គណៈកម្មារសហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកសេរីភាពសាសនាអន្តរជាតិ (United States Commission on International Religious Freedom) រកឃើញថា សេរីភាពសាសនារបស់ខ្មែរកម្ពុជាក្រោម នៅតែរងការរំលោភបំពានខ្លាំងពីសំណាក់រដ្ឋាភិបាលវៀតណាម។ ក្នុងនោះរដ្ឋាភិបាលវៀតណាម បានកំណត់មេដឹកនាំសាសនា រួមទាំងព្រះសង្ឃខ្មែរក្រោមផង ធ្វើជាមុខសញ្ញាក្នុងការធ្វើទុក្ខបុកម្នេញផ្នែកសាសនា។
របាយការណ៍ប្រចាំឆ្នាំ២០១៧ ផ្សាយកាលពីថ្ងៃទី២៧ ខែមេសា ក៏រកឃើញថា អាជ្ញាធរវៀតណាម បានបង្ក្រាប និងចាប់ព្រះសង្ឃខ្មែរក្រោមដាក់ពន្ធនាគារជាហូរហែ។ គណៈកម្មការនេះ អំពាវនាវឲ្យរដ្ឋសភា និងរដ្ឋបាលសហរដ្ឋអាមេរិក យកចិត្តទុកដាក់លើបញ្ហាសេរីភាពសាសនានៅបរទេស ដោយត្រូវធ្វើសេចក្តីថ្លែងការណ៍សាធារណៈ និងរៀបចំពិធីជួបអ្នកដែលពាក់ព័ន្ធទាំងជាលក្ខណៈឯកជន និងសាធារណៈ នៅគ្រប់ទីកន្លែង ដើម្បីដោះស្រាយបញ្ហារំលោភសេរីភាពសាសនាទាំងនេះ។
ច្បាប់ស្ដីពីសេរីភាពសាសនាអន្តរជាតិរបស់សហរដ្ឋអាមេរិក តម្រូវឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក យកចិត្តទុកដាក់លើបញ្ហារំលោភបំពានសិទ្ធិសេរីភាពសាសនានៅក្រៅសហរដ្ឋអាមេរិក៕