ប្រភពពីអាជ្ញាធរខេត្តសៀមរាប ឲ្យដឹងថា យ៉ាងហោចណាស់មានប្រជាពលរដ្ឋចំនួន ៦នាក់នៅស្រុកផ្សេងពីគ្នា បានស្លាប់ដោយសាររន្ទះបាញ់ និងផ្ទះរលំសង្កត់ កាលពីល្ងាចថ្ងៃទី២៨ ខែមេសា បន្ទាប់ពីមានគ្រោះធម្មជាតិខ្យល់កន្ត្រាក់ខ្លាំងលាយឡំជាមួយរន្ទះផងនោះ។
នៅឯភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប គឺរន្ទះបានបាញ់ស្លាប់បុរសម្នាក់ឈ្មោះ វង អំ អាយុ ៥៣ឆ្នាំ និងគោរបស់គាត់ ១ក្បាល ហើយកូនស្រីម្នាក់អាយុ ១៣ឆ្នាំ ក៏បានរងរបួស និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលពីល្ងាចថ្ងៃទី២៨ ខែមេសា។
ភរិយារបស់អ្នករងគ្រោះដោយសាររន្ទះបាញ់ គឺលោកស្រី គាំ សុច។ លោកស្រីមានប្រសាសន៍នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមេសា ថា កាលពីវេលាម៉ោងជាង ៥ល្ងាចថ្ងៃទី២៨ ផ្ទៃមេឃចាប់ផ្ដើមខ្មៅ ហើយខ្យល់បានបក់បោកខ្លាំង។ ប្ដីរបស់គាត់ឈ្មោះ វង អំ ឃើញដូច្នេះក៏ចេញទៅខាងក្រៅផ្ទះ ដើម្បីដឹកគោមកចងនៅក្នុងខ្ទម។ ភ្លាមៗនោះ រន្ទះក៏បាញ់ប្ដីរបស់គាត់ស្លាប់ជាមួយនឹងគោ ១ក្បាលទៀត ចំណែកឯកូនស្រីម្នាក់អាយុ ១៣ឆ្នាំ ក៏រងរបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកុមារអង្គរដែរ៖ «មេឃឡើងខ្មៅទៅ ប្ដីរបស់ខ្ញុំក៏ប្រាប់កូនថាឪ ទៅដឹកគោសិន ទៅចងក្នុងផ្ទះ បន្ទាប់មកក៏ឮសូរសំឡេងខ្លាំង និងខ្ទាតដីឆាវ មើលទៅឪក៏ដួលស្លាប់ភ្លាម»។
អភិបាលរងខេត្តសៀមរាប លោក គឹម ឆៃហៀង ឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៨ ខែមេសា ដែរ គឺរន្ទះបានបាញ់ប្រជាពលរដ្ឋម្នាក់ស្លាប់នៅឃុំតាសោម ស្រុកអង្គរជុំ ហើយនៅស្រុកបន្ទាយស្រី មានប្រជាពលរដ្ឋម្នាក់ស្លាប់ដោយសាររន្ទះបាញ់ និងម្នាក់ទៀតត្រូវផ្ទះរលំសង្កត់ស្លាប់ដែរ។
ចំណែកអភិបាលរងខេត្តសៀមរាប លោក លី សំរិទ្ធ ឲ្យដឹងថា នៅថ្ងៃតែមួយនេះ ប្រជាពលរដ្ឋម្នាក់នៅឃុំសសរស្ដម្ភ ស្រុកពួក និងម្នាក់ទៀតនៅស្រុកសូទ្រនិគម ក៏ត្រូវរន្ទះបាញ់ស្លាប់ដូចគ្នា៕
(អ្នកជំនាញណែនាំពីវិធីការពារខ្លួនដើម្បីឲ្យជៀសផុតពីរន្ទះ)