ប្រធានរដ្ឋសភា លោក ហេង សំរិន បានបញ្ជូនលិខិតរបស់លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សប្រឆាំងកោះហៅឲ្យអ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២៦ ខែមេសា ដើម្បីសាកសួរពីការងារគ្រប់គ្រងអាជ្ញាធរអប្សរា។
លិខិតកោះហៅរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នេះយោងតាមមាត្រា ៩៦ នៃរដ្ឋធម្មនុញ្ញ និងសំណើពីប្រជាពលរដ្ឋជាច្រើនក្នុងខែត្រសៀមរាប និងខែត្រមួយចំនួនទៀត បានរៀបរាប់ថា កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានប្រគល់អាជ្ញាធរអប្សរាទៅឲ្យក្រសួងវប្បធម៌ គ្រប់គ្រងនោះ គឺការងារអនុវត្តកន្លងមករបស់អាជ្ញាធរអប្សរាបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅរបស់ប្រជាពលរដ្ឋដែលមានលំនៅឋានក្នុងតំបន់ដែលមានសំណង់បុរាណ រួមទាំងការចំណាយគ្មានតម្លាភាពលើទឹកប្រាក់ជាច្រើនលានដុល្លារតាំងពីឆ្នាំ២០១០ មក។
ក្នុងលិខិតដដែលបញ្ជាក់ថា មន្ត្រីអាជ្ញាធរអប្សរាមួយចំនួនបានប្រើប្រាស់អំណាចដោយបំពានក្នុងការជំរិតទារយកប្រាក់ពីប្រជាពលរដ្ឋដោយខុសច្បាប់ តាមរយៈចុះទៅរុះរើសំណង់បន្តិចបន្តួចរបស់ប្រជាពលរដ្ឋ មានដូចជា ទ្រុងមាន់ បង្គន់ ឬរបងជាដើម ទោះបីជាប្រជាពលរដ្ឋបានស្នើសុំអាជ្ញាធរមូលដ្ឋានត្រឹមត្រូវហើយក៏ដោយ ក៏មន្ត្រីទាំងនោះទាមទារឲ្យបង់ប្រាក់ក្រៅផ្លូវការរាប់រយដុល្លារ មុននឹងគេសន្យាថា នឹងមិនទៅរំខានពេលសាងសង់តិចតួចនោះ។ ចំពោះតំបន់មិនអនុញ្ញាតឲ្យសាងសង់វិញ ក្រុមមន្ត្រីអាជ្ញាធរអប្សរាបែរជាអនុញ្ញាតឲ្យមានការសាងសង់សំណង់បេតុងតូចធំព្រោងព្រាត។
លោក សុន ឆ័យ បានដាក់សំណួរថា តើលោកជំទាវរដ្ឋមន្ត្រីនឹងចាត់វិធានការយ៉ាងណាចំពោះមន្ត្រីខិលខូចទាំងនោះ? តើនឹងរៀបចំសម្រួលដល់ប្រជាពលរដ្ឋក្នុងតំបន់ដែលអាចសាងសង់សំណង់ស្រាលបានដោយរបៀបណា ដើម្បីជៀសវាងកុំឲ្យមន្ត្រីខិលខូចតាមជំរិតទារប្រាក់ពីពលរដ្ឋទៀតបាន?
របាយការណ៍ដែលអាជ្ញាធរអប្សរាផ្ដល់ជូនគណៈកម្មការទី២ នៃរដ្ឋសភាបានបង្ហាញថា អាជ្ញាធរបានចំណាយលើការងារតាំងពីឆ្នាំ២០១០ មក គឺនៅឆ្នាំ២០១០ ចំណាយជាង ១៥លានដុល្លារ មកដល់ឆ្នាំ២០១៤ ជាង ២៥លានដុល្លារ តែពុំមានរបាយការណ៍ចំណាយជាក់ស្ដែងនោះទេ។
ចំពោះចំណូលវិញ អាជ្ញាធរបានជួលដីដែលរឹបអូសពីប្រជាពលរដ្ឋដោយខុសច្បាប់យកទៅជួលឲ្យក្រុមហ៊ុនមួយចំនួន ក្នុងនោះមានដីចំនួន ២៣ហិកតារ ជួលឲ្យក្រុមហ៊ុនរបស់លោក សុខ គង់ ក្នុងតម្លៃ ៩,៦៦លានដុល្លារ រយៈពេល ៩៩ឆ្នាំ។ ការជួលដីឃុបឃិតគ្នាក្នុងតម្លៃថោកដែលចម្លែកយ៉ាងនេះក្ដី តាមរបាយការណ៍ អាជ្ញាធរនេះទើបទទួលបានប្រមាណ ២លានដុល្លារប៉ុណ្ណោះសម្រាប់បង់ចូលថវិកាជាតិ៕