ក្រុមគ្រួសារនៃមន្ត្រីសមាគមអាដហុក (ADHOC) ៤រូប និងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវសុំឲ្យប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ដោះលែងអ្នកទាំងនោះឲ្យមានសេរីភាពឡើងវិញក្នុងពេលឆាប់ៗខាងមុខ។
ការអំពាវនាវនេះ ធ្វើឡើងក្រោយពេលចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី២៧ ខែមេសា បានសម្រេចឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ក្នុងម្នាក់ៗ ៦ខែបន្ថែមទៀត។
មន្ត្រីសមាគមអាដហុក ៤រូប គឺអ្នកស្រី លឹម មុន្នី លោក នី សុខា លោក យី សុខសាន្ត និងលោក ណៃ វ៉ង់ដា រួមនឹងមន្ត្រី គ.ជ.ប លោក នី ចរិយា ត្រូវបានឃុំខ្លួនអស់រយៈពេល ១ឆ្នាំមកហើយ។
កញ្ញា អ៊ុន ប៊ុណ្ណារី កូនស្រីអ្នកស្រី លឹម មុន្នី បានប្រាប់អាស៊ីសេរីកាលពីយប់ថ្ងៃសុក្រ ទី២៨ មេសា ថា នាងមានការលំបាកជាខ្លាំងទាំងផ្លូវកាយ ផ្លូវចិត្ត និងមិនបានទៅរៀនសូត្រដូចពីមុនឡើយ ដោយសារតែម្តាយជាប់ឃុំឃាំង។ កញ្ញា អ៊ុន ប៊ុណ្ណារី បន្តថា ការឃុំខ្លួននេះ គឺជារឿងអយុត្តិធម៌ និងទាមទារឲ្យតុលាការត្រូវតែបន្តនីតិវិធីឲ្យបានឆាប់ៗ៖ «»។
ចំណែកយុវជន នី ចាន់សេដ្ឋា កូនប្រុសរបស់លោក នី សុខា វិញយល់ឃើញថា ពួកគេគ្មានជំនឿលើប្រព័ន្ធតុលាការនៅកម្ពុជា ដែលអាចផ្ដល់យុត្តិធម៌ដល់ឪពុករបស់គេបានឡើយ។ យុវជនរូបនេះបន្តថា ខ្លួនមានអារម្មណ៍សោកស្ដាយជាខ្លាំងដែលពុំបានរស់នៅជួបជុំក្រុមគ្រួសារ ជាពិសេសអាណិតអាសូរដល់ប្អូនប្រុសអាយុ ១០ខែ ដែលកើតឡើងគ្មានឪពុកនៅក្បែរ ដើម្បីថ្នាក់ថ្នម និងផ្តល់ក្តីស្រឡាញ់៖ «»។
ក្រុមមេធាវីការពារក្ដីឲ្យអ្នកទាំង ៥រូប ថានឹងប្ដឹងទាស់ការសម្រេចពន្យារពេលឃុំខ្លួនចំនួន ៦ខែបន្តទៀតរបស់សាលាដំបូងរាជធានីភ្នំពេញនេះ ទៅសាលាឧទ្ធរណ៍ ដោយចាត់ទុកថាជាការអនុវត្តខុសនីតិវិធី។ មន្ត្រីទាំង ៥រូបនេះរងការចោទពីបទសមគំនិត និងសូកប៉ាន់សាក្សី ទាក់ទងនឹងការជួយនាង ខុម ចាន់តារាទី ហៅស្រីមុំ ក្នុងសំណុំរឿងអាស្រូវស្នេហាជាមួយប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា៕