Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​នឹង​ធ្វើ​លិខិត​បំភ្លឺ​ពី​ការងារ​គ្រប់គ្រង​អាជ្ញាធរ​អប្សរា​ជូន​រដ្ឋសភា​វិញ

$
0
0

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​មិន​ដឹកនាំ​សហការី​ចូល​ទៅ​បំភ្លឺ​ក្នុង​រដ្ឋសភា​ទេ ប៉ុន្តែ​ក្រសួង​នឹង​ធ្វើ​លិខិត​បំភ្លឺ ហើយ​បញ្ជូន​ទៅ​រដ្ឋសភា​វិញ ទាក់ទង​នឹង​ការងារ​គ្រប់គ្រង​អាជ្ញាធរ​អប្សរា។ ការ​មិន​ទៅ​ឆ្លើយ​បំភ្លឺ​ដោយ​ផ្ទាល់​នៅ​រដ្ឋសភា ដោយសារ​តំណាងរាស្ត្រ លោក សុន ឆ័យ មិន​បាន​អញ្ជើញ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ទៅ​រដ្ឋសភា​ទេ ដោយ​គ្រាន់​តែ​សួរ​ដើម្បី​ឲ្យ​រដ្ឋមន្ត្រី​ឆ្លើយ​តាម​លិខិត​ប៉ុណ្ណោះ។

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា ថា​បាន​ទទួល​លិខិត​ដែល​ប្រធាន​រដ្ឋសភា ផ្ញើ​ឲ្យ​អ្នកស្រី​បំភ្លឺ​អំពី​ការងារ​គ្រប់គ្រង​អាជ្ញាធរ​អប្សរា​ហើយ។ នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត ក្រសួង​វប្បធម៌ នឹង​ធ្វើ​លិខិត​បញ្ជូន​ទៅ​រដ្ឋសភា​វិញ«ក្នុង​ហ្នឹង​អត់​មាន​បញ្ជាក់ ឯកឧត្តម សុន ឆ័យ គាត់​គ្រាន់​សុំ​សួរ​ថា មាន​បញ្ហា​ចឹង​មែន​ក៏​អី»

ប្រធាន​រដ្ឋសភា លោក ហេង សំរិន បាន​បញ្ជូន​លិខិត​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក សុន ឆ័យ កោះ​ហៅ​ឲ្យ​អ្នកស្រី ភឿង សកុណា ដើម្បី​សាកសួរ​ពី​ការងារ​គ្រប់គ្រង​អាជ្ញាធរ​អប្សរា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា។

លិខិត​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នេះ យោង​តាម​មាត្រា​៩៦ នៃ​រដ្ឋធម្មនុញ្ញ និង​សំណើ​ពី​ប្រជាពលរដ្ឋ​ជាច្រើន​ក្នុង​ខែត្រ​សៀមរាប និង​ខែត្រ​មួយ​ចំនួន​ទៀត បាន​រៀបរាប់​ថា កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​ប្រគល់​អាជ្ញាធរ​អប្សរា​ទៅ​ឲ្យ​ក្រសួង​វប្បធម៌ គ្រប់គ្រង​នោះ គឺ​ការងារ​អនុវត្ត​កន្លង​មក​របស់​អាជ្ញាធរ​អប្សរា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅឋាន​ក្នុង​តំបន់​ដែល​មាន​សំណង់​បុរាណ រួម​ទាំង​ការ​ចំណាយ​គ្មាន​តម្លាភាព​លើ​ទឹកប្រាក់​ជាច្រើន​លាន​ដុល្លារ​តាំង​ពី​ឆ្នាំ​២០១០ មក។

អ្នកស្រី ភឿង សកុណា ថា​អតីត​អគ្គនាយក​អាជ្ញាធរ​អប្សរា ធ្លាប់​បំភ្លឺ​តំណាងរាស្ត្រ​ម្ដង​រួច​ហើយ ប៉ុន្ដែ​យ៉ាង​ណា អ្នកស្រី​នឹង​ឆ្លើយ​បំភ្លឺ​តាម​លិខិត​ទៅ​តាម​អ្វី​ដែល​ក្រសួង​វប្បធម៌ មាន។

តំណាងរាស្ត្រ លោក សុន ឆ័យ បញ្ជាក់​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៩ មេសា ថា ជា​នីតិវិធី​ដំបូង លោក​ស្នើ​ឲ្យ​បំភ្លឺ​ជា​លាយលក្ខណ៍​អក្សរ។ ប៉ុន្តែ​ករណី​ដែល​រដ្ឋមន្ត្រី​ឆ្លើយ​មិន​ច្បាស់ លោក​នឹង​អញ្ជើញ​រដ្ឋមន្ត្រី​មក​ឆ្លើយ​បំភ្លឺ​មុខ​គណៈកម្មការ​ជំនាញ​រដ្ឋសភា។ លោក សុន ឆ័យ ថា ទាក់ទង​នឹង​របាយការណ៍​ចាយវាយ និង​សកម្មភាព​អាជ្ញាធរ​អប្សរា​ធ្វើ​បាប​ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប អាជ្ញាធរ​អប្សរា មិន​ធ្លាប់​បំភ្លឺ​នៅ​មុខ​តំណាងរាស្ត្រ​ទេ«មក​ទល់​ពេល​នេះ យើង​ក៏​មិន​ដែល​ឃើញ​របាយការណ៍​នៃ​ការ​ចាយវាយ​ដែរ ដូចជា​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចាយវាយ​ថវិកា ដែល​អាជ្ញាធរ​អប្សរា​ដែល​ទទួល​បាន ដូចជា​នៅ​ឆ្នាំ​២០១៤ រហូត​ដល់ ២៦​លាន​ដុល្លារ ក៏​គ្មាន​របាយការណ៍​ការ​ចាយវាយ​ដែរ»

អាជ្ញាធរ​អប្សរា ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រគល់​ឲ្យ​អ្នកស្រី ភឿង សកុណា គ្រប់គ្រង ក្រោយ​ពេល​អតីត​ប្រធាន​អាជ្ញាធរ​អប្សរា លោក សុខ អាន ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​១៥ ខែ មីនា។

តាម​រយៈ​លិខិត​លោក សុន ឆ័យ បាន​ឲ្យ​ដឹង​ថា មន្ត្រី​អាជ្ញាធរ​អប្សរា​មួយ​ចំនួន​បាន​ប្រើប្រាស់​អំណាច​ដោយ​បំពាន​ក្នុង​ការ​ជំរិត​ទារ​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់ តាម​រយៈ​ចុះ​ទៅ​រុះរើ​សំណង់​បន្តិចបន្តួច​របស់​ប្រជាពលរដ្ឋ មាន​ដូចជា ទ្រុង​មាន់ បង្គន់ ឬ​របង ជាដើម ទោះ​បី​ជា​ប្រជាពលរដ្ឋ​បាន​ស្នើសុំ​អាជ្ញាធរ​មូលដ្ឋាន​ត្រឹមត្រូវ​ហើយ​ក៏ដោយ ក៏​មន្ត្រី​ទាំងនោះ​ទាមទារ​ឲ្យ​បង់​ប្រាក់​ក្រៅ​ផ្លូវ​ការ​រាប់​រយ​ដុល្លារ មុន​នឹង​គេ​សន្យា​ថា នឹង​មិន​ទៅ​រំខាន​ពេល​សាងសង់​តិចតួច​នោះ។ ចំពោះ​តំបន់​មិន​អនុញ្ញាត​ឲ្យ​សាងសង់​វិញ ក្រុម​មន្ត្រី​អាជ្ញាធរ​អប្សរា បែរ​ជា​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់​សំណង់​បេតុង​តូច​ធំ​ព្រោងព្រាត។

លោក សុន ឆ័យ បាន​ដាក់​សំណួរ​តាម​លិខិត​នោះ​ថា តើ​លោក​ជំទាវ​រដ្ឋមន្ត្រី​នឹង​ចាត់​វិធានការ​យ៉ាង​ណា​ចំពោះ​មន្ត្រី​ខិលខូច​ទាំងនោះ? តើ​នឹង​រៀបចំ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ដែល​អាច​សាងសង់​សំណង់​ស្រាល​បាន​ដោយ​របៀប​ណា ដើម្បី​ជៀសវាង​កុំ​ឲ្យ​មន្ត្រី​ខិលខូច​តាម​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ​ទៀត​បាន?

របាយការណ៍​ដែល​អាជ្ញាធរ​អប្សរា ផ្ដល់​ជូន​គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា បាន​បង្ហាញ​ថា អាជ្ញាធរ​បាន​ចំណាយ​លើ​ការងារ​តាំង​ពី​ឆ្នាំ​២០១០ មក គឺ​នៅ​ឆ្នាំ​២០១០ ចំណាយ​ជាង ១៥​លាន​ដុល្លារ មក​ដល់​ឆ្នាំ​២០១៤ ជាង ២៥​លាន​ដុល្លារ តែ​ពុំ​មាន​របាយការណ៍​ចំណាយ​ជាក់ស្ដែង​នោះ​ទេ។

ចំពោះ​ចំណូល​វិញ អាជ្ញាធរ​បាន​ជួល​ដី​ដែល​រឹប​អូស​ពី​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់ យក​ទៅ​ជួល​ឲ្យ​ក្រុមហ៊ុន​មួយ​ចំនួន ក្នុង​នោះ​មាន​ដី​ចំនួន ២៣​ហិកតារ ជួល​ឲ្យ​ក្រុមហ៊ុន​របស់​លោក សុខ គង់ ក្នុង​តម្លៃ ៩,៦៦​លាន​ដុល្លារ​រយៈពេល ៩៩​ឆ្នាំ។ ការ​ជួល​ដី​ឃុបឃិត​គ្នា​ក្នុង​តម្លៃ​ថោក​ដោយ​ចម្លែក​យ៉ាង​នេះ​ក្ដី តាម​របាយការណ៍ អាជ្ញាធរ​នេះ​ទើប​ទទួល​បាន​ប្រមាណ ២​លាន​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​បង់​ចូល​ថវិកា​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles