អ្នកឃ្លាំមើលផែនការអភិវឌ្ឍន៍សង្គម និងភ្ញៀវទេសចរដែលចូលទៅទស្សនាខេត្តព្រះសីហនុ បន្តបារម្ភខ្លាចព្រៃឈើធម្មជាតិដែលដុះនៅលើកោះរ៉ុង ត្រូវរលាយហិនហោច ព្រោះរាល់ថ្ងៃនេះឃើញមានសកម្មភាពរបស់ឈ្មួញ និងមន្ត្រីមានអំណាច បានបន្តកាប់រានយកដីធ្វើកម្មសិទ្ធិ។
មន្ត្រីសង្គមស៊ីវិល និងភ្ញៀវទេសចរ ហួសចិត្តដែលមន្ត្រីស្ថាប័នពាក់ព័ន្ធ ពិសេសរដ្ឋបាលខេត្តព្រះសីហនុ មិនមានលទ្ធភាពការពារព្រៃឈើមានដើមដុះធំៗនៅលើកោះរ៉ុង ដោយទុកឲ្យមានការកាប់រានដីព្រៃធ្វើកម្មសិទ្ធិឯកជន។
អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ទទូចដល់ថ្នាក់ដឹកនាំនៅតាមក្រសួងពាក់ព័ន្ធថ្នាក់ជាតិ ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយចេញបទបញ្ជាក្ដៅទប់ស្កាត់សកម្មភាពកាប់រានដីព្រៃធម្មជាតិនៅលើកោះរ៉ុង ឲ្យបានទាន់ពេល ព្រោះសព្វថ្ងៃនេះ រដ្ឋបាលខេត្តព្រះសីហនុ គ្មានលទ្ធភាពទប់ស្កាត់ទេ។
អ្នកឃ្លាំមើលសង្គមរូបនេះរិះគន់ថា កន្លងមក រដ្ឋបាលខេត្តព្រះសីហនុ ពិសេសមន្ត្រីរដ្ឋបាលព្រៃឈើបានដាក់ពាក្យប្ដឹងពលរដ្ឋក្រីក្រដែលចូលទៅកាប់រានដីព្រៃរដ្ឋបន្តិចបន្តួចដើម្បីធ្វើជម្រក បញ្ជូនទៅកាន់តុលាការ ហើយត្រូវបានតុលាការកោះហៅ និងផ្ដន្ទាទោសដាក់ពន្ធនាគារមួយចំនួន។ ប៉ុន្តែសម្រាប់មន្ត្រីកំពុងមានតួនាទីក្រោមឱវាទរដ្ឋបាលខេត្តព្រះសីហនុ និងឈ្មួញមានទ្រព្យដែលជួលកម្មករឲ្យចូលទៅកាប់រានដីព្រៃធម្មជាតិនៅលើកោះរ៉ុង មិនត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើចេញមុខទប់ស្កាត់ ឬប្ដឹងអ្នកប្រព្រឹត្តិល្មើសទៅកាន់តុលាការនោះទេ។
អ្នកស្រី សុធារី ទទូចដល់រដ្ឋបាលខេត្តព្រះសីហនុ ពិសេសមន្ត្រីរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ គួរពិចារណារាល់ទង្វើ និងសកម្មភាពរបស់ខ្លួន ដែលបានអនុវត្តច្បាប់កន្លងទៅនេះ ថាតើបានអនុវត្តស្មើភាពគ្នារវាងមន្ត្រីមានអំណាច ឈ្មួញមានទ្រព្យ និងពលរដ្ឋក្រីក្រដែរឬយ៉ាងណា?៖ «បន្ទាប់ពីមានសកម្មភាពនៃការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋពីអាជ្ញាធររួចមក យើងឃើញថាសកម្មភាពនៃការកាប់រានដីព្រៃនៅលើកោះរ៉ុង បានបន្តកើតមានដដែល គឺមិនទាន់បានថយចុះទេ ស្នើឲ្យរដ្ឋបាលខេត្តពិនិត្យមើលរឿងនេះ។ គោលនយោបាយនៃការវាស់វែងរបស់អាជ្ញាធរ បានបញ្ជាក់ថា ការវាស់វែងដីជូនពលរដ្ឋ គឺវាស់ជូនដីដែលមានដំណាំដាំដុះ និងដីដែលបានប្រើប្រាស់ ប៉ុន្តែជាក់ស្តែង ដីមិនទាន់មានការប្រើប្រាស់ជាក់ស្តែងផង ឲ្យតែមានអ្នកមកចង្អុលបង្ហាញដល់មន្ត្រីចុះវាស់ដីជូនពលរដ្ឋ គឺត្រូវបានមន្ត្រីជំនាញចាប់ផ្តើមពិនិត្យ និងចុះវាស់ជូនភ្លាម ហើយប្រជាពលរដ្ឋក៏បាននាំគ្នាកាប់ឆ្ការដីព្រៃឈើទាំងនោះចោល ដើម្បីឲ្យស្ថានភាពដីរបស់ពួកគាត់ជាដីបានប្រើប្រាស់ និងបានដាំដុះជាក់ស្តែង»។
ភ្ញៀវទេសចរជាតិភាគច្រើនមកពីរាជធានីភ្នំពេញ ដែលបានចូលទៅទស្សនាកោះរ៉ុង ហើយឃើញការកាប់បំផ្លាញព្រៃឈើធម្មជាតិនៅលើកោះរ៉ុង ក៏ព្រួយបារម្ភខ្លាចបាត់បង់ព្រៃធម្មជាតិនេះដែរ។ ពួកគេបារម្ភខ្លាចទៅថ្ងៃអនាគត ភ្ញៀវទេសចរអន្តរជាតិលែងចាប់អារម្មណ៍ និងឈប់ចូលមកកម្សាន្តនៅលើកោះរ៉ុងទៀតទេ។
ភ្ញៀវទេសចរជាតិ បានអះអាងថា ព្រៃឈើធម្មជាតិមានដុះដើមធំៗពិតជាត្រូវកាប់ និងដុតរានយកដីធ្វើកម្មសិទ្ធិ មានវិសាលភាពធំធេង ហើយទំនងជាត្រូវបំផ្លាញរលាយហិនហោចក្នុងរយៈពេលដ៏ខ្លីខាងមុខ។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ឲ្យដឹងថា សកម្មភាពកាប់រានដីព្រៃនៅតាមតំបន់ខ្លះនៅលើកោះរ៉ុង បានកើតមានស្របពេលដែលមន្ត្រីជំនាញក្រសួងដែនដី និងមន្ត្រីជំនាញស្ថាប័នដទៃទៀត មានរដ្ឋបាលខេត្តព្រះសីហនុ ជាដើម បានចុះវាស់កាត់ឆ្វៀលកំណត់ក្បាលដីជូនប្រជាពលរដ្ឋ ដើម្បីឈានដល់មានសិទ្ធិកាន់កាប់ដីស្របច្បាប់។
លោកទទួលស្គាល់ថា ព្រៃឈើ និងតំបន់ឆ្នេរនៅលើកោះរ៉ុង គឺជាសក្ដានុពលដ៏សំខាន់សម្រាប់ទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍ ឲ្យចូលមកទស្សនាតំបន់កោះ ប៉ុន្តែបើព្រៃឈើត្រូវរលាយហិនហោច ទេសចរនឹងលែងចាប់អារម្មណ៍ចូលទៅកម្សាន្តតាមតំបន់កោះទៀតទេនាថ្ងៃអនាគត។
លោក យន្ត មីន បញ្ជាក់ថា នៅថ្ងៃខាងមុខ ប្រសិនបើប្រជាពលរដ្ឋ ឬប្រតិបត្តិករទេសចរត្រូវការកាប់ដើមឈើដែលដុះនៅលើចំណែកក្បាលដីរៀងៗខ្លួនសម្រាប់ធ្វើការអភិវឌ្ឍអ្វីមួយ គឺស្នើឲ្យប្រជាពលរដ្ឋត្រូវជូនដំណឹង ឬសុំការអនុញ្ញាតពីអាជ្ញាធរស្ថាប័នពាក់ព័ន្ធជាមុន បើមិនដូច្នេះទេ នឹងប្រឈមមុខច្បាប់ធ្ងន់ធ្ងរ៕