Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​ស្នើ​លោក ហ៊ុន សែន អន្តរាគមន៍​ករណី​អាជ្ញាធរ​ឈូស​ឆាយ​កាំ​ជណ្ដើរ​ផ្ទះ

$
0
0

ប្រជាពលរដ្ឋ​មក​ពី ៣​សហគមន៍ រួម​មាន​សហគមន៍​ទួលសង្កែ​អេ (A) សហគមន៍​ទួលសង្កែ​ប៊ី (B) និង​សហគមន៍​ផ្លូវ​រទេះភ្លើង បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មេសា ដើម្បី​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍​ករណី​អាជ្ញាធរ​យក​គ្រឿងចក្រ​ទៅ​ឈូស​ផ្លូវ ហើយ​ប៉ះពាល់​ដល់​ជណ្ដើរ​ផ្ទះ​ពលរដ្ឋ។

ទោះ​ជា​យ៉ាង​ណា ប្រជាពលរដ្ឋ​មិន​បាន​យក​ញត្តិ​នោះ​ទៅ​ដាក់​ផ្ទាល់​នៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី​ក្បែរ​វិមាន​ឯករាជ្យ​ទេ ព្រោះ​តំណាង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី បាន​ចេញ​មក​ទទួល​ញត្តិ​នៅ​ម្ដុំ​ដើម​ពោធិ៍​មុខ​វត្ត​បទុមវតី។

តំណាង​ពលរដ្ឋ​ម្នាក់ លោក ស៊ឹម វីរៈ និយាយ​ថា ពលរដ្ឋ​ចាប់​ផ្ដើម​អស់​ជំនឿ​លើ​អភិបាល​ក្រុង​ភ្នំពេញ។ លោក​ចង់​ឲ្យ​អភិបាល​រាជធានី​គោរព​ការ​សន្យា​ជាមួយ​ពលរដ្ឋ។

ឆ្លើយតប​ចំពោះ​រឿង​នេះ អភិបាល​រង​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង អំពាវនាវ​នៅ​រសៀល​ថ្ងៃ​ទី​២៧ មេសា ឲ្យ​ពលរដ្ឋ​ទុក​ចិត្ត​លើ​សាលា​ក្រុង៖ «ខ្ញុំ​ឃើញ​ព្រឹក​មិញ ឃើញ​បង​ប្អូន​ប្រជាពលរដ្ឋ​គាត់​នៅ​តែ​មាន​អារម្មណ៍​មិន​ល្អ​ជាមួយ​នឹង​អាជ្ញាធរ​ដែនដី។ ចឹង​គាត់​នាំ​គ្នា​មក​នៅ​ឡើយ ហើយ​ឯកឧត្តម​អភិបាល​ក៏​បាន​ជួប​គាត់​ហើយ​ថា យើង​នឹង​ដោះស្រាយ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ឲ្យ​គាត់ ដោយ​បែងចែក​អ្នក​ធំ អ្នក​តូច​ត្រូវ​ទទួល​បាន​នូវ​សិទ្ធិ​លំនៅឋាន។ នេះ​ជា​ចំណុច​សំខាន់​ណាស់ សូម​ឲ្យ​អ្នក​សារព័ត៌មាន​យើង​ជួយ​ធ្វើ​ការ​ផ្សព្វផ្សាយ​ផង ដើម្បី​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​មាន​ការ​នឹងនរ​ក្នុង​ចិត្ត ឲ្យ​យល់​អំពី​ការ​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​របស់​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន ដែល​លោក​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់ សូម្បី​រស់នៅ​ក្នុង​តំបន់​មិន​រៀបរយ​ទទួល​បាន​សិទ្ធិ​លំនៅឋាន និង​ទទួល​បាន​នូវ​កម្មសិទ្ធិ​ស្រប​ច្បាប់​ជូន​ដល់​ពួក​គាត់»

ប្រជាពលរដ្ឋ​ទុក​ពេល​ឲ្យ​អាជ្ញាធរ​មួយ​សប្ដាហ៍ ដើម្បី​ដោះស្រាយ។ ពលរដ្ឋ​ថា ប្រសិន​បើ​សប្ដាហ៍​ក្រោយ អាជ្ញាធរ​រាជធានី​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​សម្រាប់​ពួក​គេ​ទេ ពួក​គេ​នឹង​នាំ​គ្នា​ត្រៀម​តង់ មុង ភួយ ហើយ​ដេក​រង់ចាំ​ដំណោះស្រាយ​នៅ​មុខ​សាលា​ក្រុង​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles