អ្នកកាសែតគ្មានព្រំដែន (Reporters without Borders) រកឃើញថា សេរីភាពសារព័ត៌មាននៅកម្ពុជា ធ្លាក់ចុះបួនលេខ គឺពីលេខរៀង១២៨ នៅឆ្នាំ២០១៦ មកលេខរៀង១៣២ នៅឆ្នាំ២០១៧។
របាយការណ៍របស់អង្គការអ្នកកាសែតដដែលនេះអះអាងថា ការធ្លាក់ចុះនេះដោយសារក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា នៅតែស្ថិតក្រោមឥទ្ធិពលរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ម្យ៉ាងទៀតក្នុងឆ្នាំ២០១៦ កន្លងទៅ រដ្ឋាភិបាលកម្ពុជា បង្កើនភាពជាសត្រូវជាមួយប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ អ្នកកាសែតដែលរាយការណ៍ព័ត៌មានអំពីការកាប់ព្រៃឈើខុសច្បាប់ និងការបំផ្លាញធនធានធម្មជាតិ ច្រើនតែរងការធ្វើទុក្ខបុកម្នេញ។ មិនតែប៉ុណ្ណោះ ច្បាប់បរិហារកេរ្តិ៍ ត្រូវគេប្រើយ៉ាងញឹកញាប់ ដើម្បីចោទប្រកាន់អ្នកសារព័ត៌មាន។
របាយការណ៍របស់អ្នកកាសែតគ្មានព្រំដែន ក៏បានបង្ហាញនៅក្នុងរបាយការណ៍របស់ខ្លួនអំពីករណីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគដែលហ៊ានរិះគន់រដ្ឋាភិបាលកម្ពុជា ហើយបន្តថា សារព័ត៌មានដូចជាភ្នំពេញប៉ុស្តិ៍ (Phnom Penh Post) និង ឌឹ ខេមបូឌា ដេលី (The Cambodia Daily) រួមទាំងសារព័ត៌មានមួយចំនួនទៀត រងការរិះគន់ខ្លាំងៗពីក្រុមគ្រួសារត្រកូល ហ៊ុន និងរងការគំរាមកំហែងពីជនអនាមិក។ ប្រទេសន័រវេសន៍ (Norway) ជាប់លំដាប់លេខ១ ស្របពេលដែលប្រទេសកូរ៉េខាងជើង ជាប់លេខចុងប៉ូចគេ គឺលេខរៀង១៨០។
ចំណែកឯរបាយការណ៍របស់អង្គការ ហ្វ្រ៊ីដឹម ហៅស៍ (Freedom House) ឆ្នាំ២០១៦ បានចាត់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា ថា “Not Free” ឬគ្មានសេរីភាព។ អង្គការនេះរកឃើញថា គណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន អាចរក្សាអំណាចបានជាង ៣០ឆ្នាំមកនេះ ក៏ដោយសារតែការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយទាំងរបស់រដ្ឋ និងឯកជនស្ទើរតែទាំងស្រុង។ អង្គការនេះបានរកឃើញកាលពីឆ្នាំ២០១៦ ថា ប្រទេសកម្ពុជា មានកាសែត និងទស្សនាវដី្តប្រហែល ២០ ស្ថានីយទូរទស្សន៍ ១៨ និងស្ថានីយវិទ្យុប្រហែល ១៧៥ កំពុងដំណើរការ។ ប៉ុន្តែបណ្ដាញព័ត៌មានទាំងនេះស្ថិតក្រោមការគ្រប់គ្រង ឬរងឥទ្ធិពលពីគណបក្សប្រជាជនកម្ពុជា៕