លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានជាថ្មីថា ប្រសិនបើហ៊ានផ្លាស់ប្ដូររបបដឹកនាំរបស់លោកសព្វថ្ងៃនោះប្រទេសនឹងមានសង្គ្រាម។ លោកក៏បានជំរុញឱ្យកម្លាំងប្រដាប់អាវុធការពាររបបរបស់លោក ទោះជាត្រូវប្ដូរក្នុងតម្លៃណាក៏ដោយ។
ការថ្លែងរបស់លោក ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីសម្ពោធអគារសិក្សាវិទ្យាល័យ ហ៊ុន សែន បឹងកុក ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីថ្ងៃទី២៨ ខែកុម្ភៈ៖ «»។
នាយឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានប្រាប់សារព័ត៌មានក្នុងស្រុកថា យោធាត្រូវតែការពារសន្តិភាពរបស់ប្រទេស ហើយប្រឆាំងដាច់ខាតនូវបដិវត្តន៍ពណ៌ ទោះបីស្ថិតក្នុងរូបភាពណាក៏ដោយ។
នេះមិនមែនជាលើកទីមួយដែលលោក ហ៊ុន សែន តែងគំរាមអំពីអស្ថិរភាពសង្គម ប្រសិនបើលោកអស់ពីអំណាច។ ជារឿយៗ លោក ហ៊ុន សែន តែងប្រកាសបែបនេះនៅមុនការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជាតិម្ដងៗ។
កាលពីថ្ងៃច័ន្ទ ទី២៧ ខែកុម្ភៈ លោក ហ៊ុន សែន បានព្រមានកម្ទេចអ្នកណាដែលហ៊ានធ្វើបដិវត្តពណ៌ ឬចង់បំផ្លាញសន្តិភាពនៅកម្ពុជា ហើយថា មិនត្រូវយកបញ្ហាសិទ្ធិមនុស្សមកបង្កជាអសន្តិសុខនៅក្នុងប្រទេសនោះឡើយ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា បានប្រាប់អាស៊ីសេរី កាលពីថ្ងៃច័ន្ទថា លោកមិនឃើញថា មានចលនាណាមួយដែលនាំឲ្យកើតមានសង្គ្រាម ឬអស្ថិរភាពនៅក្នុងសង្គមនោះទេ។ ចំពោះការប្រកាសរបស់លោក ហ៊ុន សែន ពេលនេះ លោកយល់ថា អាចជាការគំរាមកំហែងច្រើន ជាង៕