យុវជនមួយចំនួនបានលើកឡើងអំពីបញ្ហាប្រឈមរបស់ខ្លួនក្នុងការឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។ ទន្ទឹមគ្នានេះ យុវជនក៏ស្នើឲ្យគណបក្សនយោបាយនីមួយៗ គួរតែរៀបចំគោលនយោបាយសម្រាប់លើកទឹកចិត្ត និងគិតគូរដល់ផលប្រយោជន៍យុវជន។
ការលើកឡើងអំពីបញ្ហាប្រឈម និងការផ្ដល់អនុសាសន៍ពីក្រុមយុវជនទៅដល់គណបក្សនយោបាយនេះ ធ្វើឡើងនៅក្នុងកិច្ចសន្ទនាយុវជនស្ដីពី “ការប្រឈមនិងដំណោះស្រាយរបស់យុវជននៅក្នុងការឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧” ដែលរៀបចំឡើងនៅភោជនីយដ្ឋានទន្លេបាក់២ នៅថ្ងៃទី២៨ ខែកុម្ភៈ។
បុគ្គលិកអង្គការអប់រំយុវជនដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (YEDP) កញ្ញា កុប ច័ន្ទណាំ លើកឡើងថា បញ្ហាប្រឈមរបស់យុវជនមានដូចជាកង្វះការលើកទឹកចិត្តពីគ្រួសារ បញ្ហាជីវភាពជាដើម។ ទន្ទឹមគ្នានេះ គណបក្សនយោបាយខ្លះ មិនផ្តល់ឱកាសឲ្យយុវជនបានឈឈ្មោះជាបេក្ខជនក្រុមប្រឹក្សា ឃុំ-សង្កាត់ដោយគិតថា យុវជនមិនមានបទពិសោធន៍៖ «ខ្ញុំចង់ឲ្យគណបក្សនយោបាយទាំងអស់ មានគោលនយោបាយមួយលើកទឹកចិត្តយុវជនឲ្យឈរឈ្មោះដោយមិនចាំបាច់អោយយុវជនបង់លុយ ត្រូវមានបទពិសោធន៍នឹងការចូលរួមជាមួយគណបក្សច្រើន ប៉ុន្តែអ្វីដែលសំខាន់ឆន្ទៈយុវជនចង់ចូលរួម»។
និស្សិតផ្នែកទស្សនវិជ្ជានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រូបនេះ លើកឡើងបន្តថា មូលហេតុដែលចង់ឃើញយុវជនឈរឈ្មោះជាបេក្ខជនលំដាប់លេខរៀងខ្ពស់នោះ ព្រោះយុវជនមានសក្ដានុពលខ្លាំងក្នុងការអភិវឌ្ឍប្រទេស៖ «យុវជនមានសក្ដានុពលខ្លាំងក្នុងការអភិវឌ្ឍប្រទេស ដោយសារយុវជនមានកម្លាំងថាមពលទាំងប្រាជ្ញាស្មារតី និងកម្លាំងកាយរបស់គាត់ខ្លាំង ហើយចំណេះដឹងរបស់គាត់ជ្រៅជ្រះ ចំណែកយុវចាស់វិញ មិនថាម៉េចគាត់ទេ ប៉ុន្តែបទពិសោធន៍របស់គាត់គ្រាន់តែជាបទពិសោធន៍នៅក្នុងសហគមន៍របស់គាត់ប៉ុណ្ណោះ ប៉ុន្តែគាត់មិនសូវចេញមកប្រឡូកខាងក្រៅដូចយុវជនដែលគាត់ឆ្លងពីខេត្តមួយទៅខេត្តមួយ រហូតឆ្លងទៅប្រទេសផ្សេងទៀត អ៊ីចឹងបទពិសោធន៍របស់គាត់គឺអាចធ្វើបាន»។
នៅក្នុងកិច្ចសន្ទនាយុវជននេះ ក៏មានតំណាងគណបក្សនយោបាយចំនួន៣ គឺតំណាងគណបក្សសង្គ្រោះជាតិ តំណាងគណបក្សហ្វ៊ុនស៊ិនប៉ិច និងតំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP)។ រីឯតំណាងគណបក្សប្រជាជនកម្ពុជា ខកខានមិនបានចូលរួម។ តំណាងគណបក្សនយោបាយដែលចូលរួមនោះភាគច្រើនមិនសូវឆ្លើយចំប្រធានបទ ជាពិសេសពួកគេព្យាយាមវាយប្រហារពាក្យសម្ដីដាក់គ្នាទៀតផង។
តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក សយ ជីវ័ន្ត ដែលព្យាយាមឆ្លើយហូរហែអំពីប្រវត្តិគណបក្សរបស់ខ្លួននោះ លើកឡើងថា គណបក្ស LDP មិនខ្វល់រឿងបង្កើនគោលនយោបាយសម្រាប់យុវជននោះទេ គឺមានតែគោលនយោបាយជួយជាតិ។ ទោះយ៉ាងណា លោកបញ្ជាក់ថា ក្នុងរចនាសម្ព័ន្ធគណបក្ស LDP ភាគច្រើនគឺជាយុវជនប្រហែលជា ៧០ ទៅ ៨0ភាគរយ៖ «ការរៀបចំឃុំ-សង្កាត់ គឺគណបក្សមិនបានចាត់ចែងថា អ្នកណានៅលើក្រោមទេ ប៉ុន្តែពួកគាត់នៅតាមមូលដ្ឋាន គាត់អ្នករៀបចំខ្លួនឯងថា គាត់រៀបចំថា អ្នកនេះនៅលើ ថាអ្នកនេះនៅក្រោម ដោយគាត់យកស្តង់ដារនៃការអប់រំរបស់យើងដែលខ្ញុំនិយាយពីគោលសំខាន់ៗបីនោះ គឺគាត់ផ្អែកទៅលើភាពជាគំរូរបស់បុគ្គលហ្នឹង គាត់ផ្អែកទៅលើចំណេះដឹងបច្ចេកទេស និងការលះបង់ការចូលរួមរបស់បុគ្គលនៅក្នុងមូលដ្ឋាន ក៏ដូចជាក្នុងចលនារបស់យើងរុញច្រានទៅកាន់សុបិនរួមរបស់យើង»។
រីឯតំណាងគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ភាព ភាជន៍ លើកឡើងថា គណបក្សរបស់លោកមិនទាន់មានគោលនយោបាយសម្រាប់យុវជននោះទេ ប៉ុន្តែគណបក្សលោកផ្តល់ឱកាសជានិច្ចដល់យុវជន៖ «យើងអត់មានគោលនយោបាយទេ ប៉ុន្តែយើងរៀបចំបេក្ខជនយុវជនឲ្យបានច្រើនសម្រាប់ឈរឈ្មោះក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧នេះ។ ឥឡូវនេះ យើងអត់ទាន់មានទិន្នន័យច្បាស់លាស់ ប៉ុន្តែយើងប្រហែលជាបាន ៥០ភាគរយនៃយុវជនដែលគាត់ចូលរួមឈឈ្មោះជាមួយគណបក្ស»។
ចំពោះតំណាងគណបក្សសង្គ្រោះជាតិ លោក ជុំ ចាន់ដារិន លើកឡើងថា គណបក្សលោកលើកទឹកចិត្តឲ្យយុវជនឈឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយអាណត្តិនេះ មានយុវជនឈរឈ្មោះច្រើនជាងអាណត្តិមុន ប៉ុន្តែលោកមិនទាន់មានតួលេខច្បាស់លាស់នៅឡើយទេ៖ «បាទ! យើងព្យាយាមបញ្ចូលយុវជនច្រើន ហើយយើងព្យាយាមលើកទឹកចិត្តគាត់អោយចូលរួមជាមួយអ្នកធ្វើការចាស់ៗ មានន័យថា យើងអែបគ្នា អោយជួយគ្នាទៅវិញទៅមក»។
ការលើកឡើងរបស់តំណាងគណបក្សនយោបាយនេះ ត្រូវបានបុគ្គលិកមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP) យុវជន ហេង គីមហុង លើកឡើងថា គណបក្សនយោបាយទាំងអស់នៅតែមិនទាន់មានគោលនយោបាយណាមួយដើម្បីលើកទឹកចិត្តដល់យុវជននោះទេ៖ «អ្នកនយោបាយគួរតែបង្កើតគោលនយោបាយមួយឲ្យបានច្បាស់លាស់ ហើយផ្ដល់ឱកាសឲ្យយុវជនគ្រប់ជ្រុងជ្រោយដើម្បីចូលរួម»។
នាយកប្រតិបត្តិអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) លោក ជាង សុខា ថ្លែងថា ការជួបសន្ទនារវាងយុវជន និងអ្នកនយោបាយនេះ គឺជាសារដាស់ស្មារតីគណបក្សនយោបាយឲ្យគិតគូរឆ្លើយតបនៅតម្រូវការរបស់យុវជន៖ «យុវជនមិនត្រឹមតែដើរតួជាអ្នកគាំទ្រនយោបាយទេ ប៉ុន្តែយុវជនកំពុងតែទាមទារឲ្យទីតាំងមួយធ្វើការសម្រេចចិត្តផ្នែកគោលនយោបាយ។ ខ្ញុំឃើញថា មានការប្រែប្រួលខ្លះនៅក្នុងគណបក្សនយោបាយមួយៗ ប៉ុន្តែនៅតែខ្វះគោលនយោបាយជាលាយលក្ខណ៍អក្សរទេ»។
ឯកសារជំនួយស្មារតីទាក់ទងនឹងការបោះឆ្នោតរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) បញ្ជាក់ថា យុវជនគឺជាអ្នកដែលមានសក្ដានុពលក្នុងការធ្វើឱ្យសំឡេងឆ្នោតមានការប្រែប្រួល។ យុវជនត្រូវបង្ហាញដល់ថ្នាក់ដឹកនាំថា ខ្លួនមានឥទ្ធិពលទៅលើក្រុមមនុស្សដទៃទៀត ដូចជាមនុស្សជំទង់ ឬមនុស្សចាស់ ព្រោះខ្លួនគឺជាអ្នកមានចំណេះដឹង និងកម្លាំងកាយរឹងមាំ ហើយអាចធ្វើការអប់រំ និងជួយដល់មនុស្សដទៃទៀត។ ក៏ប៉ុន្តែកិច្ចការនេះអាចសម្រេចទៅបានលុះត្រាតែយុវជនមានសំឡេងរួមគ្នា។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ខាងមុខ។ យុវជនមានចំនួនជាង ៣០ភាគរយ ឬប្រមាណជាជាង ២លាននាក់ នៃអ្នកបានចុះឈ្មោះបោះឆ្នោតសរុបជាង ៧លាន ៨សែននាក់៕