ប្រជាសហគមន៍នៅឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ យល់ថា ការគ្រប់គ្រងធនធានធម្មជាតិឲ្យបានត្រឹមត្រូវ គឺជារឿងចាំបាច់ និងរួមចំណែកទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនៅពេលបច្ចុប្បន្ន។ ការលើកឡើងនេះ ក្រោយពីបញ្ចប់វេទិកាសាធារណៈមួយស្ដីពីអភិបាលកិច្ចលើវិស័យធនធានធម្មជាតិ ដែលរៀបចំឡើងដោយបណ្ដាញកសាងសន្តិភាពសហគមន៍ និងអង្គការជាដៃគូនៅខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ មេសា ដែលមានអ្នកចូលរួមប្រមាណ ២០០នាក់។
ប្រជាសហគមន៍នៅឃុំរួសរាន់ យល់ថា ធនធានធម្មជាតិ ពិសេសដីធ្លី និងព្រៃឈើ គឺមានសារសំខាន់សម្រាប់ពួកគាត់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ លើសពីនេះ ប្រសិនបើមានការបែងចែក និងគ្រប់គ្រងធនធានធម្មជាតិបានត្រឹមត្រូវ វាមិនត្រឹមតែជួយឲ្យប្រជាពលរដ្ឋរួចផុតពីការរំលោភយកដីស្រែចម្ការ និងដីព្រៃសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែវាអាចជួយការពារដល់បរិស្ថានទប់ទល់ការប្រែប្រួលអាកាសធាតុនៅពេលបច្ចុប្បន្នថែមទៀត។
ប្រជាសហគមន៍មកពីឃុំរៀបរយ មួយរូបដែលបានចូលរួមក្នុងវេទិកានោះ លោក សូ ថាល់ មានប្រសាសន៍ថា ដោយសារការគ្រប់គ្រងធនធានធម្មជាតិនៅតំបន់លោករស់នៅមិនបានត្រឹមត្រូវ ទើបបណ្ដាលឲ្យពលរដ្ឋម្ចាស់ស្រុករងគ្រោះ ដូចជាការរំលោភយកដីធ្លី ការបាត់បង់មុខរបរប្រពៃណី ព្រមទាំងប្រឈមបញ្ហានឹងគ្រោះធម្មជាតិ៖ «គិតឃើញហើយណាដីធ្លីរបស់យើងក៏អស់ ណាដីស្រែចម្ការរបស់បងប្អូនប្រជាពលរដ្ឋក្រុមហ៊ុនបង្ខិតបង្ខំ ដើម្បីដកហូតយកដីស្រែរបស់ពលរដ្ឋ»។
វេទិកាសាធារណៈស្ដីពីអភិបាលកិច្ចលើវិស័យធនធានធម្មជាតិ ដែលមានអ្នកចូលរួមប្រមាណ ២០០នាក់ រៀបចំឡើងនៅភូមិឈ្នួន ឃុំរួសរាន់ គឺមិនមានវត្តមានអាជ្ញាធរខេត្ត និងមន្ត្រីជំនាញចូលរួមឡើយ បើទោះបីជាប្រជាសហគមន៍បានដាក់លិខិតអញ្ជើញពួកគេយ៉ាងណាក្តី។
ប្រជាសហគមន៍មួយរូបទៀតដែលជាក្រុមអ្នករៀបចំវេទិកានេះ លោក វង្ស សុខខេងលី បញ្ជាក់ថា វេទិកាសាធារណៈស្ដីពីធនធានធម្មជាតិ គឺមានគោលបំណងអញ្ជើញអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធឲ្យមកឆ្លើយបំភ្លឺជុំវិញបញ្ហាប្រឈមដែលពួកគាត់កំពុងជួបប្រទះ ដូចជាការរំលោភយកដីស្រែចម្ការពីសំណាក់ក្រុមហ៊ុន ការកាប់បំផ្លាញព្រៃឈើ ពិសេសនៅតំបន់ព្រៃឡង់នៅតែកើតមានឡើង។ ម្យ៉ាង ក៏ចង់បានដំណោះស្រាយមួយពីសំណាក់មន្ត្រីរាជរដ្ឋាភិបាលលើបញ្ហាទាំងនេះ ប៉ុន្តែគួរឲ្យស្ដាយដែលពួកគេមិនបានចូលរួម។
ប្រភពដដែលបញ្ជាក់ថា ការវិនិយោគដីសម្បទានសេដ្ឋកិច្ចមួយចំនួនឲ្យទៅក្រុមហ៊ុនបរទេសក្នុងតំបន់ដែលពួកគាត់រស់នៅ មិនបានធ្វើឲ្យជីវភាពពលរដ្ឋប្រសើរទេ គឺមានតែបណ្ដាលឲ្យធនធានធម្មជាតិត្រូវបំផ្លាញ និងធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ហើយប្រជាសហគមន៍ត្រូវរងទឹកភ្នែកជាដើម៖ «បច្ចុប្បន្ននេះ គាត់មិនអាចអាស្រ័យផល ឬដកហូតយកអនុផលធនធានធម្មជាតិណាមួយបានទេ។ បើច្បោះជ័រទឹកគេកាប់យកអស់ហើយ»។
ចំណែកលេខាធិការដ្ឋានបណ្ដាញការពារព្រៃឡង់ ជាអ្នករៀបចំវេទិកានេះ គឺលោក សេង សុខហេង មានប្រសាសន៍ថា គោលបំណងដើម្បីផ្សព្វផ្សាយអំពីសារសំខាន់ក្នុងការចូលរួមថែរក្សាបរិស្ថាន និងធនធានធម្មជាតិ។ បន្ថែមពីនេះ បង្កើនកិច្ចសហប្រតិបត្តិការរវាងសហគមន៍ និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងបង្ហាញពីបញ្ហាប្រឈមនានារបស់ពលរដ្ឋមូលដ្ឋានជាដើម។ លោកសង្កេតឃើញថា ការគ្រប់គ្រង និងការបែងចែកធនធានធម្មជាតិនៅពេលបច្ចុប្បន្ន គឺមិនមានតម្លាភាពឡើយ៖ «មានន័យថា រដ្ឋច្បាមយកធនធានធម្មជាតិទៅធ្វើការអភិវឌ្ឍដោយគ្មានតម្លាភាព គឺគាត់អត់មានការពិគ្រោះយោបល់ជាមួយពលរដ្ឋ។ អត់មានការផ្សព្វផ្សាយ អត់មានការជូនដំណឹង»។
មន្ត្រីសង្គមស៊ីវិលរូបនេះយល់ថា ដើម្បីឲ្យការគ្រប់គ្រងលើវិស័យធនធានធម្មជាតិមានលក្ខណៈប្រសើរ រាជរដ្ឋាភិបាលត្រូវរឹតបន្តឹងការអនុវត្តច្បាប់ ហើយមន្ត្រីពាក់ព័ន្ធត្រូវបំពេញតួនាទីរបស់ខ្លួនឲ្យច្បាស់លាស់។ លើសពីនេះ អាជ្ញាធរត្រូវបើកចំហឲ្យមានកិច្ចពិភាក្សាជាសាធារណៈរវាងសហគមន៍ និងភាគីពាក់ព័ន្ធ រាល់ព័ត៌មានស្ដីពីធនធានធម្មជាតិ។ រាជរដ្ឋាភិបាលក៏ត្រូវបង្កើនកញ្ចប់ថវិកាជាតិដល់មន្ត្រីជំនាញ និងប្រជាសហគមន៍លើការងារការពារបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងចាត់វិធានការចំពោះក្រុមហ៊ុនសម្បទានទាំងឡាយដែលមិនបានគោរពច្បាប់៕