Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សង្គម​ស៊ីវិល​ថា​និទ្ទណ្ឌភាព​បង្កើត​ឲ្យ​មាន​វិនាសកម្ម​ព្រៃ​ឈើ​កាន់​តែ​ធ្ងន់ធ្ងរ

$
0
0

មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ទាក់ទង​បញ្ហា​ធនធាន​ធម្មជាតិ លើក​ឡើង​ថា កត្តា​មិន​អនុវត្ត​ច្បាប់​ទៅ​លើ​សំណុំ​រឿង​រក​ស៊ី​ឈើ​ខុស​ច្បាប់​ដែល​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​បាន​បញ្ជូន​ទៅ​តុលាការ​កន្លង​ទៅ គឺ​បង្កើត​ឲ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍។

និទ្ទណ្ឌភាព​លើ​សំណុំ​រឿង​ទាំងនេះ គឺ​ជា​កត្តា​ឈាន​ទៅ​រក​វិនាសកម្ម​ព្រៃ​ឈើ​កាន់​តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ព្រោះ​ក្រុម​ជន​ល្មើស​មិន​ខ្លាច​សំណាញ់​ច្បាប់ ហើយ​អាច​បន្ត​មុខ​របរ​ខុស​ច្បាប់​បាន​ដដែល។

អស់​រយៈពេល​ប្រមាណ ១​ឆ្នាំ​មក​ហើយ សំណុំ​រឿង​បទល្មើស​រត់​ពន្ធ និង​ស្តុក​ទុក​ឈើ​ខុស​ច្បាប់​ដែល​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​បាន​បញ្ជូន​ទៅ​តុលាការ នៅ​មិន​ទាន់​មាន​ពន្លឺ​នៅ​ឡើយ។ ជន​ល្មើស​នៅ​មាន​សេរីភាព ហើយ​ដំណើរការ​រឿង​ក្តី​ក៏​ស្ងាត់​សូន្យ ដូច​មិន​មាន​រឿង​អ្វី​កើត​ឡើង។

សង្គម​ស៊ីវិល​មើល​ឃើញ​ថា បញ្ហា​ទាំងនេះ​បង្កើត​ឲ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព​ក្នុង​ការ​អនុវត្ត​ច្បាប់ ហើយ​ព្រៃ​ឈើ​នឹង​ឈាន​ទៅ​រក​ក្តី​វិនាស​មិន​ខាន។

ប្រធាន​ក្រុម​កិច្ចការ​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង មាន​ប្រសាសន៍​ថា សំណុំ​រឿង​រត់​ពន្ធ​ឈើ​ខុស​ច្បាប់ គឺ​ជា​ឧក្រិដ្ឋកម្ម​ផ្នែក​ព្រៃ​ឈើ និង​ផ្នែក​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ ប៉ុន្តែ​រាជ​រដ្ឋាភិបាល ពិសេស​ស្ថាប័ន​តុលាការ មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចាត់​វិធានការ ហើយ​ក៏​មិន​ហ៊ាន​ចាត់​វិធានការ​ដែរ។ លោក​ថា មូលហេតុ​តុលាការ​មិន​ហ៊ាន​ចាត់​វិធានការ​ចំពោះ​ក្រុម​ជន​ល្មើស​មាន​អំណាច​ធំៗ គឺ​អាច​មាន​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ៖ «ឧកញ៉ា​គេ​នៅ​តែ​អាច​រក​ស៊ី​ដដែល ដោយ​គ្រាន់​តែ​ប្រើ​រូបភាព​ថ្មីៗ​ទៀត ដើម្បី​រក​នឹក​ក្នុង​ការ​ប្រមូល​ឈើ​ដោយ​រក​លេស​ថា​ស្រប​ច្បាប់ ឈើ​មាន​អាជ្ញាប័ណ្ណ ឬ​គ្មាន​អាជ្ញាប័ណ្ណ​នោះ។ អ៊ីចឹង​គេ​រក​នីតិវិធី​យ៉ាង​ម៉េច ល្បិច​យ៉ាង​ម៉េច ដើម្បី​បំផ្លាញ​ព្រៃ​ឈើ​នៅ​ប្រទេស​កម្ពុជា ឲ្យ​អស់ ដើម្បី​យក​លុយ​ដាក់​ហោប៉ៅ»

កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៦ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ចំ​ឈ្មោះ​ឧកញ៉ា​ដែល​សកម្ម​រក​ស៊ី​ឈើ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ចំនួន ២​នាក់ រួម​មាន​ឧកញ៉ា សឹង សំអុល ហៅ អុល និង​ឧកញ៉ា លីម ប៊ុណ្ណា ហៅ​ខ្នា ព្រម​ទាំង​ព្រមាន​ដក​អភិបាល​ខេត្ត​ត្បូងឃ្មុំ លោក ប្រាជ្ញ ច័ន្ទ ចេញ​ពី​តំណែង​ទៀត​ផង ប្រសិន​បើ​នៅ​តែ​បណ្តោយ​ឲ្យ​មាន​ករណី​រត់​ពន្ធ​ឈើ​ខុស​ច្បាប់​ចេញ​ទៅ​ប្រទេស​វៀតណាម ទៀត។

នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៦ រាជ​រដ្ឋាភិបាល​សម្រេច​បង្កើត​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ឡើង ដោយ​មាន​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គឺ​លោក សៅ សុខា ជា​ប្រធាន។ ក្រោយ​ពេល​បង្កើត​បាន​ចំនួន ៣​ថ្ងៃ គណៈកម្មាធិការ​នេះ​បាន​ចុះ​បង្ក្រាប​ដល់​ទីតាំង​ស្តុក​ទុក​ឈើ​ប្រណីត​មួយ​កន្លែង​នៅ​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​គេ​ដឹង​តាម​រយៈ​សារព័ត៌មាន​ក្នុង​ស្រុក ថា​ជា​ទីតាំង​ស្តុក​ទុក​ឈើ​យ៉ាង​ធំ​របស់​ឧកញ៉ា លីម ប៊ុណ្ណា។

លើស​ពី​នេះ គណៈកម្មាធិការ​ជាតិ ថែម​ទាំង​បាន​រក​ឃើញ​ឃ្លាំង​ស្តុក​ឈើ​ជាច្រើន​ផ្សេង​ទៀត​នៅ​ក្នុង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ ហើយ​សារព័ត៌មាន​ក្នុង​ស្រុក​ថែម​ទាំង​បញ្ជាក់​ចំៗ​ឈ្មោះ​ម្ចាស់​ឃ្លាំង​ស្តុក​ឈើ​ទាំងនោះ​រួម​មាន ឧកញ៉ា ស៊ឹង សំអុល និង​ឧកញ៉ា ថៃ នៅ​ស្រុក​អូររាំងឪ។

ក្រៅ​ពី​រក​ឃើញ​ទីតាំង​ស្តុក​ទុក​ឈើ​នៅ​ទឹកដី​ខេត្ត​ត្បូងឃ្មុំ ក៏​មាន​ដែរ​កន្លែង​ស្តុក​ទុក​ឈើ​នៅ​ទឹកដី​ខេត្ត​ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និង​ខេត្ត​រតនគិរី ពិសេស​នៅ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​មួយ​ចំនួន។ គំនរ​ឈើ​ខ្លះ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ដុត​កម្ទេច​ចោល មុន​ពេល​គណៈកម្មាធិការ​ជាតិ​ចូល​ទៅ​ដល់ ហើយ​មាន​ឈើ​ខ្លះ​ទៀត​ត្រូវ​បាន​គេ​យក​ទៅ​ជីក​ដី​កប់ ឬ​ទម្លាក់​ចោល​ក្នុង​រណ្ដៅ ជាដើម។

រយៈពេល​ប្រមាណ ៣​ខែ​ដំបូង ពោល​គឺ​នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៦ គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ បាន​បញ្ជូន​របាយការណ៍​របស់​ខ្លួន​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់​ពី​ចាប់​បាន​ឈើ​ខុស​ច្បាប់​ជាង ៧​ម៉ឺន​ម៉ែត្រ​គូប និង​ប្ដឹង​ឈ្មួញ​រក​ស៊ី​ឈើ​ចំនួន ៥៧​ករណី​ទៅ​តុលាការ។

អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ធ្លាប់​បញ្ជាក់​ប្រាប់​អាស៊ីសេរី​ម្តង​ជា​ពីរ​ដង​ថា សំណុំ​រឿង​ទាំងនេះ គណៈកម្មាធិការ​ជាតិ​បាន​បញ្ជូន​ទៅ​តុលាការ​រួច​រាល់​ហើយ ប៉ុន្តែ​ដំណើរការ​ស្រាវជ្រាវ​បែប​ណា គឺ​ជា​ភារកិច្ច​របស់​តុលាការ។

អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ត្បូងឃ្មុំ លោក ហាក់ សៀកលីម នៅ​មិន​ទាន់​អាច​បញ្ជាក់​អំពី​ដំណើរការ​រឿង​ក្តី​ទាំងនេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៨ មេសា ពីព្រោះ​លោក​ត្រូវការ​ស្រាវជ្រាវ​ថា តើ​នរណា​ជា​អ្នក​កាន់​សំណុំ​រឿង​ទាំងនេះ ដើម្បី​សួរ​នាំ ហើយ​លោក​នឹង​ប្រាប់​នៅ​ពេល​ក្រោយ៖ «រឿង​ព័ត៌មាន បើ​យើង​ចង់​ទទួល​មាន​តែ​យើង​ទៅ​សួរ​គេ។ ជា​ធម្មតា ខ្ញុំ​មិន​បាន​ចាប់​អារម្មណ៍​រឿង​ហ្នឹង​ដែរ»

យ៉ាង​ណា​ក៏ដោយ​ចុះ លោក អ៊ូច ឡេង មើល​ឃើញ​ថា បណ្ដា​ប្រទេស​កុម្មុយនីស្ត​មួយ​ចំនួន ការ​អនុវត្ត​ច្បាប់​ការពារ​ព្រៃ​ឈើ និង​ចាត់​វិធានការ​លើ​ក្រុម​ជន​ល្មើស​ដែល​បំផ្លាញ​ធនធាន​ព្រៃ​ឈើ មាន​លក្ខណៈ​ប្រសើរ​ជាង​ប្រទេស​កម្ពុជា ដែល​មន្ត្រី​រាជ​រដ្ឋាភិបាល​តែង​អះអាង​ថា​ជា​ប្រទេស​នីតិរដ្ឋ៖ «អន់​ជាង​ប្រទេស​វៀតណាម ខ្លាំង​ណាស់ អន់​ជាង​ប្រទេស​ចិន ខ្លាំង​ណាស់ ដែល​គេ​កាន់​របប​កុម្មុយនីស្ត ហើយ​គេ​អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង។ ចំណែក​យើង​វិញ ឲ្យ​ឈ្មួញ​ទាំងនោះ​នៅ​ត្រួត​ក្បាល​អ្នក​អនុវត្ត​ច្បាប់​នៅ​ប្រទេស​កម្ពុជា»

គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ដែល​បង្កើត​ឡើង​កាល​ពី​ខែ​មករា ឆ្នាំ​២០១៦ គឺ​មាន​តួនាទី​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​កាប់​ឈើ។ ការ​នាំ​ឈើ​ចេញ​ខុស​ច្បាប់ និង​បទល្មើស​ព្រៃ​ឈើ​ផ្សេងៗ​នៅ​ភាគ​ឦសាន ប៉ុន្តែ​ក្រោយ​មក គណៈកម្មាធិការ​ជាតិ​មួយ​នេះ​បាន​ពង្រីក​ការងារ​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស។ ក្រៅ​ពី​ការងារ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស គឺ​ត្រូវ​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​កាប់ និង​នាំ​ឈើ​ខុស​ច្បាប់​ទាំងនោះ។ បន្ថែម​ពី​នេះ ត្រូវ​ចាប់​ជន​ល្មើស និង​វត្ថុ​តាង​ដើម្បី​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ ហើយ​សហការ​ជាមួយ​ភាគី​វៀតណាម ព្រម​ទាំង​ប្រទេស​ឡាវ ដើម្បី​ឲ្យ​ការងារ​មាន​ប្រសិទ្ធភាព។

យ៉ាង​នេះ​ក្តី គេ​មើល​ថា​មាន​ការ​ចាប់​ខ្លួន​ឈ្មួញ​ឈើ​នៅ​ខេត្ត​ស្ទឹងត្រែង ម្នាក់​ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង ប៉ុន្តែ​ករណី​ធំៗ​ផ្សេង​ទៀត នៅ​មិន​ទាន់​ចាត់​វិធានការ ឬ​ចាប់​ខ្លួន​ឧក្រិដ្ឋជន​ទាំងនោះ​នៅ​ឡើយ។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ មើល​ឃើញ​ថា គោលដៅ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​គណៈកម្មាធិការ​ជាតិ​មួយ​នេះ បាន​បរាជ័យ​ជាង​ពាក់​កណ្ដាល​រួច​ទៅ​ហើយ ពីព្រោះ​មិន​បាន​ចាប់​ខ្លួន​ជន​ល្មើស​ពាក់ព័ន្ធ​សំណុំ​រឿង​បំផ្លាញ​ធនធាន​ព្រៃ​ឈើ​យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់។ បន្ថែម​ពី​នេះ ការ​អនុវត្ត​ច្បាប់​គ្មាន​ប្រសិទ្ធភាព បណ្ដាល​ឲ្យ​ព្រៃ​ឈើ​យ៉ាង​ច្រើន​ត្រូវ​វិនាស និង​ប៉ះពាល់​ដល់​បរិស្ថាន ពិសេស​ធ្វើ​អាកាសធាតុ​ប្រែប្រួល​យ៉ាង​ខ្លាំង​នៅ​ពេល​បច្ចុប្បន្ន៖ «អ្វី​ទាំងអស់​ហ្នឹង សំខាន់​បំផុត​គឺ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ។ អ៊ីចឹង​យើង​មាន​អង្គភាព​មួយ​ទៀត គឺ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ»

ចំណាត់ការ​ផ្លូវ​ច្បាប់​បែប​នេះ លោក ប៉ែន ប៊ុណ្ណារ៍ យល់​ថា ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់​តែ​បាត់បង់​ជំនឿ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា និង​បង្កើត​ឲ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព​កាន់​តែ​ច្រើន ប្រសិន​បើ​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​តែ​ព្រងើយ​កន្តើយ​ទៀត។ លោក​បន្ត​ថា មន្ត្រី​នគរបាល​យុត្តិធម៌ និង​ស្ថាប័ន​អនុវត្តន៍​ច្បាប់ គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​វិនាសកម្ម​ព្រៃ​ឈើ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles