Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​២​ខេត្ត​ឡើង​មក​ភ្នំពេញ​ដើរ​ដាក់​ញត្តិ​តាម​ក្រសួង​សុំ​អន្តរាគមន៍

$
0
0

ពលរដ្ឋ និង​កសិករ​មកពី​ខេត្ត​ចំនួន​២ បាន​នាំ​គ្នា​ដើរ​ដាក់​ញត្តិ​នៅ​តាម​ស្ថាប័ន​ជាតិ ដើម្បី​រក​អន្ដរាគមន៍​បញ្ហា​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន​នៅ​ខេត្ត​ស្វាយរៀង និង​នៅ​ខេត្ត​កណ្ដាល។ ពលរដ្ឋ​សង្ស័យ​ថា មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ឯកជន ទើប​ប៉ុន្មាន​ឆ្នាំ​មក​ហើយ​នៅ​តែ​គ្មាន​ដំណោះស្រាយ​សម្រាប់​ពួកគេ។

កសិករ​ទាំង​នោះ​មក​ពី​ស្រុក​រមាសហែក និង​ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ហើយ​ពលរដ្ឋ​ដែល​ចូល​រួម​តវ៉ា​បញ្ហា​ដីធ្លី​មក​ពី​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល នាំ​គ្នា​ដើរ​ថ្មើរ​ជើង​តាម​ផ្លូវ​ទាំង​តូច​ទាំង​ធំ​ពី​ក្រសួង​មួយ​ទៅ​ក្រសួង​មួយ​ទៀត ដើម្បី​យក​ញត្តិ​សុំ​អន្តរាគមន៍​ជម្លោះ​ដីធ្លី​នៅ​មូលដ្ឋាន​របស់​ពួកគេ។

​កសិករ​ដែល​មាន​ជម្លោះ​ដីធ្លី​មក​ពី​ខេត្ត​ស្វាយរៀង ភាគ​ច្រើន​និយាយ​ដោយ​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ថា ដី​របស់​គាត់​ត្រូវ​ក្រុមហ៊ុន​ដែល​លោក​មិន​ស្គាល់​ឈ្មោះ​មួយ​ឃាំង​របង​ទុក​ដី​ចោល។ ពលរដ្ឋ​ថា ក្រុមហ៊ុន​បាន​ដាក់​កម្លាំង និង​គ្រឿងចក្រ​នៅ​ទី​នោះ ហើយ​ពលរដ្ឋ​មិន​ហ៊ាន​ចូល​ទៅ​ធ្វើ​ស្រែ​ទេ៖ «»។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​បញ្ហា​ដីធ្លី​មាន​ចំនួន ១.៦៨៩​គ្រួសារ និង​ផ្ទៃដី​មាន​ទំហំ ៩៥៩,៦៦​ហិកតារ។

ពលរដ្ឋ និង​កសិករ​មាន​ជម្លោះ​ដីធ្លី បាន​ដើរ​យក​ញត្តិ​ទៅ​ដាក់​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បន្ទាប់​មក​ក្រសួង​ដែនដី ក្រសួង​កសិកម្ម និង​រដ្ឋ​សភា​ជាតិ។ មន្ត្រី​ដែល​ចេញ​មក​ទទួល​ញត្តិ​របស់​ពលរដ្ឋ​ទាំង​បួន​ស្ថាប័ន​សុទ្ធ​តែ​អះអាង​ស្រដៀង​គ្នា​ថា នឹង​បញ្ជូន​ញត្តិ​នេះ​ទៅ​ថ្នាក់​លើ​រៀងៗ​ខ្លួន​ដើម្បី​រក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ។ តែ​ពលរដ្ឋ​ថា មិន​សូវ​មាន​ជំនឿ ដោយសារ​មន្ត្រី​ធ្លាប់​បាន​ធ្វើ​បែប​នេះ​ច្រើន​ដង​ហើយ​។

ប្រធាន​គណៈកម្មការ​ចម្រុះ​ទទួល​ពាក្យ​តវ៉ា​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ប៉ាល់ ចន្ទតារា ដែល​ចេញ​មក​ទទួល​ញត្តិ​ពី​ពលរដ្ឋ​ប្រាប់​ថា គណៈកម្មការ​ចម្រុះ​របស់​លោក​នឹង​បញ្ជូន​ញត្តិ​ពលរដ្ឋ​ដែល​តវ៉ា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់។ មន្ត្រី​ទទួល​ញត្តិ​នៅ​គណៈរដ្ឋមន្ត្រី​រូប​នេះ សរសើរ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​ថា មាន​យន្តការ​ល្អ​ណាស់​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី៖ «»។

បើ​ទោះ​ជា​មាន​ការ​សន្យា​របស់​មន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ក្ដី ក៏​ពលរដ្ឋ និង​កសិករ​ដែល​តវ៉ា​មិន​ជឿ​ទាំង​ស្រុង​ដែរ។ អ្នក​តវ៉ា​ដែល​មាន​គ្នា​ជាង ១០០​នាក់ បាន​នាំ​គ្នា​ដើរ​ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ទៅ​ក្រសួង​ដែនដី ដើម្បី​យក​ញត្តិ​មួយ​ទៀត​ទៅ​ដាក់​ដោយ​ផ្ទាល់​នៅ​ក្រសួង​ដែនដី។ មន្ត្រី​រដ្ឋបាល​នៃ​ក្រសួង​ដែនដី ដែល​ចេញ​ទៅ​ទទួល​ញត្តិ​ពី​ពលរដ្ឋ​ក៏​សន្យា​ស្រដៀង​នឹង​មន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែរ។ បន្ទាប់​មក​ពលរដ្ឋ​បាន​បន្ត​ទៅ​ក្រសួង​កសិកម្ម។

​នៅ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ឡោ រស្មី បាន​ចេញ​ទទួល​ញត្តិ​ពី​ពលរដ្ឋ​នៅ​ក្នុង​របង​ក្រសួង។ អ្នកនាំពាក្យ​រូប​នេះ​សន្យា​ថា យក​ញត្តិ​ទៅ​ឲ្យ​រដ្ឋមន្ត្រី​ដើម្បី​បើក​កិច្ច​ប្រជុំ។ លោក​ស្នើ​ឲ្យ​ពលរដ្ឋ​កុំ​លើក​គ្នា​មក​ច្រើន​ពេក ដើម្បី​ទុក​ពេល​វេលា​ធ្វើ​ស្រែ​ចម្ការ។ តែ​ពលរដ្ឋ​ថា បើ​ឲ្យ​តែ​តំណាង​ពលរដ្ឋ​យក​ញត្តិ​ជូន​ក្រសួង មិន​មាន​ប្រសិទ្ធភាព​ទេ ដូច្នេះ​ហើយ​ទើប​ពួកគេ​មក​ទាំង​អស់​គ្នា។

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ម្នាក់​នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង លោកស្រី ខៀវ សារុន ថា ទោះ​ជា​មាន​ការ​ទទួល​ញត្តិ​ក៏​ពិត​មែន តែ​ពលរដ្ឋ​មិន​ទាន់​មាន​ជំនឿ​ថា ពួកគេ​បាន​ដី​យក​មក​ធ្វើ​ស្រែ​វិញ​ទេ។ លោកស្រី​បន្ត​ថា លិខិត​ដែល​ពលរដ្ឋ​ទទួល​បាន​ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម កាល​ពី​លើក​មុន មន្ត្រី​ថ្នាក់​មូលដ្ឋាន​មិន​បាន​អនុវត្ត​ទេ ហើយ​បាន​ចោទ​ថា ពលរដ្ឋ​យក​លិខិត​ក្លែងក្លាយ​ទៅ​បង្ហាញ​មន្ត្រី​នៅ​មូលដ្ឋាន។ លោកស្រី​ស្នើ​ឲ្យ​ក្រសួង​ចុះទៅ​ផ្ទាល់​ដល់​ទីតាំង​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន ដើម្បី​ដោះស្រាយ​ឲ្យ​ពលរដ្ឋ៖ «»។

​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​ស្វាយរៀង លោក ម៉ែន វិបុល បាន​ទេ ដោយ​លោក​រវល់​ប្រជុំ។

​ពលរដ្ឋ និង​កសិករ​បាន​ត្រឡប់​ទៅ​វិញ ក្រោយ​មន្ត្រី​រដ្ឋសភា​ទទួល​យក​ញត្តិ។ មុន​ត្រឡប់​ទៅ​វិញ ពួកគេ​ព្រមាន​ថា នឹង​ត្រឡប់​មក​តវ៉ា​ម្ដង​ទៀត ប្រសិនបើ​នៅ​តែ​មិន​មាន​ដំណោះស្រាយ។ ពួកគេ​រំពឹង​ថា ដំណោះស្រាយ​បាន​ដី​ស្រែ​មក​វិញ គឺ​ជា​ផ្លូវ​តែ​មួយ​គត់​ដែល​អាច​ឲ្យ​បងប្អូន​របស់​គេ​ដែល​ចំណាក​ស្រុក​ធ្វើ​ការ​នៅ​ថៃ អាច​មក​ធ្វើ​ស្រែ​ចម្ការ​ជុំ​គ្នា​វិញ​នៅ​ស្រុក​កំណើត៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles