Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​គ្រោង​ជួប​ព្រះសង្ឃ ហុក សាវណ្ណ ដើម្បី​សុំ​ឱវាទ​រឿង​វិវាទ​ផ្ទៃក្នុង

$
0
0

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុកថាច់ កំពុង​​រៀបចំ​គណៈកម្មាធិការ​ប្រតិបត្តិ​បណ្ដោះអាសន្ន​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​របស់​សហព័ន្ធ និង​បញ្ហា​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ក្នុង​ស្រុក។ ក្រុម​លោក​នឹង​គ្រោង​ជួប​ព្រះតេជព្រះគុណ ហុក សាវណ្ណ នៅ​ទីក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា នៅ​ក្រោយ​ចូល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដើម្បី​សុំ​ឱវាទ។

លោក ថាច់ ង៉ុកថាច់៖ «បងប្អូន​សមាជិក សមាជិកា ប្រធាន​តំបន់ ប្រធាន​សាខា រៀបចំ​ឲ្យ​បាន​ការ​ពិគ្រោះ​គ្នា​មួយ​រក​ដំណោះស្រាយ។ ខ្ញុំ​យល់​ព្រម​ជាមួយ​គាត់។ សាខា​សហព័ន្ធ​​នៅ​ក្រុង​ម៉ុងរ៉េអាល់ និង​បង​ប្អូន​ខ្មែរ​ចាស់​ទុំ​មួយ​ចំនួន ក៏​បាន​សុំ​ព្រះតេជព្រះគុណ បណ្ឌិត ហុក សាវណ្ណ ឲ្យ​លោក​ជួយ​សម្រួល​ការងារ​ហ្នឹង ហើយ​លោក​ពេញព្រះទ័យ​ សប្បាយ​ចិត្ត​នឹង​សម្រួល»

បញ្ហា​ដែលទាមទារ​ឲ្យ​មាន​​អន្តរាគមន៍ពី​ព្រះសង្ឃ ហុក សាវណ្ណ នេះ គឺ​សំដៅ​លើ​ការ​ខ្វែង​យោបល់​គ្នា​រឿង​ផ្ទៃក្នុង​របស់​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ការ​បន្ត​កាន់​តំណែង​អាណត្តិ​ទី​បី​របស់​លោក ថាច់ ង៉ុកថាច់។ លោក​បញ្ជាក់​ថា លោក​ត្រូវ​បាន​បោះឆ្នោត​ឲ្យ​ជាប់​ធ្វើ​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​អាណត្តិ​ទី​បី កាល​ពី​ចុង​ខែ​ឧសភា ឆ្នាំ​២០១៦​ កន្លង​ទៅ។ ប៉ុន្តែ​មាន​សមាជិក​មួយ​ចំនួន​មាន​ការ​ថ្នាំងថ្នាក់​នឹង​លទ្ធផល​នេះ៖ «យើង​នៅ​តែ​ប្រកាន់​គោលជំហរ​ដើម​របស់​សហព័ន្ធ​ថា សិទ្ធិ​សម្រេច​វាសនា​ដោយ​ខ្លួន​ឯង។ ការ​អ្វី​ក៏ដោយ គឺ​យើង​អនុវត្ត​ យើង​ធ្វើ​ទៅ​តាម​បំណង​បងប្អូន​ខ្មែរ​ក្រោម​ក្នុង​ស្រុក​ត្រូវ​ការ មិន​មែន​ធ្វើ​តាម​បំណង​អ្នក​នៅ​ក្រៅ​ស្រុក​ចង់​បាន​ទេ។ ចង់​បាន​ឲ្យ​អ្នក​នៅ​ក្នុង​ស្រុក​មាន​សិទ្ធិ មាន​សេរី មាន​ការ​គោរព​ពី​រដ្ឋាភិបាល​យួន និង​ឲ្យ​អង្គការ​អន្តរជាតិ​ ជាពិសេស​អង្គការ​សហប្រជាជាតិ​ ដឹង​ឮ​គាត់»

លោក ថាច់ ង៉ុកថាច់ លើក​ឡើង​ថា ការងារ​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នេះ ជា​ការងារ​ស្ម័គ្រចិត្ត ហើយ​លោក​ជាប់​ឆ្នោត​ដោយ​សំឡេង​សមាជិក​សមាជិកា​គាំទ្រ ដូច្នេះ​លោក​អំពាវនាវ​ឲ្យ​សមាជិក សមាជិកា​ទាំង​អស់​គោរព​គោលការណ៍​ប្រជាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles