាក់​ចូលរួម។

កម្មវិធី​ពិព័រណ៍​នេះ រៀបចំ​ដោយ​មាន​ការ​ចែក​រំលែក​ព័ត៌មាន និង​ឯកសារ​ដោយ​តំណាង​សាលា​ផ្ទាល់។ ព័ត៌មាន​ទាំងនោះ​មាន​ដូចជា កម្មវិធី​សិក្សា​នៅ​ថ្នាក់​ឧត្តម​សិក្សា លក្ខខណ្ឌ​ទាមទារ​ក្នុង​ការ​ចុះ​ឈ្មោះ​ចូល​រៀន និង​ឱកាស​អាហារូបករណ៍​នៅ​សហរដ្ឋ​អាមេរិក។

អ្នក​ចូលរួម​ដើរ​ជា​ក្រុមៗ​សួរ​ព័ត៌មាន ដើម្បី​ស្វែង​យល់​ពី​សាលា និង​មុខ​ជំនាញ​ដែល​ខ្លួន​ចង់​បន្ត​ការ​សិក្សា។

ក្នុង​ចំណោម​នោះ កញ្ញា កុយ វួចឡេង កំពុង​ស្តាប់​ការ​ពន្យល់​របស់​តំណាង​សាលា​ជាមួយ​បង​ស្រី​របស់​នាង។ វួចឡេង ជា​និស្សិត​ផ្នែក​ច្បាប់​ឆ្នាំ​ទី​១។ នាង​ចង់​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក ផ្នែក​ច្បាប់​ទៀត៖ «ល្អ​ពិព័រណ៍​ថ្ងៃ​ហ្នឹង។ ស្គាល់​សាលា ដឹង​ពី​ព័ត៌មាន​ច្រើន។ យើង​មាន​ជម្រើស​ច្រើន​ជ្រើសរើស​អាហារូបករណ៍។ បើ​បាន​ទៅ​រៀន​នៅ​ហ្នឹង ចាត់​ទុក​ថា​វា​ជា​ស្វែង​យល់​ថ្មី​មួយ»

នេះ​ជា​ឆ្នាំ​ទី​បី​នៃ​ពិព័រណ៍​ស្ដីពី​ការ​អប់រំ​នៅ​សហរដ្ឋ​អាមេរិក។ កាល​ពី​ឆ្នាំ​២០១៦ សាលា​មក​ពី​សហរដ្ឋ​អាមេរិក ចំនួន​១៦ បាន​ចូលរួម។

ទីប្រឹក្សា​នៃ​ការិយាល័យ​សម្រាប់​ការ​សិក្សា​អប់រំ​នៅ​សហរដ្ឋ​អាមេរិក អ្នក​នាង ម៉ៅ កុលាប ថ្លែង​ថា ពិព័រណ៍​នេះ​ជា​ឱកាស​ផ្សារភ្ជាប់​រវាង​សាលា​នៅ​សហរដ្ឋ​អាមេរិក និង​សិស្ស​និស្សិត​កម្ពុជា៖ «គឺ​យើង​ចង់​ផ្សារភ្ជាប់​សាកលវិទ្យាល័យ​នៅ​សហរដ្ឋ​អាមេរិក ជាមួយ​នឹង​សិស្ស​និស្សិត​ខ្មែរ ពីព្រោះ​សិស្ស​និស្សិត​យើង​យល់​ថា សហរដ្ឋ​អាមេរិក នៅ​ឆ្ងាយ មិន​យល់​ច្បាស់។ ចឹង​យើង​នាំ​តំណាង​សាកលវិទ្យាល័យ​សហរដ្ឋ​អាមេរិក មក​ទីនេះ ដើម្បី​និយាយ​ផ្ទាល់​ជាមួយ​នឹងកូន​សិស្ស​ខ្មែរ​យើង​តែ​ម្តង»

លោក វីល្លៀម ហៃដ្ដ (William Heidt) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា ផ្តល់​យោបល់​ថា សិស្ស​និស្សិត​កម្ពុជា គួរ​ពិចារណា​ជ្រើសរើស​មុខវិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ក្នុង​ការ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក ខណៈ​ជំនាញ​ផ្នែក​នេះ​កំពុង​ត្រូវការ​សម្រាប់​ការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា។

របាយការណ៍ Open Doors Report ២០១៦ បង្ហាញ​ថា នៅ​ឆ្នាំ​សិក្សា​២០១៥-២០១៦ មាន​និស្សិត​កម្ពុជា ចំនួន ៤៩៩​នាក់ សិក្សា​នៅ​សហរដ្ឋ​អាមេរិក។ ចំនួន​នេះ​កើន​ឡើង ១,៤​ភាគរយ ធៀប​នឹង​ឆ្នាំ​សិក្សា​២០១៤-២០១៥ ដែល​មាន​ចំនួន ៤៩២​នាក់។

របាយការណ៍​ដាច់​ដោយឡែក​មួយ​ទៀត​របស់​អង្គការ​យូណេស្កូ (UNESCO) ដែល​បាន​បោះពុម្ព​ផ្សាយ​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៦ រក​ឃើញ​ថា មាន​និស្សិត​កម្ពុជា ចំនួន ៤.២២១​នាក់ កំពុង​សិក្សា​នៅ​ក្រៅ​ប្រទេស។ ប្រទេស​ពេញ​និយម​ជាង​គេ​ដែល​និស្សិត​កម្ពុជា ទៅ​សិក្សា មាន​ដូចជា ប្រទេស​ថៃ (Thailand) អូស្ត្រាលី (Australia) វៀតណាម (Vietnam) បារាំង (France) សហរដ្ឋ​អាមេរិក (The United States) អារ៉ាប់ប៊ីសាអូឌីត (Saudi Arabia) ជប៉ុន (Japan) កូរ៉េ​ខាង​ត្បូង (South Korea) ណូវែលហ្សេឡង់ដ៍ (New Zealand) និង​ចក្រភព​អង់គ្លេស (the United Kingdom)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles