Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មន្ត្រី​សិទ្ធិមនុស្ស​រិះគន់​សមត្ថកិច្ច​ខេត្ត​កំពង់ឆ្នាំង​ដែល​មិន​ដោះស្រាយ​ជម្លោះ​ដី​ពលរដ្ឋ

$
0
0

ពលរដ្ឋ និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​រិះគន់​នគរបាល និង​អាជ្ញាធរ​មូលដ្ឋាន​របស់​ខេត្ត​កំពង់ឆ្នាំង ជុំវិញ​ករណី​ទំនាស់​ដីធ្លី​មួយ​កន្លែង​រវាង​ចៅ​អធិការ​វត្ត និង​ពលរដ្ឋ។ ពលរដ្ឋ​ចោទ​ថា ចៅ​អធិការ​វត្ត​បឹងខ្នារ ព្រះនាម នួន ស៊ីណាត់ បាន​កាប់​បំផ្លាញ​ដំណាំ និង​ដើម​ត្នោត​ជា​ច្រើន​ដើម​លើ​ដី​ដែល​គាត់​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៩៧៩ ដើម្បី​ចាក់​ដី​ព័ទ្ធ​របង​រំលោភ​យក​ធ្វើ​ជា​ដី​វត្ត។

មន្ត្រី​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង រិះគន់​នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ខ្នារឆ្មារ មេ​ឃុំ និង​អាជ្ញាធរ​ស្រុក​សាមគ្គីមានជ័យ ក្រោយ​រក​ឃើញ​ថា ភាគី​ចៅអធិការ​វត្ត​បឹងខ្នារ នៅ​បន្ត​សកម្មភាព​កាប់​បំផ្លាញ និង​ចាក់​អាចម៍​លើ​ដី​មាន​ជម្លោះ ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​បាន​ទប់ស្កាត់។ ការ​បណ្ដោយ​ដូច្នេះ ស្មើ​នឹង​មិន​បញ្ឈប់​បទល្មើស ឬ​ការពារ​ប្រយោជន៍​ពលរដ្ឋ។

មន្ត្រី​ផ្នែក​អង្កេត​អង្គការ​លីកាដូ លោក សៅ ភារៈ ថ្លែង​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ថា បន្ទាប់​ពី​ចុះ​អង្កេត​ពីរ​លើក​លើ​ករណី​នេះ​ឃើញ​ថា ភស្តុតាង​ដូច​ជា​ភ្លឺស្រែ និង​ដើម​ត្នោត​ដុះ​ជា​ជូរ​តាម​ព្រំ​របង ប៉ុន្តែ​ដើម​ត្នោត​ទាំង​នេះ ត្រូវ​ភាគី​ចៅអធិការ​ដឹកនាំ​នេនៗ​កាប់​រំលំ និង​ដុត​ចោល។ ភាគី​ពលរដ្ឋ​បាន​ចូល​កាន់​កាប់​ដី​តាម​របៀប​ភោគៈ ដោយ​មាន​អ្នក​ភូមិ​ធ្វើ​ជា​សាក្សី ដូច្នេះ​សមត្ថកិច្ច​គួរ​អន្តរាគមន៍​រឿង​នេះ៖ «ក្នុង​ករណី​នេះ​ខ្ញុំ​ស្នើ​សុំ​ឲ្យ​សមត្ថកិច្ច​អនុវត្ត​តួនាទី​របស់​ខ្លួន ក្នុង​ការ​ជួយ​ស្វែង​រក​យុត្តិធម៌​ឲ្យ​ជន​រង​គ្រោះ ហើយ​ទប់​ស្កាត់​កុំ​ឲ្យ​មាន​បទល្មើស​ហ្នឹង​កើត​ឡើង​បន្ត​ទៀត»

ទាក់ទង​បញ្ហា​នេះ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ខ្នារឆ្មារ លោក ឈឹម សំអាត ប្រកែក​ថា លោក​មិន​បាន​ដឹង​សកម្មភាព​បំផ្លាញ​ដំណាំ និង​ដើម​ត្នោត​នេះ​ទេ ហើយ​ពលរដ្ឋ​ក៏​មិន​ដែល​មក​ប្ដឹង​លោក​ដែរ។

ចំណែក​អភិបាល​ស្រុក​សាមគ្គីមានជ័យ លោក វន ស៊ីផា ថ្លែង​យ៉ាង​ខ្លី​ថា ដី​ដែល​កំពុង​មាន​ជម្លោះ គឺ​គ្មាន​ម្ចាស់​ឡើយ​ដោយ​ភាគី​ពលរដ្ឋ​ពុំ​មាន​លិខិត​កាន់កាប់​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ណា​ទាំង​អស់។ ក្នុង​រឿង​នេះ លោក​ថា អស់​លទ្ធភាព​សម្រេច​ហើយ ព្រោះ​ភាគី​ចៅអធិការ​វត្ត​បាន​ធ្វើ​របាយការណ៍​មួយ​ទៅ​ក្រសួង​ធម្មការ ដើម្បី​ដោះស្រាយ​បន្ត ព្រោះ​វា​ពាក់ព័ន្ធ​ដី​វត្ត និង​សាធារណៈ​របស់​រដ្ឋ៖ «បុគ្គល​ម្នាក់​អាច​ចង្អុល​ដី​ណា​ថា ជា​ដី​របស់​ខ្លួន​ក៏​បាន​ដែរ​មែន​ទេ? បើ​សិន​អត់​មាន​លិខិត​កាន់កាប់ អត់​មាន​ដឹង​ទំហំ អត់​មាន​អ្នក​ណា​ទទួល​ស្គាល់ អ៊ីចឹង​មួយ​ប្រទេស​យើង​មាន​បញ្ហា​អ៊ីចឹង​ទាំង​អស់​គ្នា​មែន​ទេ? សូម​ឲ្យ​មាន​ច្បាប់​មាន​ទម្លាប់​បន្តិច​ទៅ យ៉ាង​ហោច​ណាស់​មាន​លិខិត​ទទួល​ស្គាល់​ពី​ឃុំ​អ៊ីចឹង​ទៅ»

ទោះ​ជា​យ៉ាង​ណា ភាគី​ពលរដ្ឋ​ដែល​អះអាង​ថា ជា​ម្ចាស់​ដី​ទំហំ​ជិត ១​ហិកតារ លោកស្រី អ៊ុន សំរេច ថា​ចៅ​អធិការ​វត្ត​បឹងខ្នារ ព្រះនាម នួន ស៊ីណាត់ បាន​រៀបចំ​ដី​វត្ត​ប៉ះពាល់​ដល់​ដី​ស្រែ​ពលរដ្ឋ ៤​គ្រួសារ​ផ្សេង​ទៀត ប៉ុន្តែ​មាន​តែ​គ្រួសារ លោកស្រី​ប៉ុណ្ណោះ​ដែល​ហ៊ាន​ចេញ​មុខ​ប្ដឹង​តវ៉ា​ករណី​រំលោភ​បំពាន​នេះ។ ចាប់​តាំង​ពី​ពេល​មាន​រឿង​ក្នុង​ខែ​មករា ឆ្នាំ​២០១៧ មក គ្រួសារ​លោកស្រី​បាន​ប្ដឹង​ទៅ​មន្ទីរ​ទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ព្រម​ទាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ជា​ច្រើន​ទៀត ប៉ុន្តែ​ពុំ​មាន​ដំណោះ​ស្រាយ ឬ​បញ្ឈប់​សកម្មភាព​រំលោភ​បំពាន​នេះ​បាន​នៅ​ឡើយ​ទេ៖ «ឪពុក​ម្ដាយ​ខ្ញុំ បាន​កាន់កាប់​តាំង​ពី​ឆ្នាំ​១៩៧៩ មក អត់​ដែល​អី​សោះ។ សូម​ឲ្យ​ក្រសួង​យុត្តិធម៌​ចុះ​មក​មើល​ជាក់​ស្ដែង ហើយ​ជួយ​ក្រុម​គ្រួសារ​ខ្ញុំ​ផង បើ​ខាង​ខ្ញុំ​ចេះ​តែ​ទទួល​រង បើ​ទៅ​ពឹង​ខាង​ច្បាប់​ខាង​ច្បាប់​គេ​អត់​ដោះស្រាយ​ឲ្យ អ៊ីចឹង​ខ្ញុំ​ប្រជារាស្ត្រ​មិន​ដឹង​ទៅ​ពឹង​អ្នក​ណា​ទៀត»

កំណត់ហេតុ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ របស់​អភិបាល​ស្រុក​សាមគ្គីមានជ័យ លោក វន ស៊ីផា បង្ហាញ​ថា ស្ថានភាព​ដី​ជាក់​ស្ដែង​ជា​ប្រភេទ​ដី​ចំណី​បឹង ហើយ​ភាគី​ទាំង​សង​ខាង​សុទ្ធតែ​អះអាង​ថា ជា​ដី​របស់​ខ្លួន។ ក្នុង​នោះ​លោក​ស្នើ​ឲ្យ​ភាគី​ទាំង​ពី​អនុវត្ត​បី​ចំណុច ទី​១ ចៅអធិការ​ត្រូវ​បញ្ឈប់​ការ​កាប់​រាន និង​ចាក់​ដី​លើ​ទីតាំង​ដែល​ភាគី​ពលរដ្ឋ​អះអាង​ថា ជា​ដី​របស់​គាត់​ជា​បណ្ដោះអាសន្ន។ ចំពោះ​ទីតាំង​ផ្សេង​លោក​អាច​ចាក់​ដី​សម្អាត​វត្ត​បាន។ ទី​២ ភាគី​ទាំង​ពីរ​អាច​ស្វែង​រក​ដំណោះស្រាយ​តាម​ផ្លូវ​ច្បាប់ ឬ​ប្ដឹង​ទៅ​តុលាការ។ ទី​៣ សូម​ឲ្យ​មាន​ការ​ចរចា​រវាង​ភាគី​ទាំង​ពីរ​ដើម្បី​ដោះស្រាយ​ជា​ថវិកា​ដែល​ជា​ការ​ប្រសើរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles