Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គ.ជ.ប នឹង​បញ្ចប់​ការ​បោះពុម្ព​សន្លឹក​ឆ្នោត​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា

$
0
0

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) កំពុង​ពន្លឿន​ការ​បោះពុម្ព​សន្លឹក​ឆ្នោត​បម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ​នេះ។ តាម​គម្រោង គ..ប នឹង​បញ្ចប់​ការ​បោះពុម្ព​សន្លឹក​ឆ្នោត​ជា​ស្ថាពរ​គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែ​ឧសភា។ នៅ​ក្នុង​អាណត្តិ​នេះ គ..ប បាន​បោះពុម្ព​សន្លឹក​ឆ្នោត​ដើម្បី​បម្រុង​ទុក​លើស​ពី​ចំនួន​ពិត​ប្រាកដ​នៃ​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី។ អង្គការ​មិន​មែន​រដ្ឋាភិបាល ដាក់​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បោះពុម្ព​សន្លឹក​ឆ្នោត​លើស​នេះ អាច​បម្រើ​ក្នុង​ហេតុផល​អ្វី​ផ្សេង​ទៅ​វិញ។

មន្ត្រី​ទទួល​បន្ទុក​បោះពុម្ព​សន្លឹក​ឆ្នោត​នៃ គ..ប ឲ្យ​ដឹង​ថា ស្ថាប័ន​ជំនាញ​រៀបចំ​ការ​បោះឆ្នោត នឹង​បោះពុម្ព​សន្លឹក​ឆ្នោត​ឲ្យ​លើស​ចំនួន​អ្នក​ដែល​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី​បង្ការ​ខូចខាត ឬ​បាត់បង់​ដោយ​ហេតុផល​ណា​មួយ។

ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​រោងពុម្ព​ស្ថិត​ក្នុង​ខណ្ឌ​ទួលគោក អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ មេសា ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នេះ គ..ប បាន​បោះពុម្ព​សន្លឹក​ឆ្នោត​រហូត​ដល់​ជាង ៩​លាន ៤​សែន​សន្លឹក សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ក្នុង​អាណត្តិ​ទី​៤ នេះ។

លោក​បន្ត​ថា ការ​បោះពុម្ព​លើស​ចំនួន​អ្នក​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី​នេះ គឺ​ជា​ការ​ត្រៀម​ក្រែង​មាន​ការ​ដាច់​រហែក ឬ​មាន​ហេតុផល​ណា​ដទៃ​រំខាន​ក្រៅ​ពី​នេះ​ទៀត។ លោក​បន្ត​ថា «ចំនួន​បម្រុង​នៅ​គ្រប់​ការិយាល័យ ពីព្រោះ​យ៉ាង​ហោច​ណាស់​មួយ​ការិយាល័យ​មាន​មួយ​ក្បាល​ស្មើ ៥០ ឬ​លើស​ពី ៥០​សន្លឹក ដើម្បី​បម្រុង​ការ​ខ្វះខាត​ទាំងឡាយ។ ឧទាហរណ៍​ថា​អ្នក​បោះឆ្នោត​បាន​គូស​ហើយ គាត់​ប្ដូរ​ចិត្ត​អ៊ីចឹង គាត់​សុំ​ដូរ​សន្លឹក​ឆ្នោត​ហ្នឹង​វិញ»

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឲ្យ​ដឹង​ថា ចំនួន​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​ទំនើប​នេះ មាន​ចំនួន ៧.៨៦៤.៤២៩​នាក់។ ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ក្នុង​អាណត្តិ​ទី​៤ នេះ គ..ប នឹង​កំណត់​ឲ្យ​គណបក្ស​នយោបាយ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​រយៈពេល ១៤​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា និង​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា។

មន្ត្រី គ..ប ទទួល​បន្ទុក​រោងពុម្ព បាន​អះអាង​ពី​ភាព​សុក្រឹត និង​តម្លាភាព ជាពិសេស​គឺ​សុវត្ថិភាព​សន្លឹក​ឆ្នោត​សម្រាប់​អាណត្តិ​នេះ គឺ​មាន​ភាព​ជឿជាក់​ខ្ពស់​បំផុត​ពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត ឬ​ប្រើ​រូបភាព​ណា​មួយ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការ​បោះពុម្ព​សន្លឹក​ឆ្នោត​នេះ។

ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទទួល​បន្ទុក​បោះពុម្ព​សន្លឹក​ឆ្នោត លោក ហ៊ឺ រ៉ុង មាន​សុទិដ្ឋិនិយម​ថា កិច្ចការ​ដែល គ..ប បាន​សម្រេច​រួច​ហើយ​តាម​ផែនការ​ដែល​បាន​ដាក់​ចេញ​នេះ នឹង​ធានា​ពី​ភាព​ប្រាកដ​និយម បើ​ធៀប​នឹង​អាណត្តិ​មុនៗ។ លោក​បន្ត​ថា ប្រសិន​បើ​ស្ថាប័ន​ជំនាញ​រៀបចំ​ការ​បោះឆ្នោត​ពិនិត្យ​ទៅ​រក​ឃើញ​ថា​មាន​កំហុស​តាម​រយៈ​ការ​បោះពុម្ព​នេះ សន្លឹក​ឆ្នោត​នឹង​ត្រូវ​បំផ្លាញ​ចោល។ លោក​បន្ត​ថា «នៅ​ពេល​យើង​ចាប់​ត្រួត​ពិនិត្យ​ឃើញ​ខុស គឺ​យើង​ឲ្យ​គាត់​កម្ទេច​ចោល​ភ្លាម អត់​អាច​យក​មក​ទុក​បាន​ទេ ហើយ​អ៊ីចឹង​គាត់​ត្រូវ​តែ​បោះពុម្ព​សង​វិញ។ ឧបមា​ថា​ខូច​ប៉ុន្មាន​ក្បាល ខូច​ប៉ុន្មាន​ការិយាល័យ ឬ​ខូច​មួយ​ឃុំ ជួនកាល​បោះពុម្ព​មាន​ភាព​ថ្លោះធ្លោយ​ដែរ ខូច​មួយ​ឃុំ ក្រោយ​ពី​ត្រួត​ពិនិត្យ​ត្រូវ​កាត់​ចោល​ភ្លាម»

មន្ត្រី គ..ប ឲ្យ​ដឹង​ថា នៅ​តាម​ការិយាល័យ​បោះឆ្នោត​នីមួយៗ​នៅ​ទូទាំង​ប្រទេស គឺ​ត្រូវ​បន្ថែម​សន្លឹក​ឆ្នោត ១​កញ្ចប់ ឬ​មួយ​ក្បាល​ស្មើ ៥០​សន្លឹក ឬ​ចំនួន​អាច​លើស​ពី​នេះ ដើម្បី​បម្រុង​ការ​ខូចខាត ឬ​បាត់បង់​ក្រោម​ហេតុផល​អ្វី​មួយ។ ផ្អែក​តាម​ផែនការ​ផលិត សង្កេត​ឃើញ​ថា មាន ៦​ដំណាក់​កាល​ដែល​រោងពុម្ព​កំពុង​ដំណើរការ ក្នុង​នោះ​ជំហាន​ទី​១ បោះពុម្ព​ឲ្យ​ទៅ​ជា​សន្លឹក​ឆ្នោត។ ជំហាន​ទី​២ វាយ​លេខ​រៀង ឬ​បោះពុម្ព​លេខ​រៀង​សម្រេច​បាន ២៣​ខេត្ត ស្មើ​នឹង ៧០​ភាគរយ។ ជំហាន​ទី​៣ គឺ​កិប ឬ​ចោះ​លេខ​សម្ងាត់​នៅ​លើ​សន្លឹក​ឆ្នោត​ដែល​ដាក់​ថា NEC។ ក្នុង​ជំហាន​ទី​៣ នេះ គ..ប សម្រេច​បាន ២២​ខេត្ត។ ជំហាន​ទី​៤ ក្រុម​ត្រួត​ពិនិត្យ​សន្លឹក​ឆ្នោត​សម្រាប់​ដាក់​ទៅ​តាម​ការិយាល័យ​បោះឆ្នោត ហើយ​ក្នុង​មួយ​ការិយាល័យ​បោះឆ្នោត​មាន ១​កញ្ចប់​ស្មើ ៥០​សន្លឹក។ ក្នុង​ដំណាក់កាល​នេះ ដំណើរការ​ទើប​តែ​បាន ១៥​ខេត្ត-ក្រុង​នៅ​ឡើយ ស្មើ​ប្រមាណ ៤៥​ភាគរយ។ ជំហាន​ទី​៥ គឺ​ការ​វេច​ខ្ចប់​សន្លឹក​ឆ្នោត និង​ដំណាក់​កាល​ទី​៦ គឺ​ការ​ឃ្លុំបេ​សន្លឹក​ឆ្នោត​ដាក់​ចូល​ទៅ​ក្នុង​កេស។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​អាណត្តិ​ទី​៤ នេះ គ..ប ដែល​ជា​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត បាន​បោះពុម្ព​សន្លឹក​ឆ្នោត​លើស ឬ​បម្រុង​ទុក​ចំនួន ២៥​ភាគរយ។ តួលេខ​នេះ​ជា​ចំនួន​ដែល​ច្រើន​ជាង ៥​ដង ដែល​មាន​ប្រមាណ ២០​ភាគរយ​កាល​ពី​អាណត្តិ​មុន។

អង្គការ​ក្រៅ​រដ្ឋាភិបាល​សោកស្ដាយ និង​បង្ហាញ​កង្វល់​ថា សន្លឹក​ឆ្នោត​ដែល​បោះពុម្ព​លើស​នេះ អាច​បម្រើ​ផល​ប្រយោជន៍​ក្នុង​រូបភាព​ផ្សេង​ទៅ​វិញ។

លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​សន្លឹក​ឆ្នោត​ដែល​បោះពុម្ព​លើស​នេះ។ លោក​បន្ត​ថា ការ​បោះពុម្ព​លើស​នេះ មិន​មែន​ជា​សញ្ញា​បញ្ជាក់​ថា​ល្អ​នោះ​ទេ ពោល​ក្រៅ​ពី​ត្រូវ​ខាតបង់​ថវិកា​ជាតិ​ហើយ សន្លឹក​ឆ្នោត​លើស​នេះ​អាច​បម្រើ​ក្នុង​ហេតុផល​អ្វី​ផ្សេង​ទៅ​វិញ​ថែម​ទៀត​ផង។ លោក​បន្ត​ថា «ពាក់ព័ន្ធ​ការ​ប្រើប្រាស់​សន្លឹក​ឆ្នោត ខ្ញុំ​បារម្ភ​ខ្លាច​អត់​មាន​តម្លាភាព ព្រោះ​អី​សន្លឹក​ឆ្នោត​ដែល​បម្រុង​ហ្នឹង​វា​ច្រើន​ពេក។ ភាគច្រើន​ប្រទេស​ដទៃ​ជាទូទៅ​យ៉ាង​ច្រើន​បំផុត ៥​ភាគរយ»

ឆ្លើយតប​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ គ..ប លោក ហង្ស ពុទ្ធា អះអាង​ថា ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​មាន​មធ្យោបាយ​ជាច្រើន​ក្នុង​ការ​ការពារ​រឿង​នេះ ដូចជា​អ្នក​ដែល​អាច​មាន​សិទ្ធិ​បោះឆ្នោត​បាន ត្រូវ​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី តាម​រយៈ​ភេទ អាយុ និង​ថ្ងៃ​ខែ​ឆ្នាំ​កំណើត ជាដើម។ ស្ថិត​ក្រោម​ហេតុផល​នេះ លោក ហង្ស ពុទ្ធា មាន​សុទិដ្ឋិនិយម​ថា បើ​ទោះ​ជា​យក​សន្លឹក​ឆ្នោត​បាន ក៏​មិន​អាច​ប្រើ​ការ​កើត​ដែរ។

មន្ត្រី​ទទួល​បន្ទុក​បោះពុម្ព​សន្លឹក​ឆ្នោត លោក ហ៊ឺ រ៉ុង បញ្ជាក់​ថា នៅ​សប្ដាហ៍​ខាង​មុខ​នេះ សន្លឹក​ឆ្នោត​ដែល​គ្រោង​បញ្ចប់​នៅ​រោងពុម្ព នឹង​ត្រូវ​ដឹក​ទៅ​ការិយាល័យ​កណ្ដាល​របស់ គ..ប ដើម្បី​ធ្វើ​ពិធី​ប្រគល់ មុន​នឹង​ត្រូវ​ដឹក​ទៅ​តាម​ខេត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles