អាជ្ញាធរសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ព្រមានប្រើវិធានការក្ដៅចំពោះឡានដឹកដី និងឡានធ្វើអាជីវកម្មបើកកាត់ភូមិ ហើយមិនបានស្រោចទឹកលើផ្លូវ បណ្ដាលឲ្យហុយប៉ះពាល់ដល់សុខភាពពលរដ្ឋ។
តំណាងអ្នកភូមិភ្នំតូច នៃឃុំពង្រ ស្រុករលាប្អៀរ ដែលធ្លាប់តវ៉ាជុំវិញរឿងនេះ មិនទាន់ស្ងប់ចិត្តនៅឡើយទេ ដោយទាមទារឲ្យក្រុមហ៊ុន និងមន្ទីររ៉ែ និងថាមពល ធ្វើផ្លូវចាក់បេតុងជំនួសការចាក់ទឹកទើបបាត់ហុយ។
ក្រោយមានការតវ៉ាឃាត់ឡានលើកំណាត់ផ្លូវក្នុងភូមិដែលចេញ-ចូលដឹកថ្មនៅការដ្ឋានកិនថ្មបីកន្លែង ក្នុងឃុំពង្រ មន្ទីររ៉ែ និងថាមពល បញ្ជាក់នៅថ្ងៃទី២៧ ខែមេសា ថា ឡានបែនដឹកដី ឬដឹកថ្មដែលមិនបានស្រោចទឹកលើផ្លូវត្រូវហាមឃាត់មិនឲ្យធ្វើចរាចរណ៍ក្នុងភូមិឡើយ។ ប៉ុន្តែមន្ទីរបានជំរុញឲ្យម្ចាស់ក្រុមហ៊ុនកិនថ្មទាំងបី ស្រោចទឹកលើផ្លូវកាត់ភូមិឲ្យបានជាប់លាប់ ខណៈដែលរង់ចាំគម្រោងធ្វើផ្លូវថ្មី។
ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ឆ្នាំង លោក អ៊ុក រស់ ឲ្យដឹងថា អ្នកសិក្សាផ្នែកបច្ចេកទេសបានចុះសិក្សាគម្រោងធ្វើផ្លូវនេះអស់ថវិកាប្រហែលមួយលានដុល្លារ ប៉ុន្តែថវិកាដែលប្រមូលបានពីការបង់ពន្ធថ្មទើបបានប្រហែល ៤ម៉ឺនដុល្លារនៅឡើយ។ ដូច្នេះវិធានការទប់ស្កាត់ឡានដឹកដី ឬដឹកថ្មអនាធិបតេយ្យដោយមិនបានស្រោចទឹកតាមផ្លូវក្នុងភូមិជារឿងចាំបាច់ត្រូវធ្វើបន្តទៀតសិន៖ «ផ្លូវហ្នឹងអត់ទាន់មានធ្វើអីបានផង ព្រោះយើងសិក្សាទៅអស់ថវិកាច្រើន។ គាត់ (ប្រជាពលរដ្ឋ) ទទួលយកបានហើយ! គាត់ថា ក្រុមហ៊ុនបានអនុវត្តត្រឹមត្រូវ លើកលែងតែពួកអានាធិបតេយ្យមួយចំនួនទេ អ៊ីចឹងយើងបង្ក្រាបអ្នកអនាធិបតេយ្យឲ្យបាន ហើយយើងឲ្យក្រុមហ៊ុនស្រោចទឹកជាប្រចាំតែម្ដង»។
កាលពីថ្ងៃទី២០ ខែមេសា មេភូមិភ្នំតូច សម្រេចប្រើកម្លាំងប្រជាការពារ ៤នាក់ និងពលរដ្ឋប្រមាណ ៤០នាក់ ដើម្បីកាក់ឡានបែនដឹកថ្ម និងដឹកដីនៅចំណុចកណ្ដាលភូមិដើម្បីប្រាប់តៃកុងឡានកុំឲ្យបើកបរក្នុងភូមិលឿនពេក ដែលបង្កឲ្យមានធូលីដីហុយ និងគ្រោះថ្នាក់ដល់អ្នកភូមិ។ ម្យ៉ាងពួកគេចង់ជួបអាជ្ញាធរថ្នាក់លើ និងម្ចាស់ការដ្ឋានធ្វើអាជីវកម្មវាយថ្មភ្នំចំនួនបីកន្លែងដើម្បីដោះស្រាយបញ្ហា។
មេភូមិភ្នំតូច និងជាតំណាងអ្នកភូមិធ្លាប់ចេញមុខតវ៉ា លោក មាស សឿន ថា លោកមិនទាន់ពេញចិត្តនឹងវិធានការរបស់មន្ទីររ៉ែ និងថាមពលនៅឡើយទេ ព្រោះភាគីក្រុមហ៊ុនមិនបានអនុវត្តត្រឹមត្រូវតាមការណែនាំរបស់មន្ទីរឡើយ ដោយថ្ងៃខ្លះមិនបានស្រោចទឹក និងថ្ងៃខ្លះស្រោចតិចតួច។ បញ្ហានេះធ្វើឲ្យអ្នកភូមិរអ៊ូរទាំដដែល ហើយពួកគេចង់ឲ្យមានផ្លូវបេតុងជាជាងប្រើវិធានការស្រោចទឹក៖ «ខ្ញុំមានការសោកស្ដាយដែរ ព្រោះមានផលប៉ះពាល់យូរហើយ ជាប់ពីរឆ្នាំជាងហើយ។ គម្រោងបានដាក់ទៅហើយ តែខាងរដ្ឋាភិបាលអត់ទាន់ឆ្លើយតបអ៊ីចឹងទៅណា។ ពន្យារពេលហ្នឹងមិនដឹងកំណត់ប៉ុន្មាន? ហើយប្រជាពលរដ្ឋរង់ចាំចង់ដឹងថា ធ្វើ ឬមិនធ្វើ ហើយធ្វើនៅពេលណា?»។
តំណាងអ្នកភូមិឲ្យដឹងថា ក្នុងមួយថ្ងៃមានឡានបែនដឹកថ្មតូចធំប្រមាណ ៤០គ្រឿង បើកឆ្លងកាត់ភូមិភ្នំតូច ហើយថ្ងៃខ្លះដឹកជញ្ជូនទាំងយប់ទាំងថ្ងៃតែម្ដង។ អ្នកភូមិភ្នំតូចចំនួន ៩០គ្រួសារ បានប៉ះពាល់ផ្ទាល់ពីការហុយនេះ ហើយពួកគេធ្លាប់សុំអន្តរាគមន៍ពីអាជ្ញាធរឃុំ រហូតដល់ខេត្តតាំងពីឆ្នាំ២០១៤ប៉ុន្តែរហូតមកដល់បច្ចុប្បន្នមិនទាន់មានដំណោះស្រាយសមស្របដែលអ្នកភូមិទទួលយកនៅឡើយ៕