Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ការ​សាងសង់​ប្រព័ន្ធ​បញ្ជូន​អគ្គិសនី​មាន​គុណភាព​នឹង​ជួយ​ផ្គត់ផ្គង់​អគ្គិសនី​មាន​ប្រសិទ្ធភាព

$
0
0

ម៉ាស៊ីន​សេដ្ឋកិច្ច និង​ប្រជាពលរដ្ឋ​កម្ពុជា កំពុង​ត្រូវការ​ថាមពល​អគ្គិសនី​ខ្លាំង។ រដ្ឋាភិបាល​រំពឹង​ថា ការ​សាងសង់​រោងចក្រ​អគ្គិសនី និង​ទំនប់​វារីអគ្គិសនី នឹង​អាច​ជួយ​ផ្សែផ្សំ​គ្នា​បង្កើត​អគ្គិសនី​ដើម្បី​បំពេញ​តម្រូវការ​របស់​ប្រទេស​កម្ពុជា។ អ្នក​ជំនាញ​ពន្យល់​ថា ក្រៅ​ពី​ផលិត​បាន​ថាមពល​អគ្គិសនី បញ្ហា​ប្រព័ន្ធ​បញ្ជូន​អគ្គិសនី​ក៏​ជា​កិច្ចការ​សំខាន់​ដែល​ត្រូវ​យក​ចិត្ត​ដាក់។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែល​ជា​ស្ថាប័នរដ្ឋ​ទទួល​បន្ទុក​កិច្ចការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា បាន​ប៉ាន់​ប្រមាណ​ថា កម្ពុជា ត្រូវការ​ថាមពល​អគ្គិសនី ២.២៨៣​មេហ្គាវ៉ាត់ នៅ​ឆ្នាំ​២០១៨ ហើយ​តម្រូវការ​នឹង​កើន​ដល់ ២.៧៧០​មេហ្គាវ៉ាត់ នៅ​ឆ្នាំ​២០២០។

CDC បញ្ជាក់​ថា ការ​ផ្គត់ផ្គង់​ថាមពល​នៅ​ពេល​បច្ចុប្បន្ន មិន​អាច​បំពេញ​តម្រូវការ​មូលដ្ឋាន​បាន​ទេ ហើយ​ការ​ផ្គត់ផ្គង់​អគ្គិសនី ២៤​ម៉ោង មិន​ទាន់​អាច​ធានា​បាន ចំណែក​គុណភាព​អគ្គិសនី​វិញ ក៏​មិន​ទាន់​អាច​ជឿជាក់​បាន​នៅ​ឡើយ។

​របាយការណ៍​វិស័យ​អគ្គិសនី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្សាយ​ដោយ​អាជ្ញាធរ​អគ្គិសនី​កាល​ពី​ឆ្នាំ​២០១៦ ឲ្យ​ដឹង​ថា ត្រឹម​ចុង​ឆ្នាំ​២០១៥ មាន​អ្នក​ប្រើប្រាស់​អគ្គិសនី​ចំនួន​ប្រហែល​ជិត ១,៩​លាន (១.៨៥៩.២០៥) ដែល​ចំនួន​នេះ​បាន​កើន​ឡើង ៣០​ភាគរយ ធៀប​ទៅ​នឹង​ឆ្នាំ​២០១៤។ អ្នក​ប្រើប្រាស់​ជាង ៩៩​ភាគរយ ទទួល​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ពី​ប្រព័ន្ធ​បណ្ដាញ​ជាតិ។

អាជ្ញាធរ​អគ្គិសនី​កម្ពុជា គូស​បញ្ជាក់​ថា ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ពី​ប្រព័ន្ធ​បញ្ជូន​អគ្គិសនី​ជាតិ (National Grid) បាន​កាត់​​បន្ថយ​ថ្លៃ​ដើម​នៃ​ការ​ផ្គត់ផ្គង់ និង​ចុះថ្លៃ​លក់​អគ្គិសនី​ជា​បន្តបន្ទាប់​ដល់​អ្នក​ប្រើប្រាស់។
ខណៈ​សេដ្ឋកិច្ច​កម្ពុជា កំពុង​បន្ត​ស្ទុះ​ឡើង តម្រូវការ​ថាមពល​អគ្គិសនី​ក៏​កើន​ឡើង​ខ្លាំង។ ក៏​ប៉ុន្តែ តម្លៃ​អគ្គិសនី​នៅ​ប្រទេស​កម្ពុជា ថ្លៃ​ខ្ពស់​ជាង​បណ្ដា​ប្រទេស​ជិត​ខាង។ បញ្ហា​នេះ​ជា​ឧបសគ្គ​សម្រាប់​ការ​ផលិត​ដើម្បី​ប្រកួតប្រជែង​លើ​ទីផ្សារ​ក្នុង​ស្រុក និង​អន្តរជាតិ ដោយសារ​ថ្លៃ​ដើម​ផលិត​មាន​តម្លៃ​ថ្លៃ​ជាង​គូប្រកួត​ប្រជែង។

ប្រព័ន្ធ​បញ្ជូន​ថាមពល​អគ្គិសនី​តង់ស្យុង​ខ្ពស់ ១១៥​គីឡូវ៉ុល ពី​ភ្នំពេញ ទៅ​បាវិត ប្រវែង ១៦០​គីឡូម៉ែត្រ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា។ គម្រោង​នេះ មាន​តម្លៃ ៧៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

​លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា ដែល​ជា​ក្រុមហ៊ុន​របស់​រដ្ឋ បញ្ជាក់​កាល​ពី​ពេល​សម្ពោធ​ថា ប្រព័ន្ធ​នេះ​មាន​សមត្ថភាព​បញ្ជូន​អគ្គិសនី ១៥០​គីឡូវ៉ាត់ នៅ​ឆ្នាំ​ដំបូង និង​កើន​សមត្ថភាព​ទ្វេ​ដង​នៅ​ពេល​អនាគត។ ​លោក​បញ្ជាក់​ថា គម្រោង​នេះ​មាន​សារសំខាន់​ដើម្បី​ធានា​ពី​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដោយ​អាច​ជឿ​ទុក​ចិត្ត​បាន មាន​គុណភាព ស្ថិរភាព និង​និរន្តរភាព​នៅ​តាម​តំបន់​ដែល​ប្រព័ន្ធ​ឆ្លង​កាត់។

​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ថ្លែង​កាល​ពី​ដើម​ខែ​មេសា ថា ប្រទេស​កម្ពុជា មាន​ខ្សែ​បញ្ជូន​អគ្គិសនី​តង់ស្យុង ១១៥​គីឡូវ៉ុល និង ២៣០​គីឡូវ៉ុល ដែល​មាន​ប្រវែង​សរុប ១.៥២៥​គីឡូម៉ែត្រ។ លោក​បន្ថែម​ថា ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ឆ្នាំ​២០១៦ មាន ២.០០៨​មេហ្គាវ៉ាត់ ដោយ​ភ្លើង ១.៥៩២​មេហ្គាវ៉ាត់ បាន​មក​ពី​ទំនប់​វារីអគ្គិសនី រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម រោងចក្រ​អគ្គិសនី​ដំណើរ​ការ​ដោយ​ប្រេងឥន្ធនៈ និង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ផ្ទាំង​ពន្លឺ​ព្រះអាទិត្យ ឬ​សូឡា ហើយ​ចំនួន ៤១៦​មេហ្គាវ៉ាត់ បាន​មក​ពី​ការ​នាំ​ចូល​ពី​ប្រទេស​វៀតណាម ថៃ និង​ឡាវ។

លោក ស៊ុយ សែម បញ្ជាក់​ថា ការ​អភិវឌ្ឍ​ប្រភព​ថាមពល​អគ្គិសនី និង​ប្រព័ន្ធ​ខ្សែ​បណ្ដាញ​ជាតិ​បញ្ជូន​ថាមពល​អគ្គិសនី គឺ​ជា​ធាតុ​សំខាន់ សម្រាប់​រុញ​សន្ទុះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។

នៅ​ខែ​មេសា នេះ ក្រុមហ៊ុន​បណ្ដាញ​ហេដ្ឋារចនាសម្ព័ន្ធ​ជប៉ុន ធី.ធី. (T.T. Network Infrastructure Japan) ដែល​ការ​វិនិយោគ​រួម​រវាង​ក្រុមហ៊ុន​ទេបកូ (TEPCO=Tokyo Electric Power Co. Holdings) និង​ក្រុមហ៊ុន​តូហ្ស៊ិបា (Toshiba) ប្រកាស​ពី​ការ​វិនិយោគ​ការ​ដំឡើង​ប្រព័ន្ធ​បញ្ជូន​ថាមពល​អគ្គិសនី​នៅ​ប្រទេស​កម្ពុជា។  គម្រោង​នេះ​​ដំណើរការ និង​ថែរក្សា​ប្រព័ន្ធ​បញ្ជូន​ថាមពល​អគ្គិសនី​តុងស្យុង ២៣០​គីឡូវ៉ុល ដែល​មាន​ប្រវែង ១៣០​គីឡូម៉ែត្រ ដែល​ត​ភ្ជាប់​រោងចក្រ​អគ្គិសនី​នៅ​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា មក​រាជធានី​ភ្នំពេញ។ ការ​វិនិយោគ​នេះ មាន​តម្លៃ ១៤,៧​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ក្រុមហ៊ុន​ជប៉ុន​នេះ មើល​ឃើញ​ថា ការ​ដំឡើង​ប្រព័ន្ធ​បញ្ជូន​ថាមពល​អគ្គិសនី​នៅ​ប្រទេស​កម្ពុជា កំពុង​រីក​ដុះដាល​ចំ​ពេល​ដែល​តម្រូវការ​ថាមពល​អគ្គិសនី​កើន​ឡើង​ខ្ពស់​ស្រប​នឹង​កំណើន​សេដ្ឋកិច្ច។ គម្រោង​វិនិយោគ​ដែល​រំពឹង​ថា នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៧  ក៏​មាន​ក្រុមហ៊ុន​ម៉ាឡេស៊ី ចូល​រួម​ដែរ។

​គេ​រំពឹង​ថា គម្រោង​រយៈពេល ២៥​ឆ្នាំ នឹង​ផ្ដល់​សេវា​គុណភាព​ខ្ពស់​ដោយ​កាត់​បន្ថយ​ការ​បាត់បង់​អគ្គិសនី​ពេល​បញ្ជូន។

​ថ្មី​នេះៗ ក្រុមហ៊ុន​ថាមពល​របស់​ជប៉ុន កំពុង​បង្កើន​ការ​វិនិយោគ​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា។ កាល​ពី​ខែ​កុម្ភៈ មុន ក្រុមហ៊ុន​តូហ្ស៊ិបា ផ្លែនត៍ ស៊ីស្ទែមស៍ អែន ស៊ឺវីសស៍ (Toshiba Plant Systems and Services Corporation) បាន​សិទ្ធិ​កសាង​រោងចក្រ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​កម្លាំង ១៥០​មេហ្គាវ៉ាត់ នៅ​ខេត្ត​ព្រះសីហនុ។

ខែ​មេសា នេះ​ដែរ ក្រុមហ៊ុន​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​ម៉ាឡេស៊ី  ឈ្មោះ​ផេសតិក (Pestech [Cambodia] Ltd) ទទួល​បាន​កុងត្រា​តម្លៃ ១០០​លាន​ដុល្លារ ដើម្បី​សាងសង់​ប្រព័ន្ធ​បញ្ជូន​ថាមពល​អគ្គិសនី​ប្រវែង ២២០​គីឡូម៉ែត្រ តង់ស្យុង ២៣០​គីឡូវ៉ុល ភ្ជាប់​ពី​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​តាតៃ ក្នុង​ខេត្ត​កោះកុង មក​កាន់​ក្រុង​ភ្នំពេញ។

​ក្រុមហ៊ុន​នេះ​ទទួល​បាន​កុងត្រា​ពី​ក្រុមហ៊ុន​ក្នុង​ស្រុក​ឈ្មោះ​អាឡិច ខបផូរ៉េសិន (Alex Corporation)  ដែល​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​អនុញ្ញាត​សាងសង់​ប្រព័ន្ធ​បញ្ជូន​ថាមពល​អគ្គិសនី។

រដ្ឋាភិបាល កាល​ពី​ឆ្នាំ​២០០៧ បាន​ចេញ​ផែនការ​ស្ដីពី​ការ​អភិវឌ្ឍ​ថាមពល​របស់​ប្រទេស​កម្ពុជា រយៈពេល ១៣​ឆ្នាំ (២០០៨ -​២០២០)។ ផែនការ​នេះ ព្យាករ​ថា តម្រូវ​ការ​ថាមពល​នឹង​បន្ត​កើន​ឡើង​ខ្លាំង​រហូតដល់​ឆ្នាំ​២០២០។ តាមរយៈ​ផែនការ​នេះ អគ្គិសនី​កម្ពុជា នឹង​ប្រឹង​ផ្គត់ផ្គង់​អគ្គិសនី​ឲ្យ​បាន ១០០​ភាគរយ​នៅ​គ្រប់​ភូមិ​ទូទាំង​ប្រទេស​ត្រឹម​ឆ្នាំ​២០២០។

ត្រឹម​ឆ្នាំ​២០២០ នេះ​ដែរ ផែនការ​នេះ​គឺ​ដាក់​ទិសដៅ​សាងសង់​ទំនប់​វារីអគ្គិសនី​ចំនួន​៨ និង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​ចំនួន​៣។ រដ្ឋាភិបាល​សង្ឃឹម​ថា កម្ពុជា​នឹង​មាន​ថាមពល​អគ្គិសនី ៣.៥៧៦​មេហ្គាវ៉ាត់ ប្រសិនបើ​ផែនការ​នេះ​ធ្វើ​បាន​សម្រេច។

​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​ការពារ​បរិស្ថាន អ្នក​ស្រាវជ្រាវ​បរិស្ថាន និង​អង្គការ​សង្គម​ស៊ីវិល ជា​រឿយៗ​លើក​ឡើង​ពី​ការ​ខ្វះខាត​របស់​រដ្ឋាភិបាល ក្នុង​ការ​ពិនិត្យ​តាមដាន​ឲ្យ​ម៉ត់ចត់​ពី​ការ​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម ដែល​បណ្ដាល​មក​ពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី។

ក្រុមហ៊ុន​ថាមពល​ដ៏​ធំ​មួយ​របស់​សហរដ្ឋអាមេរិក ឈ្មោះ ជេនណឺរ៉ល អេឡិចទ្រីក (General Electric) ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​មួយ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ថា វិស័យ​អគ្គិសនី​នៅ​កម្ពុជា  ត្រូវ​ការ​ផ្ដោត​លើ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​ចុង​ក្រោយ ដើម្បី​ទាញ​យក​អត្ថប្រយោជន៍​ពេញលេញ​ពី​ទំនប់​វារីអគ្គិសនី និង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម ប្រសិនបើ​រដ្ឋាភិបាល​ពិត​ជា​ប្ដេជ្ញា​សម្រេច​ផែនការ​ឆ្នាំ​២០២០ មែន​នោះ។ បច្ចេកវិទ្យា​ទំនើប នឹង​ជួយ​បញ្ចុះ​ថ្លៃ​អគ្គិសនី ព្រម​ទាំង​កាត់​បន្ថយ​ការ​បំផ្លាញ​បរិស្ថាន ដោយសារ​ទំនប់​វារីអគ្គិសនី និង​រោងចក្រ​អគ្គិសនី។

​ក្រៅ​ពី​នេះ General Electric ផ្តល់​យោបល់​ថា ការ​បញ្ជូន​ថាមពល​អគ្គិសនី​ឲ្យ​មាន​ភាព​ជាប់​លាប់​ក៏​មាន​សារសំខាន់ ហើយ​ការ​កសាង​ប្រព័ន្ធ​បញ្ជូន​អគ្គិសនី​ដែល​មាន​គុណភាព​អាច​ជួយ​ប្រែក្លាយ​សមត្ថភាព​កម្ពុជា ឲ្យ​ផ្គត់ផ្គង់​ថាមពល​ដែល​មាន​តម្លៃ​សមរម្យ និង​ជឿជាក់​បាន​ដល់​ប្រជាជន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles