សហគមន៍ជនជាតិដើមភាគតិចព្នង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ជួបប្រជុំគ្នារៀបចំពាក្យប្ដឹងប្រជាពលរដ្ឋខ្មែរពីរគ្រួសារ ដែលឈូសឆាយព្រៃហ៊ុមព័ទ្ធដីតំបន់រមណីយដ្ឋានសហគមន៍អភិរក្ស យកធ្វើជាដីកម្មសិទ្ធិ។ ការសម្រេចដាក់ពាក្យប្ដឹងនេះ ធ្វើឡើងក្រោយពេលដែលសហគមន៍អំពាវនាវឲ្យអាជ្ញាធរទប់ស្កាត់សកម្មភាពរំលោភយកដីអភិរក្សនេះមិនមានលទ្ធផល។
អ្នកឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) បញ្ជាក់នៅថ្ងៃទី២៦ ខែមេសា ថា នឹងអន្តរាគមន៍ពាក្យបណ្ដឹងរបស់សហគមន៍ឃុំដាក់ដាំ ទៅអាជ្ញាធរខេត្ត និងស្ថាប័នអយ្យការ ដើម្បីចាត់ការតាមនីតិវិធីក្នុងករណីប្រជាពលរដ្ឋខ្មែរទៅឈូសឆាយ និងហ៊ុមព័ទ្ធយកដីតំបន់ទឹកជ្រោះជ្រៃធំ ដែលសហគមន៍អភិរក្សជាតំបន់ទេសចរណ៍ធម្មជាតិ។
សហគមន៍ជនជាតិដើមភាគតិចព្នង ឃុំដាក់ដាំ នៅថ្ងៃទី២៦ ខែមេសា សម្រេចចិត្តនៅសាលាប្រជុំភូមិពូលេះ ថាមិនបន្តរង់ចាំដំណោះស្រាយតាមរយៈអាជ្ញាធរស្រុក ដែលអ្នកភូមិទាមទារឲ្យបញ្ឈប់ការហ៊ុមព័ទ្ធយកដីអភិរក្ស ហើយប្រគល់ដីនោះមកឲ្យសហគមន៍គ្រប់គ្រងតាមលក្ខណៈប្រពៃណីវិញ គ្រាដែលប្រជាពលរដ្ឋខ្មែរមកពីខេត្តស្វាយរៀង បានឈូសឆាយហ៊ុមព័ទ្ធយកដីកាលពីដើមឆ្នាំ២០១៧ ដោយសំអាងថា ដីនោះមានលិខិតបញ្ជាក់ពីអតីតអាជ្ញាធរឃុំ ប្រគល់ដីនោះទៅឲ្យប្រជាពលរដ្ឋនៅក្នុងឃុំនោះ បន្ទាប់មកដីត្រូវបានលក់បន្តឲ្យប្រជាពលរដ្ឋចំណាកស្រុក។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា បញ្ជាក់ថា ក្រោយពីការចុះអង្កេតផ្ទាល់នៅកន្លែងកើតហេតុ សមាគមលោករកឃើញថា ដីដែលប្រជាពលរដ្ឋខ្មែរចូលទៅកាន់កាប់ឋិតក្នុងតំបន់រមណីយដ្ឋានទេសចរណ៍របស់សហគមន៍ ដែលអាជ្ញាធរពាក់ព័ន្ធបានប្រគល់តំបន់នោះទៅឲ្យសហគមន៍អភិរក្ស។ លោកបន្តថា តំណាងសហគមន៍គ្រប់ភូមិ បានឯកភាពគ្នាឲ្យសមាគមលោកជួយអន្តរាគមន៍ពាក្យបណ្ដឹងពួកគេតាមផ្លូវច្បាប់ ដើម្បីជួយដោះស្រាយបញ្ឈប់ការចូលទៅទន្ទ្រានកាន់កាប់ដីខុសច្បាប់៖ «ដោយសារគាត់មិនមានលទ្ធភាពជួយការងារហ្នឹងបានច្រើន គាត់ឲ្យយើងជួយអន្តរាគមន៍។ គោលជំហររបស់សហគមន៍ គាត់ស្នើឲ្យអាជ្ញាធរខេត្តមានសមត្ថកិច្ចដកហូតដី មិនមែនតែដីពីរគ្រួសារទេ ដីអ្នកណាក៏ដោយ ឲ្យតែនៅក្នុងបរិវេណទឹកជ្រោះជ្រៃធំ ត្រូវដកយកវិញទាំងអស់»។
តំបន់ទឹកធ្លាក់ជ្រៃធំ មានផ្ទៃដីប្រមាណ ៤ហិកតារ ឋិតនៅក្នុងភូមិពូលេះ ជាតំបន់ទឹកជ្រោះធម្មជាតិដែលមន្ទីរបរិស្ថាន និងមន្ទីរទេសចរណ៍ ប្រគល់ឲ្យសហគមន៍ឃុំដាក់ដាំ អភិរក្សសម្រាប់បម្រើវិស័យទេសចរណ៍ខ្នាតតូច។ ចាប់ពីខែកុម្ភៈ រហូតបច្ចុប្បន្ន ជនជាតិខ្មែរចំណាកស្រុកពីរគ្រួសារ ដែលរស់នៅក្នុងឃុំនេះ បានយកគ្រឿងចក្រឈូសឆាយព្រៃធ្វើរបងហ៊ុមព័ទ្ធដីជាង ២ហិកតារយកជាកម្មសិទ្ធិឯកជន ក៏ប៉ុន្តែសហគមន៍បាននាំគ្នាទៅរារាំងមិនឲ្យឈូសឆាយបន្ត និងបានប្ដឹងទៅអាជ្ញាធរឃុំ ស្រុក ឲ្យជួយដោះស្រាយ។
អាស៊ីសេរី មិនអាចទាក់ទងប្រជាពលរដ្ឋពីរគ្រួសារសុំបញ្ជាក់ការប្រកាន់នេះបានទេ នៅថ្ងៃទី២៦ ខែមេសា។
ទាក់ទិនករណីនេះ មេឃុំដាក់ដាំ លោក សម វ៉ាន្នី កត់សម្គាល់ថា អាជ្ញាធរឃុំបានកោះហៅភាគីចុងចោទ គឺលោក កេត សាមេន និងលោក កេត វុឌ្ឍី មកដោះស្រាយបញ្ហាពីរលើកកន្លងទៅនេះ ប៉ុន្តែមិនបានលទ្ធផល ដោយសារតែភាគីចុងចោទមិនយល់ព្រមប្រគល់ដីនោះឲ្យសហគមន៍អភិរក្សវិញ។ លោកទទួលស្គាល់ថា ដីដែលប្រជាពលរដ្ឋពីរគ្រួសារចូលទៅកាន់កាប់ឋិតក្នុងបង្គោលព្រំកំណត់តំបន់ទឹកជ្រោះដែលសហគមន៍គ្រប់គ្រង ហេតុនេះលោកបានបញ្ជូនរឿងនេះទៅអាជ្ញាធរស្រុកជួយដោះស្រាយបន្ត៖ «គាត់ថាទិញពីគេ ប៉ុន្តែឯកសារទិញលក់អត់មានទេ អត់មានផ្ទេរទេ លិខិតកាន់កាប់របស់មេឃុំចាស់ទេ។ ដីតំបន់ទេសចរណ៍គេដាក់ព្រំអស់ហើយ តើគាត់នៅតែរំលោភយក»។
ចំណែកអភិបាលស្រុកអូររាំង លោក ឆេង ទន់ណារី បញ្ជាក់ថា ឯកសារប្រគល់ដីធ្លីនេះធ្វើឡើងកាលពីជំនាន់អតីតមេឃុំចាស់ ហេតុនេះអាជ្ញាធរត្រូវការពេលវេលាស្រាវជ្រាវរឿងនេះ មុននឹងដោះស្រាយបញ្ហាជូនសហគមន៍។ លោកថា សហគមន៍គួរអត់ធ្មត់ទុកពេលឲ្យអាជ្ញាធរស្រុក បន្តដោះស្រាយបញ្ហា គ្រាដែលអាជ្ញាធរប្រមូលឯកសារពាក់ព័ន្ធដើម្បីជាមូលដ្ឋានដោះស្រាយបញ្ហានេះ៖ «ដោះមិនចេញទេ ទៅតាមចិត្តគាត់ចង់បាន ស្អែកម៉េចបានរឿងកើតមកយូរហើយ យើងមាននីតិវិធីច្រើន ការងារមិនមែនមានតែមួយឯណា?»។
មន្ត្រីមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ទទួលស្គាល់ថា តំបន់ទឹកជ្រោះជ្រៃធំជាតំបន់រមណីយដ្ឋានទឹកធ្លាក់ បានចុះបញ្ជីប្រគល់ជាតំបន់ទេសចរណ៍របស់ខេត្ត ប៉ុន្តែបានប្រគល់ទៅឲ្យសហគមន៍ថែរក្សា និងស្វែងរកប្រាក់ចំណូលពីភ្ញៀវទេសចរដែលទៅកម្សាន្តនៅតំបន់នោះច្រើនឆ្នាំមកហើយ។
ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ងិន សុវិមាន កត់សម្គាល់ថា តំបន់ទឹកជ្រោះជ្រៃធំ អាជ្ញាធរពាក់ព័ន្ធបានបោះបង្គោលសម្គាល់ព្រំដីជាក់លាក់ ហេតុនេះមន្ត្រីពាក់ព័ន្ធត្រូវពិនិត្យទីតាំងទំនាស់បានត្រឹមត្រូវ ទើបអាចកំណត់បញ្ហាបាន៖ «យើងត្រូវសិក្សាផ្លូវច្បាប់បន្ថែមទៀត។ យើងមើលទីតាំង ព្រោះពីមុនយើងបោះព្រំហើយ តើវាចូលក្នុងប្លង់នោះយ៉ាងម៉េច?»។
ទោះបីជាយ៉ាងណាក៏ដោយ តំណាងសហគមន៍ លោក ទើយ ធិ បញ្ជាក់ថា សហគមន៍ឯកភាពគ្នារួចហើយថា នឹងដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ ដើម្បីបញ្ឈប់ការឈូសឆាយហ៊ុមព័ទ្ធដីតំបន់ទឹកជ្រោះតទៅទៀត។ លោកថា អ្នកឈូសឆាយដីត្រូវទទួលខុសត្រូវពីការឈូសឆាយដីតំបន់អភិរក្សទេសចរណ៍៖ «ប្ដឹងហ្នឹងដើម្បីដកដីឲ្យសហគមន៍វិញ ព្រោះដីនេះដីសមូហភាពសហគមន៍ ដីទឹកធ្លាក់ មិនអាចប្រគល់ឲ្យអ្នកណាបានទេ។ ឃុំហៅពីរដងហើយ ហៅអ្នកសាមីខ្លួន តែគេអត់ព្រមព្រៀងទេ»។
របាយការណ៍អង្កេតរបស់មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក ខេត្តមណ្ឌលគិរី ឲ្យដឹងថា ដីតំបន់រមណីយដ្ឋានជ្រៃធំ គឺជាតំបន់ព្រៃដើមស្រល់ ដែលអ្នកភូមិអភិរក្សសម្រាប់យកប្រភពទឹកពីជ្រោះធម្មជាតិ ប្រើប្រាស់ក្នុងសហគមន៍ចំនួនបីភូមិនៅតំបន់ក្បែរនោះ។ លើសពីនោះទៀត ដីតំបន់នោះក៏មានប្រជាពលរដ្ឋផ្សេងទៀតចូលទៅតាំងលំនៅឋាន ប៉ុន្តែមិនទាន់កាប់រានព្រៃនៅឡើយ៕