Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អតីត​ពលរដ្ឋ​បុរីកីឡា​ទាមទារ​ដំណោះស្រាយ​បន្ថែម​ពី​ស្ថាប័ន​រដ្ឋ​ចំនួន​៤

$
0
0

អតីត​ពលរដ្ឋ​បុរីកីឡា ដែល​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ ជម្លៀស​ឲ្យ​ទៅ​តំបន់​ភ្នំបាត លើក​គ្នា​ប្រមាណ ៣០​នាក់ មក​ទាមទារ​ឲ្យ​រដ្ឋ​សភា ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​សាលាក្រុង​ភ្នំពេញ ផ្ដល់​ដំណោះស្រាយ​បន្ថែម​ដល់​ពួកគេ។ ប៉ុន្តែ​ចម្លើយ​ត្រឡប់​របស់​មន្ត្រី​ស្ថាប័ន​ទាំង​នោះ​មិន​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​ក្រុម​ពលរដ្ឋ​ឡើយ។

ក្រុម​ពលរដ្ឋ​ទាមទារ​ឲ្យ​អាជ្ញាធរ​ផ្ដល់​ទីតាំង​ថ្មី​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ត្រូវ​សង់ផ្ទះ​មួយ​ល្វែង​សម្រាប់​មួយ​គ្រួសារ រួម​ទាំង​ផ្ដល់​ថវិកា ៥​ពាន់​ដុល្លារ។ ចំណុច​ទី​២ ផ្ដល់​ប្រាក់ ១​គ្រួសារ​មួយ​ម៉ឺន​ដុល្លារ និង​ត្រូវ​រៀបចំ​តំបន់​ភ្នំបាត ឡើង​វិញ។

តំណាង​អតីត​ពលរដ្ឋ​បុរីកីឡា លោកស្រី ខៀវ ឡៃ រំពឹង​ថា ស្ថាប័ន​រដ្ឋ​ដែល​ក្រុម​ពលរដ្ឋ​សុំ​អន្តរាគមន៍​គិតគូរ​ដល់​ពលរដ្ឋ ព្រោះ​ពួកគេ​កំពុង​រស់​នៅ​ភ្នំបាត គ្មាន​មុខ​របរ ផ្ទះសំបែង​ត្រឹមត្រូវ៖ «»។

អតីត​ពលរដ្ឋ​បុរីកីឡា ដែល​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ ជម្លៀស​ឲ្យ​ទៅ​តំបន់​ភ្នំ​បាត បញ្ជាក់​មូលហេតុ​នៃ​ការ​ចេញ​មក​ទាមទារ​សំណង​បន្ថែម​ថា សាលាក្រុង​ភ្នំពេញ យក​ពួកគេ​ទៅ​ចាក​ចេញ​មិន​គិតគូរ​រហូត​ធ្វើ​ពួកគេ​ធ្លាក់​ខ្លួន​ដើរ​សុំទាន រើស​អេតចាយ ហើយ​នារីៗ​ដាច់​ចិត្ត​កាត់សក់​របស់​ខ្លួន​លក់។

រី​ឯ​តំណាង​អតីត​ពលរដ្ឋ​បុរីកីឡា ម្នាក់​ទៀត លោកស្រី គឹម សារ៉ាន  ដែល​បាន​ជួប​មន្ត្រី​សាលា​រាជធានី​ឲ្យ​ដឹង​ថា គ្មាន​មន្ត្រី​ស្ថាប័ន​ណា​មួយ​ផ្ដល់​ចម្លើយ​ដល់​ពួកគេ​សង្ឃឹម​បាន​ទេ។ លោកស្រី​ព្រមាន​ថា បើ​នៅតែ​គ្មាន​ដំណោះស្រាយ​ក្រុម​ពលរដ្ឋ​នឹង​នាំ​គ្នា​សុំ​អន្តរាគមន៍​គ្រប់​ស្ថាប័ន​របស់​រដ្ឋ​បន្ត​ទៀត រហូត​បាន​សំណង​បន្ថែម​ទើប​ពួកគេ​បញ្ឈប់​សកម្មភាព៖ «»។

​កាល​ពី​ឆ្នាំ​២០១២ រដ្ឋាភិបាល​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​បុរីកីឡា ឲ្យ​ក្រុមហ៊ុន ផាន អ៊ីម៉ិច (Phan Imex)។ ក្រុមហ៊ុន​នេះ​បាន​ទៅ​ឈូស​ឆាយ​បំផ្លាញ​ផ្ទះសម្បែង​ពលរដ្ឋ​ចំនួន ៣៨៤​គ្រួសារ ដើម្បី​យក​ដី​អភិវឌ្ឍ ដោយ​ក្រុមហ៊ុន​នេះ​មាន​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​សាងសង់​អគារ​ចំនួន​១០ ជា​ការ​ដោះដូរ​ជូន​ពលរដ្ឋ។ ទី​បំផុត ក្រុមហ៊ុន​នេះ​សាងសង់​តែ ៨​អគារ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​គ្មាន​សំណង​សមរម្យ។ ក្រោយ​មក ពលរដ្ឋ​ខ្លះ​ត្រូវ​បាន​អាជ្ញាធរ​យក​ទៅ​ដាក់​នៅ​ឯ​ទួលសំបូរ ក្នុង​ខណ្ឌ​ដង្កោ ក្រុង​ភ្នំពេញ ហើយ​មួយ​ចំនួន​ទៀត​ត្រូវ​ដឹក​ទៅ​ដាក់​នៅ​តំបន់​ភ្នំ​បាត ក្នុង​ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល។

​ឆ្លើយ​តប​ការ​ទាមទារ​នេះ អភិបាល​រង និង​ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា ថា សាលាក្រុង​គ្មាន​គម្រោង​ផ្ដល់​សំណង​បន្ថែម​ណា​មួយ​ដល់​អតីត​ពលរដ្ឋ​បុរីកីឡា ទាំង​នោះ​ទេ។ ប៉ុន្តែ​លោក​ថា មន្ត្រី​សាលាក្រុង​ភ្នំពេញ នឹង​ចុះ​ដល់​តំបន់​ភ្នំ​បាត ក្នុង​ពេល​ណា​មួយ​ដើម្បី​ពិនិត្យ​ពី​ស្ថានភាព​ជាក់ស្ដែង​របស់​ពលរដ្ឋ មុន​នឹង​ឈាន​ដល់​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន រួម​មាន ផ្លូវ ទឹក ភ្លើង ដល់​ពួកគេ៖ «»។

​ចំណែក​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ យល់​ថា ជា​គោលការណ៍ ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់​បុរីកីឡា និង​រដ្ឋាភិបាល​ត្រូវ​ធានា​ផ្ដល់​ការ​ខូចខាត​សមស្រប​ទៅ​នឹង​ការ​បាត់បង់​របស់​ពលរដ្ឋ៖ «»។

​ក្នុង​សន្និសីទ​សា​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា អភិបាល​រង​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ថា លោក​មិន​ជឿ​ថា អតីត​ពលរដ្ឋ​បុរីកីឡា ដែល​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ ជម្លៀស​ឲ្យ​ទៅ​តំបន់​ភ្នំ​បាត ធ្លាក់​ខ្លួន​ដើរ​សុំ​ទាន រើស​អេតចាយ​នោះ​ទេ។ ក្រុម​ពលរដ្ឋ​ថា បើ​សាលាក្រុង​មិន​ជឿ អាច​ចុះ​ទៅ​អង្កេត​ដល់​កន្លែង​ពួកគេ​រស់​នៅ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles