សហគមន៍ព្រៃឡង់ខែត្រក្រចេះ អំពាវនាវឲ្យក្រសួងបរិស្ថាន អភិរក្សដើមគ្រញូងជាង ១០០ដើមនៅតំបន់ព្រៃឡង់ឲ្យមានប្រសិទ្ធភាព។ ការអំពាវនាវនេះ ធ្វើឡើងស្របពេលដែលពលរដ្ឋចំណាកស្រុក បានទៅតាំងទីលំនៅថ្មីនៅតំបន់នោះច្រើនគ្រួសារ អាចប៉ះពាល់ដើមគ្រញូងទាំងនោះ។
សហគមន៍ព្រៃឡង់ខែត្រក្រចេះ បារម្ភថា ប្រសិនបើក្រសួងបរិស្ថាន មិនរកមធ្យោបាយអភិរក្សដើមគ្រញូងដែលជាប្រភេទឈើកម្រជិតផុតពូជនៅកម្ពុជា ឲ្យទាន់ពេលទេ ឈើប្រភេទនោះអាចនឹងផុតពូជ។ ពួកគេរកឃើញថា ឈើគ្រញូងជាង ១០០ដើមឋិតនៅក្បែរលំនៅឋានពលរដ្ឋដែលទើបតាំងទីលំនៅថ្មី នៅចំណុចភូមិត្រពាំងទា ក្នុងតំបន់ព្រៃឡង់ខែត្រក្រចេះ កំពុងប្រឈមហានិភ័យខ្ពស់នៅឡើយ។
ក្រុមស្នូលសហគមន៍ព្រៃឡង់ខែត្រក្រចេះ លោក ឯក វណ្ណា ឲ្យដឹងនៅថ្ងៃទី២៧ មេសា ថា ដើមឈើគ្រញូងដែលមានមុខកាត់ចាប់ពីកន្លះតឹក ដល់ជាង ៣តឹកចំនួនជាង ១០០ដើម ក្នុងតំបន់ព្រៃឡង់ កំពុងយាយីដោយឈ្មួញ ហើយបច្ចុប្បន្ន ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន នៅមិនទាន់លើកស្លាកចំណាំ និងបោះបង្គោលរបងព័ន្ធជុំវិញនៅឡើយទេ។ លោកបារម្ភថា ដើមគ្រញូងទាំងនោះនឹងប្រឈមការបាត់បង់បន្តទៀត ប្រសិនបើឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន ព្រងើយកន្តើយ។
លោកចំណាំថា ឈើគ្រញូងធំៗត្រូវបានគេលួចកាប់ស្ទើរទាំងស្រុងនៅព្រៃឡង់ និងតំបន់ផ្សេង ហើយមកទល់ពេលនេះ នៅសល់តែកូនដើមគ្រញូងដែលទើបដុះថ្មីប៉ុណ្ណោះ៖ «យើងកំពុងមានការព្រួយបារម្ភពីឈ្មួញកាប់បំផ្លាញដើមគ្រញូងដែលដុះក្នុងតំបន់នេះ ហើយយើងចង់ឲ្យក្រសួងបរិស្ថាន ទាំងអស់ធ្វើការថែរក្សាយ៉ាងណា ដើម្បីឲ្យជាប្រយោជន៍ដល់ភ្ញៀវទេសចរឲ្យបានស្គាល់ដើមគ្រញូងនៅទីនោះ»។
ប្រភេទឈើគ្រញូង ត្រូវបានគេចាត់ទុកជាប្រភេទឈើប្រណិតមានតម្លៃខ្ពស់នៅលើទីផ្សារ ហើយបច្ចុប្បន្ន ឈើប្រភេទនោះស្ទើរផុតពូជនៅកម្ពុជា ខណៈដែលជនជាតិចិន និងជនជាតិវៀតណាម បានបោះទុនវិនិយោគទីផ្សារផ្លូវងងឹតនាំចេញទៅក្រៅប្រទេសក្នុងតម្លៃខ្ពស់ច្រើនឆ្នាំកន្លងទៅ បណ្ដាលឲ្យឈើប្រភេទនេះបាត់បង់ស្ទើរទាំងស្រុង។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព មានប្រសាសន៍ថា សហគមន៍ព្រៃឡង់ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីឧទ្យានុរក្សរបស់ក្រសួងសាមី កំពុងសហការជិតស្និទ្ធរៀបចំផែនការអភិរក្ស និងចុះល្បាតយ៉ាងហ្មត់ចត់។ លោកថា ក្រសួងបរិស្ថាន កំពុងខិតខំធ្វើយ៉ាងណាជំរុញការងារចុះល្បាត និងអភិរក្សព្រៃឈើនៅតំបន់ព្រៃឡង់ឲ្យមានប្រសិទ្ធភាព៖ «ក្រសួងបរិស្ថាន មន្ទីរបរិស្ថាន នៅតែបន្តខិតខំ ធ្វើយ៉ាងណាពង្រឹងការងារល្បាត ការពារ និងអភិរក្ស។ យើងអត់មានចង់ឲ្យបាត់ឈើសូម្បីតែមួយដើមទេ»។
របាយការណ៍របស់សហគមន៍ព្រៃឡង់រកឃើញថា ព្រៃឡង់មានសក្ដានុពលដុះលូតលាស់នូវរុក្ខជាតិមានតម្លៃច្រើនប្រភេទ ដែលធ្លាប់រងការកាប់បំផ្លាញឈើធំៗច្រើនឆ្នាំកន្លងទៅ រួមមាន ឈើគ្រញូង បេង ធ្នង់ និងឈើនាងនួន ជាដើម ដោយសារលក្ខណៈជីវសាស្ត្រតំបន់នោះមួយផ្នែកជាតំបន់ដីសើម និងសម្បូរដោយព្រៃចាស់អាចជៀសផុតពីភ្លើងឆេះ ដែលមានលទ្ធភាពដុះលូតលាស់កូនរុក្ខជាតិទាំងនេះឡើងវិញបាន។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ផ្នែកដីធ្លី និងធនធានធម្មជាតិ លោក ស៊ឹង សែនករុណា គាំទ្រការអំពាវនាវរបស់សហគមន៍ព្រៃឡង់ ហេតុនេះក្រសួងបរិស្ថាន ត្រូវយកចិត្តទុកដាក់ដោះស្រាយរឿងនេះ ដែលធានាថា ដើមឈើគ្រញូងតំបន់នោះនឹងគង់វង្សសម្រាប់កូនខ្មែរជំនាន់ក្រោយ។ លោកថា ក្រសួងបរិស្ថាន គួរបន្ថែមល្បឿនអភិរក្សដើមគ្រញូងទាំងនោះជាអាទិភាព ដោយបោះបង្គោលរបងព័ទ្ធ និងលើកស្លាកសម្គាល់ផង៖ «ខ្ញុំគិតថា ក្រសួងគួរតែមានការកិច្ចសហការជាមួយសហគមន៍ ក៏ដូចជាដាក់កម្លាំងបន្ថែមក្នុងការមើល ឬថែរក្សានៅតំបន់ពលរដ្ឋកំពុងព្រួយបារម្ភ»។
សហគមន៍ព្រៃឡង់ រកឃើញថា ឈើប្រណិតមានតម្លៃខ្ពស់ ដូចជាគ្រញូង បេង ធ្នង់ និងនាងនួន ជាដើម ត្រូវបានគេកាប់រំលំធ្វើអាជីវកម្មអស់ជាច្រើនឆ្នាំមកហើយ ហើយបច្ចុប្បន្ននៅសេសសល់ប្រភេទគគីរ សុក្រំ និងកកោះ ជាពិសេសដើមឈើផលិតជ័រទឹករបស់ជនជាតិដើមភាគតិច ក៏កំពុងយាយីពីក្រុមជនល្មើស។ ទន្ទឹមនឹងនេះ បច្ចុប្បន្ន សកម្មភាពកាប់ទន្ទ្រានដីព្រៃឡង់បម្លែងជាដីកសិកម្ម ក៏កំពុងកើតមានពេញបន្ទុកដែរនៅតំបន់ព្រៃឡង់៕