ប្រជាពលរដ្ឋនៅឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ (CRCK) ជាង ១០គ្រួសារ ស្នើឲ្យអាជ្ញាធរពន្លឿននីតិវិធីដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ឲ្យបានឆាប់រហ័ស។ ការស្នើនេះ ពីព្រោះពលរដ្ឋត្រូវការដីសម្រាប់បង្កបង្កើនផលឲ្យទាន់រដូវកាល។ អាជ្ញាធរស្រុកបញ្ជាក់ថា ពួកគេកំពុងរង់ចាំលទ្ធផលស្រាវជ្រាវរបស់អាជ្ញាធរខេត្ត លើករណីនេះ ដើម្បីត្រៀមចាត់វិធានការ។
ពលរដ្ឋអះអាងថា ប្រសិនបើអាជ្ញាធរចេះតែពន្យារពេលក្នុងការដោះស្រាយលើបញ្ហាទំនាស់ដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ទៀត អ្នកភូមិកាន់តែប្រឈមបញ្ហាជីវភាពរស់នៅមិនខានឡើយ ពីព្រោះពួកគាត់កំពុងខ្វះខាតដីធ្លីសម្រាប់បង្កបង្កើនផល។ បន្ថែមពីនេះ ដីរបស់ពលរដ្ឋជាង ១០គ្រួសារដែលមានទំនាស់ គឺត្រូវបានខាងក្រុមហ៊ុនយកទៅដាំកៅស៊ូជាងមួយឆ្នាំមកហើយ។
ពលរដ្ឋនៅឃុំសណ្ដាន់ លោកស្រី ថោង យ៉ុត មានប្រសាសន៍ថា អស់រយៈពេលជាង ១ឆ្នាំមកហើយ សំណុំរឿងដីធ្លីរបស់ពួកគាត់មិនទាន់មានដំណោះស្រាយ។ លោកស្រីបន្តថា ពួកគាត់ចំនួន ១៥គ្រួសារដែលមានដីជាង ២០ហិកតារ ត្រូវបានក្រុមហ៊ុនឈូសឆាយយកដាំដំណាំកៅស៊ូ ក្រោមហេតុផលថាជាដីរបស់គេ។ ក្នុងចំណោមពលរដ្ឋទាំងនេះ គឺមានតែ ១គ្រួសារប៉ុណ្ណោះទទួលបានដីដោះដូរកន្លែងផ្សេង ប៉ុន្តែក្រៅពីនេះ បន្តរង់ចាំដំណោះស្រាយរហូតមក៖ «ទៅនៅកន្លែងដីអ៊ីចេះទៅ គេថាឲ្យដោះស្រាយនៅកន្លែងដី មិនងាយបានទេ ទាល់តែទៅដោះស្រាយនៅកន្លែងស្រុកបានៗ។ តែទៅដល់កន្លែងស្រុកផ្ដិតក្រយៅដៃហើយ នៅមិនឃើញបានផង»។
ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ជាក្រុមហ៊ុនវៀតណាម ដែលទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលកាលពីឆ្នាំ២០១០ លើទំហំផ្ទៃដីជាង ៦ពាន់ហិកតារ (៦.០៤៤ហិកតារ) ។ ក្រុមហ៊ុននេះមានភាពចម្រូងចម្រាសជាច្រើន ដោយសារផ្ទៃដីមួយចំនួនប៉ះពាល់ដីស្រែចម្ការរបស់ប្រជាពលរដ្ឋនៅតំបន់នោះ ព្រមទាំងមានសេចក្តីរាយការណ៍ជាច្រើនពីបណ្ដាញការពារព្រៃឡង់ ថាក្រុមហ៊ុនមួយនេះបានកាប់ឈើនៅក្រៅតំបន់ដីសម្បទានរបស់ខ្លួនទៀតផង។
ទាក់ទងបញ្ហានេះ អភិបាលស្រុកសណ្ដាន់ លោក ឡង គីសឺង មានប្រសាសន៍នៅថ្ងៃទី២៩ មេសា ថា អាជ្ញាធរមិនបានព្រងើយកន្តើយចំពោះបញ្ហាប្រឈមរបស់ពលរដ្ឋទេ។ លោកបន្តថា អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធ ក៏បានចុះជួបប្រជាពលរដ្ឋមានជម្លោះទាំងនោះ និងតម្រូវឲ្យពួកគាត់ចង្អុលបង្ហាញទីតាំងដីរបស់ខ្លួន ហើយកំពុងសិក្សាតាមបច្ចេកទេស ប៉ុន្តែមិនទាន់បង្ហាញលទ្ធផលស៊ើបអង្កេតនោះទេ។ យ៉ាងនេះក្តី លោកថាអាជ្ញាធរនឹងដោះស្រាយជូនពលរដ្ឋជាជំហានៗ ម្យ៉ាងត្រូវការពិនិត្យលទ្ធភាពជាមួយក្រុមហ៊ុនបន្ថែមទៀត៖ «យើងមានទាំងអស់គោលការណ៍ ឯកសារគតិយុត្តិអីពីដើមមក យើងរក្សាទុកបាន ហើយយើងនឹងធ្វើការដោះស្រាយ។ ហើយជំហរអាជ្ញាធរស្រុកនៅតែអះអាងថា នឹងមិនឲ្យពលរដ្ឋណារងភាពអយុត្តិធម៌ដោយសាររឿងដីធ្លីទេ»។
ជម្លោះដីធ្លីរវាងពលរដ្ឋជាង ១០គ្រួសារជាមួយក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ កើតឡើងខ្លាំងកាលពីដើមឆ្នាំ២០១៦ ក្រោយពេលខាងក្រុមហ៊ុនបានពង្រីកផ្ទៃដីដាំកៅស៊ូរបស់ខ្លួន បណ្ដាលឲ្យប៉ះពាល់ដីចម្ការរបស់អ្នកភូមិជាង ១០គ្រួសារ ដែលអះអាងថាបានកាន់កាប់តាំងពីឆ្នាំ២០១៣។
មន្ត្រីសម្របសម្រួលស្តីទីអង្គការលីកាដូ (LICADHO) ខេត្តកំពង់ធំ លោក ឈួម រុណ ដែលតាមដានករណីនេះយល់ថា ប្រសិនបើអាជ្ញាធរនៅតែពន្យារពេលក្នុងការដោះស្រាយជូនពលរដ្ឋទៀត ពួកគាត់នឹងជួបបញ្ហាប្រឈមក្នុងជីវភាពរស់នៅកាន់តែខ្លាំង ពីព្រោះមិនមានដីសម្រាប់អាស្រ័យផល។ លោកថា ពលរដ្ឋទាំងនេះធ្លាប់រងគ្រោះដោយសារបាត់បង់មុខរបរប្រពៃណីរបស់ខ្លួន ពីព្រោះដើមច្បោះជ័ររបស់ពួកគាត់រាប់រយដើម ត្រូវបានខាងក្រុមហ៊ុនរំលោភយក។ ប្រសិនបើរកឃើញថា ដីទាំងនេះជាដីរបស់ពលរដ្ឋធ្លាប់អាស្រ័យផល អាជ្ញាធរ និងភាគីក្រុមហ៊ុន ត្រូវមានគោលការណ៍ផ្តល់សំណង ឬដោះដូរដីតំបន់ផ្សេងជូនពួកគាត់៕