Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លោក ហ៊ុន សែន ស្នើ​អាមេរិក​បញ្ឈប់​ការ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ប្រព្រឹត្ត​បទល្មើស​​មក​កម្ពុជា​វិញ

$
0
0

លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក បញ្ឈប់​ការ​ចាប់​បញ្ជូន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​អាមេរិក មក​កម្ពុជា​វិញ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​កម្ពុជា បាន​ស្នើ​សុំ​សហរដ្ឋអាមេរិក ធ្វើ​វិសោធនកម្ម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋ​ខ្មែរ​ពី​សហរដ្ឋអាមេរិក មក​កម្ពុជា​វិញ ដែល​បាន​ចុះ​ហត្ថលេខា​តាំង​ពី​ឆ្នាំ​២០០២។

លោក ហ៊ុន សែន បាន​លើក​ឡើង​ថា កម្ពុជា និង​អាមេរិក គួរ​តែ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​គោលនយោបាយ​ចាប់​បញ្ជូន​មួយ​នេះ ដែល​បាន​ធ្វើ​ឲ្យ​បែកបាក់​ក្រុម​គ្រួសារ។ លោក​បាន​ហៅ​ទង្វើ​នេះ​ថា "អគុណ​ធម៌" និង "អសីលធម៌"។

លោក ហ៊ុន សែន បន្ត​ថា សហរដ្ឋអាមេរិក​មាន​ភាព​ឆ្លាតវៃ ដោយ​រក្សា​ទុក​តែ​ពលរដ្ឋ​ដែល​ល្អ រី​ឯ​​អ្នក​ធ្លាប់​ប្រព្រឹត្ត​បទល្មើស ឬ​ជាប់​ពន្ធនាគារ​ពី​មុន​មក  ប្រទេស​នេះ​តែង​ចាប់​បញ្ជូន​ពួកគេ​ត្រឡប់​មក​កាន់​ប្រទេស​ដើម​កំណើត​វិញ។

លោក ហ៊ុន សែន៖ «យើង​ស្នើ​សុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​លើ​កិច្ច​ព្រមព្រៀង​បញ្ជូន​ពលរដ្ឋ​ខ្មែរ ដែល​ជាប់​ទោស​នៅ​អាមេរិក ត្រឡប់​មក​កម្ពុជា ដែល​នេះ​គឺ​ជា​ការ​ធ្វើ​ឲ្យ​ព្រាត់ប្រាស​នៃ​ប្រជាជន​របស់​យើង។ នៅ​អាមេរិក ទោះ​បី​គាត់​ជាប់​ទោស កូន​ប្រពន្ធ​ក៏​អាច​ទៅ​សួរ​សុខទុក្ខ​នៅ​ក្នុង​ពន្ធនាគារ។ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​បំបែក​គ្នា​ដូច្នេះ គឺ​ជា​រឿង​ដែល​ត្រូវ​គិត... រាជរដ្ឋាភិបាល​ក៏​ត្រូវ​គិត​ចំពោះ​ពលរដ្ឋ​របស់​ខ្លួន»

លោក ហ៊ុន សែន សង្ឃឹម​ថា រដ្ឋបាល​អាមេរិក នឹង​មាន​ការ​យោគយល់​អំពី​គោលបំណង​ដ៏​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​គោលដៅ​មនុស្សធម៌ និង​សិទ្ធិមនុស្ស​នេះ។  លោក​ថា នេះ​ជា​ការ​អនុវត្ត​គោលការណ៍​មនុស្សធម៌ និង​សិទ្ធិមនុស្ស​ជាក់ស្ដែង ដែល​មិន​មែន​ជា​ការ​និយាយ​ឲ្យ​បាន​តែ​ពីរោះ​ស្ដាប់​ប៉ុណ្ណោះ​នោះ​ទេ។

​លោក ហ៊ុន សែន រំពឹង​ថា សហរដ្ឋអាមេរិក នឹង​ទទួល​យក​សំណើ​កម្ពុជា ដែល​ស្នើ​ឲ្យ​ភាគី​ទាំង​ពីរ​ធ្វើ​ការ​ពិភាក្សា​អំពី​ការ​ធ្វើ​វិសោធនកម្ម​ស្ដីពី​កិច្ច​ព្រមព្រៀង​នេះ ដើម្បី​ឲ្យ​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ដែល​ជាប់​ទោស​ទាំង​នោះ​មាន​ឱកាស​បាន​បន្ត​ស្នាក់​នៅ​លើ​ទឹក​ដី​អាមេរិក ជាមួយ​ក្រុម​គ្រួសារ​របស់​ពួកគេ។ លោក​មាន​ប្រសាសន៍​ថា ពួកគេ​មិន​ត្រូវ​ទទួល​នូវ​ទណ្ឌកម្ម​អស់​មួយ​ជីវិត​នៃ​ការ​បែកបាក់​ដោយសារតែ​ការ​បញ្ជូន​អ្នក​ទាំង​នេះ​ត្រឡប់​មក​កម្ពុជា​វិញ ក្នុង​ពេល​ដែល​ប្រពន្ធ​កូន និង​ក្រុម​គ្រួសារ​របស់​ពួកគេ​កំពុង​នៅ​អាមេរិក នោះ​ទេ។

​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​ផ្សាយ​សេចក្ដី​កែតម្រូវ​កាល​ពី​​​ព្រលប់​ថ្ងៃ​ទី​២៥ ខែ​មេសា កន្លង​ទៅ​ថ្មីៗ​នេះ ក្រោយ​ពី​មាន​ជំនួប​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក ប៉ាធ្រីក ម៉័រហ្វី (Patrick Murphy) ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក។ ក្នុង​សេចក្ដី​កែតម្រូវ​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​បដិសេធ​នូវ​ព័ត៌មាន​ដែល​ថា មាន​ការ​បញ្ឈប់​ការ​អនុវត្ត​នូវ​កិច្ច​ព្រមព្រៀង​ខាង​លើ​នេះ។ សេចក្ដី​កែតម្រូវ​ដដែល​នេះ ក៏​បាន​គូស​បញ្ជាក់​បន្ថែម​ថា កម្ពុជា​មាន​បំណង​ធ្វើ​វិសោធនកម្ម​លើ​កិច្ច​ព្រមព្រៀង​ខាង​លើ​នេះ គឺ​ដើម្បី​ឆ្លើយ​តប​ចំពោះ​ទិដ្ឋភាព​ពីរ គឺ​ទិដ្ឋភាព​មនុស្សធម៌ និង​មេត្តាធម៌​ក្នុង​ដំណើរ​ការ​បញ្ជូន​ប្រជាជន​កម្ពុជា មក​កាន់​មាតុភូមិ​វិញ។

​យ៉ាងណាក៏ដោយ ក្នុង​ជំនួប​រវាង​លោក ប្រាក់ សុខុន និង​លោក ប៉ាធ្រីក ម៉័រហ្វី ដដែល​នេះ ក្រៅ​ពី​គូស​បញ្ជាក់​ប្រាប់​ភាគី​អាមេរិក អំពី​ភាព​ចាំបាច់​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​កិច្ច​ព្រមព្រៀង​ខាង​លើ លោក ប្រាក់ សុខុន បាន​អះអាង​ពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​នៅ​តែ​បន្ត​ទទួល​យក និង​សហការ​ជាមួយ​សហរដ្ឋអាមេរិក ដោះស្រាយ​បញ្ហា​ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ពី​សហរដ្ឋអាមេរិក មក​កម្ពុជា វិញ​នេះ។ លោក​ក៏​បាន​ជម្រាប​សម​ភាគី​អាមេរិក​ផង​ដែរ​ថា ភាគី​កម្ពុជា កំពុង​បញ្ចប់​នូវ​ការ​តាក់តែង​សេចក្ដី​ព្រាង​កម្រង​វិសោធនកម្ម​នេះ ហើយ​នឹង​ប្រគល់​ជូន​ស្ថានទូត​អាមេរិក ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ ដើម្បី​ចាប់​ផ្ដើម​ពិភាក្សា​ជា​លក្ខណៈ​ទ្វេ​ភាគី។

​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​ទីក្រុង​ភ្នំពេញ លោក  ជេ រ៉ាម៉េន (Jay Raman) បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​អាមេរិកាំង អេ.ប៊ី.ស៊ី ៩ABC News) ថា ការ​ឆ្លើយ​តប​របស់​ទីក្រុង​វ៉ាស៊ីនតុន ទៅ​នឹង​ប្រសាសន៍​របស់​លោក ហ៊ុន សែន ខាង​លើ​នេះ គឺ​ដដែល។ ពោល​គឺ​កិច្ច​ព្រមព្រៀង​នេះ អាច​នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​ជា​លក្ខណៈ​ទ្វេ​ភាគី​ក្នុង​អំឡុង​ពេល​ជំនួប​រួម​គ្នា​មួយ​ដែល​ត្រូវ​បាន​អនុញ្ញាត​ដោយ​កិច្ចព្រមព្រៀង​នេះ។ លោក ជេ រ៉ាម៉េន ថា ជំនួប​ពិភាក្សា​នេះ​នឹង​ត្រូវ​ធ្វើឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។

គិត​មក​ត្រឹម​ពេល​នេះ ក្រោម​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​សហរដ្ឋអាមេរិក ស្ដីពី​ការ​ធ្វើ​មាតុ​ភូមិនិវត្តន៍​ពលរដ្ឋ​ខ្មែរ​ពី​សហរដ្ឋអាមេរិក មក​កម្ពុជា​វិញ ដែល​បាន​អនុវត្ត​អស់​រយៈពេល​ជិត ១៥​ឆ្នាំ​មក​នេះ មាន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ជាង ៥៥០​នាក់​ហើយ​ដែល​បាន​ប្រព្រឹត្តិ​ល្មើស​នៅ​សហរដ្ឋអាមេរិក ត្រូវ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ចាប់​បញ្ជូន​មក​កម្ពុជា​វិញ បើ​ទោះ​ជា​ពលរដ្ឋ​ទាំង​នោះ​ខ្លះ​បាន​ប្រព្រឹត្តិ​បទល្មើស​តិចតួច​ក្ដី ហើយ​ខ្លះ​មិន​ចេះ​និយាយ​ភាសា​ខ្មែរ និង​មិន​ដែល​ធ្លាប់​មក​លេង ឬ​ស្គាល់​ប្រទេស​កម្ពុជា ក៏ដោយ។ ភាគ​ច្រើន​នៃ​ពលរដ្ឋ​ទាំង​នោះ បាន​ចូល​មក​រស់​នៅ​ក្នុង​ទឹកដី​អាមេរិក តាំង​ពី​ពេល​នៅ​កុមារភាព ហើយ​ពួកគេ​ជា​កូន​របស់​អតីត​ជន​ភៀសខ្លួន​កម្ពុជា កាល​ពី​សម័យ​សង្គ្រាម​ស៊ីវិល​ក្នុង​ទសវត្ស​​៧០ និង​៨០។

​ក្នុង​ឆ្នាំ​២០១៧ នេះ សហរដ្ឋអាមេរិក​បាន​ចាប់​បញ្ជូន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ចំនួន ១៣​នាក់​ហើយ មក​កម្ពុជា​វិញ។ សេចក្ដី​រាយការណ៍​សារព័ត៌មាន​បរទេស​នានា បញ្ជាក់​ថា នឹង​មាន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ជាង ៣៦​នាក់​ទៀត នឹង​ត្រូវ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ នៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ ហើយ​ថា កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ មាន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ចំនួន ៤១​នាក់ ត្រូវ​បាន​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles