តម្រួតព្រំដែនវៀតណាមបានបិទច្រករបៀងព្រំដែននៅចំណុចប៉ុស្តិ៍អូរស្វាយ ឬប៉ុស្តិ៍លេខ៨ ក្នុងឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី មិនឲ្យប្រជាពលរដ្ឋរដ្ឋខ្មែរ រស់នៅតំបន់ជិតច្រកទ្វារនោះចេញចូល ទិញដូរទំនិញដូចធម្មតានោះទេ។ ប្រជាពលរដ្ឋរស់នៅជិតតំបន់នោះអះអាងថា កំពុងជួបការលំបាក ដោយសារគ្មានទីផ្សារផ្លាស់ប្ដូរផលកសិកម្ម និងស្បៀងអាហារប្រចាំថ្ងៃ។
ប្រជាពលរដ្ឋរស់នៅជិតប៉ុស្តិ៍ការពារព្រំដែនអូរស្វាយ ក្នុងខេត្តមណ្ឌលគិរីស្នើសុំឲ្យអាជ្ញាធរសម្របសម្រួល ជាមួយភាគីវៀតណាម បើកច្រករបៀងព្រំដែននៅតំបន់នោះឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលចេញចូលទិញលក់ផលិតផល និងគ្រឿងអាហារបរិភោគជាមួយភាគីវៀតណាមដូចដែលធ្លាប់បានធ្វើកន្លងទៅ។
ការបិទច្រកព្រំដែននេះធ្វើឡើងនៅគ្រាដែលអាជ្ញាធរវៀតណាម កាលពីខែមីនា បានហាមឃាត់មិនឲ្យភាគីកម្ពុជាឈូសឆាយធ្វើផ្លូវតាមខ្សែក្រវាត់ព្រំដែន ចាប់ពីចំណុចអូរស្វាយទៅទល់នឹងច្រកទ្វារព្រំដែនអន្តរជាតិដាក់ដាំ ដែលជាតំបន់ប្រទាញប្រទង់មិនទាន់បោះបង្គោលព្រំដែន។
តំណាងប្រជាពលរដ្ឋលោក សាលី បញ្ជាក់នៅថ្ងៃទី២៨ ខែមេសា ថាពួកគាត់មិនដឹងច្បាស់ពីមូលហេតុបិទច្រករបៀងនោះទេ ក៏ប៉ុន្តែការបិទច្រករបៀងនេះមានផលប៉ះពាល់ខ្លាំងដល់ជីវភាពអ្នកភូមិ ដែលត្រូវការទីផ្សារទិញលក់ទំនិញ។ លោកបន្តថានៅតំបន់នោះឆ្ងាយពីទីផ្សារក្នុងខេត្ត និងមិនមានផ្លូវធ្វើដំណើរងាយស្រួលនោះឡើយ ហេតុនេះការបើកច្រករបៀងព្រំដែននៅតំបន់នោះបង្កភាពងាយស្រួលឲ្យប្រជាពលរដ្ឋ ចូលទៅទិញគ្រឿងបរិភោគប្រចាំថ្ងៃពីផ្សារវៀតណាមនៅចម្ងាយប្រមាណ១គីឡូម៉ែត្រពីខ្សែក្រវាត់ព្រំដែន៖ «ប្រជាពលរដ្ឋរាល់ថ្ងៃកំពុងលំបាកទិញអង្ករទិញស្អីវៀតណាមអត់ឲ្យចូលបើកផ្សារនៅព្រំដែនងាយស្រួលប្រជាពលរដ្ឋ»។
តំបន់ប៉ុស្តិ៍ការពារព្រំដែនអូរស្វាយបច្ចុប្បន្ន មានប្រជាពលរដ្ឋជនជាតិចាមចំណាកស្រុកជិត២រយគ្រួសារ តាំងលំនៅបង្កើតជាភូមិថ្មីនៅចម្ងាយជាង៥០គីឡូម៉ែត្រ ពីផ្សារក្រុងសែនមនោរម្យ។ បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងឈូសឆាយអភិវឌ្ឍន៍ផ្លូវតាមខ្សែក្រវាត់ព្រំដែននៅតំបន់នោះ។
អភិបាលស្រុកអូររាំង លោក ឆេង ទន់ណារី បដិសេធថា ការបិទច្រករបៀងព្រំដែននៅប៉ុស្តិ៍អូរស្វាយមិនទាក់ទិនទំនាស់ការអភិវឌ្ឍន៍ផ្លូវនោះទេ។ ជាគោលការណ៍ក្រសួងមហាផ្ទៃហាមមិនឲ្យបើកច្រករបៀងព្រំដែនទើបវៀតណាមបិទច្រកនោះមិនឲ្យប្រជាពលរដ្ឋចេញចូល៖ «អាហ្នឹងច្រករបៀងច្រកខុសច្បាប់ចេញចូលម៉េចបាន ច្រកទ្វេភាគីមានតើ»។
ស្រដៀងគ្នានេះ អ្នកនាំពាក្យនិងជានាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរីលោក សុខ សេរ៉ា បញ្ជាក់ថា ភាគីវៀតណាមបានស្នើសុំបើកច្រករបៀងប្រមាណពីរទៅបីកន្លែងនៅតាមខ្សែក្រវាត់ព្រំដែនខេត្តមណ្ឌលគិរី ក៏ប៉ុន្តែក្រសួងមហាផ្ទៃមិនយល់ព្រមទើបវៀតណាមបិតច្រករបៀងចំណុចអូរស្វាយ។ លោកថា អាជ្ញាធរកំពុងសិក្សាពីលទ្ធភាពបង្កើតផ្សារ រួមគ្នាជាមួយភាគីវៀតណាមនៅជិតច្រកព្រំដែននោះ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅតំបន់នេះផ្លាស់ប្ដូរទំនិញជាមួយប្រជាជនវៀតណាមបានងាយស្រួល៖ «ខាងវៀតណាមបើថា មិនឲ្យចេញចូលឲ្យប្រជាពលរដ្ឋដោះដូរទំនិញនៅមាត់ច្រកហ្នឹងទៅ»។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ផែនការឈូសឆាយផ្លូវ តាមខ្សែក្រវាត់ព្រំដែនកម្ពុជាវៀតណាមឲ្យបានរួចរាល់ សម្រាប់រយៈពេល១រយថ្ងៃចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧។ ដោយឡែកនៅខេត្តមណ្ឌលគិរី អាជ្ញាធរមិនមានតួលេខច្បាស់លាស់ពីលទ្ធផលនៃការឈូសឆាយផ្លូវនេះនៅឡើយរហូតបច្ចុប្បន្ន៕