អង្គការ Freedom House ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាថា ជាប្រទេសពុំមានសេរីភាពសារព័ត៌មាននៅក្នុងចំណោមប្រទេស ចំនួន៤០ប្រទេស នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនេះ។ ប្រតិកម្មនឹងការចោទប្រប្រកាន់នេះ ទាំងមន្ត្រីក្រសួងព័ត៌មាន និងគណបក្សប្រជាជនកម្ពុជា យល់ឃើញថា របាយការណ៍របស់អង្គការមិនមែនរដ្ឋាភិបាលមួយនេះ ចេះតែវាយប្រហារប្រទេសកម្ពុជាទាំងបិទភ្នែក។
បើទោះជាបែបណា អង្គការអន្តរជាតិដែលលើកកម្ពស់លើប្រព័ន្ធផ្សព្វផ្សាយមួយនេះ ចាត់ទុកកម្ពុជា ថាជាប្រទេសដែលឋិតនៅក្រោមការឃ្លាំមើល ថាសេរីភាពសារព័ត៌មានអាចនឹង ងើបឡើង ឬធ្លាក់ ដ្បិតអង្គការនេះ ចោទប្រកាន់ថាលោក ហ៊ុន សែន បានរកមធ្យោបាយគ្រប់វិធីក្នុងការបង្ក្រាបធ្វើយ៉ាងណាឲ្យប្រព័ន្ធព័ត៌មានត្រូវចុះខ្សោយ នៅមុនការបោះឆ្នោតមកដល់ក្នុងពេលខាងមុខនេះ។
របាយការណ៍ដែលចេញផ្សាយនៅក្នុងខែមេសានេះ ដោយអង្គការ Freedom House បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាក្នុងលេខរៀងទី ៣៣ ក្នុងចំណោមប្រទេសទាំង៤០នៅអាស៊ី-ប៉ាស៊ីហ្វិក និងលេខរៀង១៥២ ក្នុងចំណោមប្រទេសទាំង ១៥៨នៅលើពិភពលោកថា ជាប្រទេសដែលពុំមានសេរីភាពផ្នែកសារព័ត៌មានទាល់តែសោះ។ ប៉ុន្តែ របាយការណ៍ដែលដាក់ចំណងជើងថា សេរីភាពសារព័ត៌មានស្ថិតក្នុងជើងមេឃខ្មៅងងឹតរកឃើញថា សេរីភាពតាមប្រព័ន្ធអ៊ីនធឺណិត ឬ Online នៅមានលក្ខណៈគ្រាន់បើខ្លះ។
ប្រតិកម្មនឹងការចោទប្រកាន់នេះ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានលោក អ៊ុក គឹមសេង យល់ឃើញថា ការវាយតម្លៃពីស្ថានភាពនៃវិស័យសារព័ត៌មានដោយអង្គការ Freedom House នេះគឺមិនត្រឹមត្រូវ និងពុំអាចទទួលយកបានថែមទៀតផង។ លោកបន្តថា កម្ពុជាបានបើកទូលាយក្នុងលំហនៃសេរីភាពសារព័ត៌មាន តាមរយៈបើកឲ្យមានព្រឹត្តិបត្រ ទូរទស្សន៍ និង វិទ្យុជាដើម ដែលបម្រើឲ្យការផ្សព្វផ្សាយបានដោយសេរី៖ «ខ្ញុំមិនយល់ឃើញដូចគាត់និយាយពាក្យថាមិនមានទាល់សោះ គាត់មិនបានមើលឲ្យគ្រប់ជ្រុងនៅកម្ពុជា។ ដោយសារអីដោយសារបណ្ដាញព័ត៌មានទាំងអស់ជាពិសេសបណ្ដាញដែលមានការទទួលខុសត្រូវដូចអាស៊ីសេរីជាដើមអ៊ីចឹងគឺគាត់ធ្វើការអ្វីគ្រប់យ៉ាងដែលគាត់បានធ្វើហើយគ្មានអីរារាំងផង»។
យ៉ាងនេះក្ដី អង្គការ Freedom House រកឃើញថា ឆ្លងកាត់ការបាត់បង់ប្រជាប្រិយភាពនៃសន្លឹកឆ្នោត កាលពីឆ្នាំ២០១៣កន្លងទៅ ធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនសប្បាយចិត្ត និងប្រើគ្រប់វិធីដើម្បីបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយ ធ្វើយ៉ាងណាឲ្យចុះខ្សោយនៅមុនការបោះឆ្នោតមកដល់ ក្នុងពេលខាងមុខ។
ឆ្លើយតបនឹងការរិះគន់នេះអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រតិកម្មថា ជារបាយការណ៍បម្រើឲ្យបក្សប្រឆាំង និងមានភាពលម្អៀងតែម្ខាងរួចជាស្រេចទៅហើយ។ លោកបន្តថា គណបក្សកាន់អំណាចបានផ្ដល់សិទ្ធិយ៉ាងទូលំទូលាយ តាមរយៈសេរីភាពសារព័ត៌មាននេះ ជាពិសេសមុនការចុះផ្សាយរបស់ស្ថាប័ននានា ពុំដែលត្រួតពិនិត្យជាមុនថែមទៀងផង។ លោកបន្តថា៖ «ម៉េចទៅចុះផ្សាយរាល់ថ្ងៃនេះប្រព័ន្ធផ្សព្វផ្សាយទាំងកាសែត ទស្សនាវដ្ដី និងទូរទស្សន៍ជាដើមគេមានសិទ្ធិទូលំទូលាយនឹងការផ្សព្វផ្សាយ។ រដ្ឋាភិបាល និងសមត្ថកិច្ចអត់មានទៅរករឿងអីផង " ។
ទាក់ទិនរឿងនេះ ក្រសួងព័ត៌មានបានចេញផ្សាយសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី២៨ មេសា ដែរដោយប្រើប្រាស់ថ្ងៃទី៣ ខែឧសភា ដើម្បីអបអរទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី១៦ ខាងមុខនេះ។ សេចក្ដីប្រកាសព័ត៌មានដដែលនេះបញ្ជាក់ដែរថា ទិវានេះធ្វើឡើងក្នុងន័យដើម្បី រំលឹកវិញ្ញាណក្ខន្ធអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ដែលបាត់បង់ជីវិតក្នុងបុព្វហេតុបេសកកម្មរបស់ខ្លួន កាលពីសម័យសង្គ្រាមនៅកម្ពុជា។
ជុំវិញរឿងនេះ អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ រិះគន់ថា មានអ្នកកាសែតជាច្រើននាក់ ដែលស្លាប់ក្រោយឆ្នាំ១៩៩៣ កម្រឃើញស្ថាប័នជំនាញរបស់រដ្ឋមួយនេះ ជួយជ្រោមជ្រែង និងរកយុត្តិធម៌ឲ្យនៅឡើយទេ រហូតមកដល់ពេលនេះ៕