Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា​ការ​ចូលរួម​របស់​យុវជន​នឹង​ធ្វើ​ឲ្យ​សង្គម​មាន​ការ​អភិវឌ្ឍ​ត្រឹមត្រូវ

$
0
0

រឿងរ៉ាវ​ទំនាស់​ដីធ្លី និង​បញ្ហា​សង្គម ត្រូវ​ប្រជា​សហគមន៍ និង​សង្គម​ស៊ីវិល​លើក​មក​លាតត្រដាង​ប្រាប់​ឲ្យ​យុវជន​បាន​ដឹង ដើម្បី​ស្វែងយល់ និង​រក​ដំណោះស្រាយ។ សង្គម​ស៊ីវិល​ធ្វើ​ការ​ទាក់ទង​យុវជន យល់​ថា ការ​ចូលរួម​របស់​យុវជន នឹង​ធ្វើ​ឲ្យ​សង្គម​មាន​ការ​អភិវឌ្ឍ​មួយ​ដ៏​ត្រឹមត្រូវ។

អ្នក​ធ្វើ​ការ​ទាក់ទង​យុវជន នៅ​តែ​ឲ្យ​តម្លៃ​ថា យុវជន​ជា​ផ្នែក​សំខាន់​មួយ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ កម្លាំង​យុវជន អាច​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ការងារ​ដែល​ផ្តល់​សេវា​ដល់​ពលរដ្ឋ​កាន់​តែ​ប្រសិទ្ធភាព។

នាយក​អង្គការ​អប់រំ​យុវជន​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (YEDP) លោក បូ ពៅ ដែល​រៀបចំ​វេទិកា​យុវជន និយាយ​ថា ដើម្បី​ឲ្យ​យុវជន​ធ្វើ​ការងារ​ផ្តល់​ប្រយោជន៍​ដល់​សង្គម លុះត្រា​តែ​យុវជន​បាន​ដល់​ដឹង​ពី​បញ្ហា​សង្គម។ លោក​ថា ប្រសិន​បើ​យុវជន​មិន​បាន​ចូលរួម​តាមដាន​ការងារ​សង្គម នឹង​ធ្វើ​ឲ្យ​អ្នក​នយោបាយ ឬ​អ្នក​ដឹកនាំ​ប្រទេស បំពេញ​ការងារ​មិន​បាន​ល្អ​នោះ​ទេ៖ «»

ការ​ជជែក​ពី​បញ្ហា​សង្គម​នេះ​ក្នុង​សិក្ខាសាលា​មួយ​នៅ​រាជធានី​ភ្នំពេញ ស្ដីពី​រឿងរ៉ាវ​សហគមន៍ និង​តួនាទី​របស់​យុវជន​នៅ​ក្នុង​សង្គម ថ្ងៃ​ទី​២៩ ខែ​មេសា ដោយ​មាន​ក្រុម​យុវជន និង​អ្នក​ពាក់ព័ន្ធ​ជាង ១០០​នាក់​ចូលរួម។

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​មក​ពី​ខេត្ត​កំពង់ស្ពឺ លោកស្រី ឈួន ស៊ុំ ឲ្យ​ដឹង​ថា ដី​នៅ​សហគមន៍​របស់​លោកស្រី ត្រូវ​ក្រុម​យោធា​មក​រំលោភ​បំពាន ហើយ​មូលហេតុ​ដែល​លោកស្រី​ចង់​ឲ្យ​យុវជន​ដឹង ព្រោះ​រំពឹង​ថា រឿង​នេះ​នឹង​អាច​ធ្វើ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​អាច​ដឹង​រឿង​នេះ តាម​រយៈ​ការ​ផ្សាយ​បន្ត​របស់​ក្រុម​យុវជន។ លោកស្រី​បន្ត​ថា ក្រុម​ពលរដ្ឋ​មិន​ដឹង​ថា ពេល​នេះ​ត្រូវ​រក​អ្នក​ណា​ឲ្យ​ជួយ​នោះ​ទេ ខណៈ​ដែល​អាជ្ញាធរ​ភូមិ-ឃុំ ត្រូវរ៉ូវ​គ្នា​ជាមួយ​ក្រុម​យោធា៖ «»

ជំរឿន​ឆ្នាំ​២០០៨ បង្ហាញ​ថា យុវជន​កម្ពុជា មាន​ចំនួន ៣៣% នៃ​ពលរដ្ឋ​សរុប។ តាម​គោល​នយោបាយ​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​យុវជន​កម្ពុជា ឆ្នាំ​២០១១ ឲ្យ​ដឹង​ថា យុវជន​ជា​ភ្នាក់ងារ​ដ៏​សំខាន់​សម្រាប់​ការងារ​ផ្លាស់ប្ដូរ​សង្គម​ឲ្យ​មាន​ការ​អភិវឌ្ឍ និង​ប្រជាធិបតេយ្យ។

យុវជន​ធ្វើ​កិច្ច​ការងារ​ការពារ​ព្រៃ​ឈើ លោក រ័ត្ន សុវណ្ណ ឲ្យ​ដឹង​ថា ការ​ស្វែងយល់​ពី​បញ្ហា​សង្គម គឺ​ជា​ការ​បង្កើន​ការ​យល់​ដឹង​បន្ថែម​ទៀត​ដល់​យុវជន ហើយ​ថែម​ទាំង​ផ្តល់​ភាព​ក្លាហាន​ដល់​យុវជន​ចូលរួម​ការងារ​សង្គម។ លោក​ថា ប្រសិន​បើ​ក្រុម​យុវជន​ផ្តល់​សារ​នៃ​បញ្ហា​សង្គម​ដល់​រដ្ឋាភិបាល នឹង​ជំរុញ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​សហគមន៍​ប្រកបដោយ​ប្រសិទ្ធភាព៖ «»

ឯកសារ​ជំនួយ​ស្មារតី​ទាក់ទង​នឹង​ការ​បោះឆ្នោត​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) ឲ្យ​ដឹង​ថា យុវជន​គឺ​ជា​អ្នក​ដែល​មាន​សក្ដានុពល​ក្នុង​ការ​ធ្វើ​ឲ្យ​សំឡេង​ឆ្នោត​មាន​ការ​ប្រែប្រួល។ យុវជន​ត្រូវ​បង្ហាញ​ដល់​ថ្នាក់​ដឹកនាំ​ថា ខ្លួន​មាន​ឥទ្ធិពល​ទៅ​លើ​ក្រុម​មនុស្ស​ដទៃ​ទៀត ដូចជា​មនុស្ស​ជំទង់ ឬ​មនុស្ស​ចាស់ ព្រោះ​ខ្លួន​គឺ​ជា​យុវជន​ដែល​មាន​ចំណេះ​ដឹង និង​កម្លាំង​កាយ​រឹងមាំ ហើយ​អាច​ធ្វើ​ការ​អប់រំ និង​ជួយ​ដល់​មនុស្ស​ដទៃ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles