រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន សម្ដែងក្តីបារម្ភចំពោះបញ្ហាឧបទ្វីបកូរ៉េ។ លោកបានបញ្ជាក់ថា ស្ថានភាពឧបទ្វីបកូរ៉េ កំពុងតែដុនដាបខ្លាំង ដោយកូរ៉េខាងជើង បានសាកល្បងបាញ់មីស៊ីល (Missile) រយៈឆ្ងាយ និងការសាកល្បងអាវុធនុយក្លេអ៊ែរ។
ខណៈភាគីអាមេរិក និងកូរ៉េខាងត្បូង ក៏បានដំឡើងប្រព័ន្ធការពារមីស៊ីល និងការកើនឡើងនូវវត្តមាននៃកងនាវាប្រយុទ្ធសហរដ្ឋអាមេរិក ក៏បានបង្កើតនូវភាពតានតឹងនៅក្នុងតំបន់។ សេចក្តីថ្លែងការណ៍លោក ប្រាក់ សុខុន ចេញកាលពីថ្ងៃសៅរ៍ ទី២៩ មេសា បានសរសេរថា បើទោះបីការរំពឹងថានឹងមានសង្គ្រាមទ្រង់ទ្រាយធំមិនអាចកើតមានក៏ដោយ ហេតុការណ៍នេះកំពុងបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព សន្តិសុខ និងស្ថិរភាព មិនត្រឹមតែនៅក្នុងឧបទ្វីបកូរ៉េ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល និងតំបន់អាស៊ានផងដែរ។
លោកបន្តថា កម្ពុជា អះអាងជាថ្មីនូវការគាំទ្ររបស់ខ្លួនសម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅក្នុងតំបន់។ កម្ពុជា ចង់ឃើញកូរ៉េខាងជើង គោរពតាមទាំងស្រុងនូវសេចក្តីសម្រេចពាក់ព័ន្ធផ្សេងៗរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងបោះបង់ការព្យាយាមបង្កើតអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ពាក់ព័ន្ធនឹងការវិវឌ្ឍន៍នៃសមុទ្រចិនខាងត្បូង លោក ប្រាក់ សុខុន បានអំពាវនាវឲ្យភាគីពាក់ព័ន្ធដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការពិគ្រោះយោបល់ និងការចរចាដើម្បីបង្កើនល្បឿនដំណើរការរៀបចំសេចក្តីព្រាងក្របខ័ណ្ឌក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) ដើម្បីដាក់ចេញនូវយន្តការមួយដ៏មានប្រសិទ្ធភាព និងរឹងមាំ ក្នុងការឆ្លើយតបទៅនឹងកម្លាំងប្រែប្រួលភូមិសាស្ត្រនយោបាយថ្មីនៅសមុទ្រចិនខាងត្បូង៕