Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ប្រធាន​បក្ស​ប្រឆាំង​ថា​ការ​ប្រែប្រួល​នយោបាយ​ចុង​ក្រោយ​មាន​ភាព​អាក្រក់​ខ្លាំង

$
0
0

ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា ថ្លែង​ប្រាប់​អ្នក​គាំទ្រ​នៅ​ឯ​សហរដ្ឋ​អាមេរិក ថា ការ​ប្រកួត​ប្រជែង​នយោបាយ​ក្នុង​ប្រទេស​ពុំ​មាន​ភាព​ស្មើ​គ្នា​ឡើយ ព្រោះ​រឿង​ខ្លះ បក្ស​កាន់​អំណាច​អាច​ធ្វើ​តាម​អំពើ​ចិត្ត តែ​សម្រាប់​បក្ស​ប្រឆាំង​វិញ បែរ​ជា​ត្រូវ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​បំបិទ​សិទ្ធិ​សេរីភាព​ជា​បន្តបន្ទាប់។ ប៉ុន្តែ​ការ​លើក​ឡើង​នេះ ត្រូវ​បាន​មន្ត្រី​បក្ស​កាន់​អំណាច​ឆ្លើយតប​ថា ពុំ​ដែល​បិទ​សិទ្ធិ​សេរីភាព​មិន​ឲ្យ​បក្ស​ប្រឆាំង​និយាយ​ស្ដី​ឡើយ ហើយ​មាន​តែ​ក្រុម​អ្នក​ប្រឆាំង​ប៉ុណ្ណោះ​ដែល​យល់​ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា មាន​ភាព​អាក្រក់​ខ្លាំង។

នៅ​ក្នុង​កិច្ច​សំណេះសំណាល​ជាមួយ​អ្នក​គាំទ្រ​ប្រចាំ​រដ្ឋ​ផេនស៊ីលវែនញ៉ា (Pennsylvania) នៃ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​២៩ មេសា លោក កឹម សុខា ថ្លែង​ថា ភាព​អយុត្តិធម៌​ក្នុង​សង្គម​បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​កើន​ឡើង​នូវ​អ្នក​គាំទ្រ​នៅ​ពាសពេញ​ប្រទេស​មិន​ធ្លាប់​មាន ហើយ​ពលរដ្ឋ​ភាគច្រើន​គាំទ្រ​ការ​ផ្លាស់ប្ដូរ​ដោយ​វិជ្ជមាន និង​ដោយ​គ្មាន​សង្គ្រាម ដូច្នោះ​បក្ស​ប្រឆាំង​នឹង​អាច​យក​ឈ្នះ​បក្ស​កាន់​អំណាច​បាន​គ្រប់​ពេល​ទាំងអស់។

ក្រៅ​ពី​ថ្លែង​សារ​បង្ហាញ​ក្ដី​សង្ឃឹម​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​មុន​ពេល​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​បែប​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​រៀបរាប់​ប្រាប់​អ្នក​គាំទ្រ​បន្ត​ទៀត​ថា មន្ត្រី​បក្ស​ខ្លួន​តាំង​ពី​ថ្នាក់​លើ​រហូត​ដល់​ថ្នាក់​ក្រោម ត្រូវ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ចាប់​ដាក់​ពន្ធនាគារ និង​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ដើម្បី​ឲ្យ​មាន​ការ​បាក់​ស្មារតី​មុន​ការ​បោះឆ្នោត«ជាពិសេស​មក​លើ​ថ្នាក់​ដឹកនាំ​ខ្លួន​ខ្ញុំ​ផ្ទាល់ នៅ​ក្នុង​ស្នាក់ការ ៦​ខែ ៦​ថ្ងៃ មិន​អាច​ចេញ​ទៅ​ណា​បាន ដោយសារ​គំរាម​កំហែង បំភិតបំភ័យ និង​ធ្វើ​ទុក្ខបុកម្នេញ ធ្វើ​ឲ្យ​យើង​ខ្លាច ធ្វើ​ឲ្យ​យើង​រត់​ចោល​ស្រុក​ទាំងអស់​គ្នា ដើម្បី​ទុក​ស្រុក​ឲ្យ​គេ»

បន្ថែម​ពី​នេះ លោក កឹម សុខា បន្ត​ហាក់​ចង់​សំដៅ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សិទ្ធិ​ក្នុង​ការ​និយាយ​ស្ដី និង​ធ្វើ​សកម្មភាព​ផ្សេងៗ​បាន​គ្រប់​យ៉ាង តែ​សម្រាប់​បក្ស​ប្រឆាំង​វិញ សូម្បី​ត្រឹម​ការ​ធ្វើ​សមាជ​វិសាមញ្ញ​ក្នុង​ទីស្នាក់ការ​ខ្លួន ក៏​ត្រូវ​ធ្វើ​តាម​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បង្គាប់​បញ្ជា​ដែរ។

ប៉ុន្តែ​ការ​លើក​ឡើង​របស់​មេ​បក្ស​ប្រឆាំង​ថា​គ្មាន​ភាព​ស្មើ​គ្នា​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ ត្រូវ​បាន​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឆ្លើយតប​ថា ពុំ​មាន​ការ​ហាមឃាត់ ឬ​ពុំ​មាន​រារាំង​មិន​ឲ្យ​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​និយាយ​ស្ដី និង​ធ្វើ​សកម្មភាព​អ្វី​ឡើយ។ លោក សុខ ឥសាន បន្ត​ថា គណបក្ស​កាន់​អំណាច​ក៏​មិន​ដែល​ជិះជាន់ ឬ​គំរាម​កំហែង​បក្ស​ប្រឆាំង​ដែរ«ពី​មុន​គាត់​ថា​មក​ពី​ការ​គាប​សង្កត់។ គាត់​ឃុំ​ខ្លួន​ឯង​ក្នុង​ទីស្នាក់ការ​គណបក្ស ហើយ​ឥឡូវ​គាត់​បាន​បញ្ចេញ​ច្បាស់​ហើយ ការពិត​គាត់​ឃុំ​ខ្លួន​ឯង​មាន​នរណា​គាប​សង្កត់ និង​ឃុំឃាំង​គាត់»

ទោះ​ជា​យ៉ាង​នេះ​ក្ដី រយៈពេល​កន្លង​មក ទាំង​អន្តរជាតិ និង​ពលរដ្ឋ​ក្នុង​ស្រុក​មួយ​ចំនួន​មើល​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​រក​លេស​ដើម្បី​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ និង​ច្បាប់​តាម​អំពើ​ចិត្ត ក្នុង​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​បក្ស​ប្រឆាំង​ចុះ​ទន់​ខ្សោយ ស្រប​ពេល​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​កាន់​តែ​ខិត​ជិត​មក​ដល់។ ជាក់ស្ដែង កាល​ពី​ថ្ងៃ​ទី​២០ កុម្ភៈ ការ​ចំណាយ​ពេល​ដ៏​ខ្លី​បំផុត​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​អាច​ឈាន​ទៅ​រំលាយ​គណបក្ស​នយោបាយ​ពី​ក្រុម​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​បំណង​តែ​មួយ​គត់ សំដៅ​មក​លើ​បក្ស​ប្រឆាំង។ ក្រោយ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត លោក សម រង្ស៊ី ដែល​ជាប់​ពាក្យ​បណ្ដឹង​រាប់​មិន​អស់​ដោយសារ​ការ​ប្ដឹង​ពី​មន្ត្រី​បក្ស​កាន់​អំណាច សុខ​ចិត្ត​ប្រកាស​លាលែង​ចេញ​ពី​ប្រធាន​បក្ស​ភ្លាម ដោយ​លើក​ហេតុផល​ថា ដើម្បី​ការពារ​គណបក្ស​កុំ​ឲ្យ​គេ​រំលាយ​ចោល។

សម្រាប់​អ្នក​តាមដាន​នយោបាយ​វិញ លោក សូ ចន្ថា យល់​ថា ការ​ចាប់​ខ្លួន​តំណាងរាស្ត្រ​រដ្ឋសភា និង​សមាជិក​ព្រឹទ្ធសភា​របស់​បក្ស​ប្រឆាំង ដោយសារ​ការ​បំពេញ​តួនាទី​ជា​តំណាងរាស្ត្រ និង​ការ​ចាប់​ឃុំ​ខ្លួន​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ជា​បន្តបន្ទាប់​ដាក់​ក្នុង​ពន្ធនាគារ បាន​ធ្វើ​ឲ្យ​សេរីភាព​នយោបាយ​នៅ​កម្ពុជា ហាក់​ត្រូវ​បាន​រឹតត្បិត និង​គ្មាន​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើ​ភាព​គ្នា​ឡើយ«វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដំណើរការ​រីក​ចម្រើន​លទ្ធិប្រជាធិបតេយ្យ​ដ៏​ក្មេង​ខ្ចី​របស់​កម្ពុជា នៅ​ពេល​ច្បាប់​ត្រូវ​បាន​អ្នក​នយោបាយ​មាន​អំណាច ប្រើប្រាស់​ដើម្បី​ប្រឆាំង​អ្នក​មាន​ទស្សនៈ​ប្រឆាំង»

លោក សូ ចន្ថា ពន្យល់​ថា ការ​ប្រកួត​ប្រជែង​នយោបាយ​ដោយ​ស្មើ​ភាព​គ្នា គឺ​ជា​ដំណើរការ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ ដែល​ផ្អែក​ទៅ​តាម​គោលការណ៍​ច្បាប់ និង​កម្មវិធី​នយោបាយ​រៀងៗ​ខ្លួន ដើម្បី​បម្រើ​ផល​ប្រយោជន៍​ជូន​ពលរដ្ឋ ប៉ុន្តែ​មិន​មែន​ជា​ការ​ប្រើប្រាស់​ស្ថាប័ន​រដ្ឋ​ដើម្បី​ផ្ដួល​ដៃគូ​ម្ខាង​ទៀត​មុន​ការ​ប្រកួត​ឡើយ។

ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា បញ្ជាក់​ថា មូលហេតុ​ដែល​គណបក្ស​ចង់​បាន​ការ​ផ្លាស់ប្ដូរ គឺ​ដើម្បី​ចង់​បាន​សន្តិភាព​ពិត​ដែល​គ្មាន​ការ​បណ្ដេញ​ចេញ​ពី​ផ្ទះ​សម្បែង និង​ដីធ្លី ហើយ​ការ​អភិវឌ្ឍ​វិញ ត្រូវ​ផ្ដល់​ផល​ប្រយោជន៍​ទាំង​អ្នក​មាន និង​អ្នក​ក្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles