អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អំពាវនាវឲ្យវិស័យឯកជន ចូលរួមលើកកម្ពស់ជីវភាពជនពិការ ដោយជួលក្រុមជនពិការទៅច្រៀងតាមកម្មវិធីផ្សេងៗ។ ការអំពាវនាវនេះ ស្របពេលជនពិការប្រាប់ថា គេមានសង្ឃឹមតិចតួចថាការច្រៀងនៅតាមទីតាំងដែលរដ្ឋាភិបាលរៀបចំ អាចនឹងធ្វើឲ្យជីវភាពបានធូរធារជាងមុន។
ថ្លែងក្នុងទិវាអូទីស្សឹម (Autism) និងដោនសាំងដ្រូម ឆ្នាំ២០១៧ ក្រោមប្រធានបទ ឆ្ពោះទៅរកឯករាជភាព និងការសម្រេចចិត្តដោយខ្លួនឯង និងក្រោយពេលពិធីប្រគល់-ទទួលឧបករណ៍ភ្លេងដល់ក្រុមតន្ត្រីជនពិការនៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អ្នកនាំពាក្យក្រសួងនេះបានអំពាវនាវឲ្យស្ថាប័នរដ្ឋ និងឯកជន ជួលក្រុមតន្ត្រីជនពិការទៅប្រគំតន្ត្រីក្នុងកម្មវិធីនីមួយៗ។
លោក ឯម ច័ន្ទមករា ថ្លែងនៅព្រឹកថ្ងៃទី២៦ មេសា ថា ឧបករណ៍ភ្លេងដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឧបត្ថម្ភឲ្យជនពិការចំនួន ៥ក្រុម សុទ្ធសឹងតែជាឧបករណ៍ថ្មី និងទាន់សម័យទាំងអស់។ លោកថា ក្រសួងនឹងរកគ្រូដើម្បីបង្រៀនវិធីប្រើឧបករណ៍ភ្លេងដល់ក្រុមជនពិការ។
បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត សំណូមពរឲ្យជនពិការបញ្ឈប់ការប្រគំតន្ត្រីនៅតាមភ្លើងស្ដុប និងទីសាធារណៈ។ លោក វង សូត ក៏អំពាវនាវឲ្យក្រុមតន្ត្រីជនពិការតូចៗ ចូលរួមជាមួយក្រុមតន្ត្រីជនពិការធំៗដែលទទួលបានឧបករណ៍ភ្លេងពីក្រសួង និងអំពាវនាវឲ្យក្រុមតន្ត្រីធំៗទាំងនោះ ទទួលយកអ្នកចម្រៀងពិការចូលក្រុមធំផង។
ទីតាំងដែលរដ្ឋាភិបាលកំណត់ឲ្យជនពិការច្រៀងដោយប្រើប្រាស់ឧបករណ៍ និងឆាក ដែលផ្ដល់ដោយរដ្ឋាភិបាល បច្ចុប្បន្នមាន ៣ទីតាំង គឺនៅវត្តភ្នំ នៅទីលានប្រជាធិបតេយ្យក្បែរវត្តភ្នំ និងនៅសួនច្បារមុខវត្តបទុមវតី។ ក្រៅពីដើម្បីសោភ័ណភាពរាជធានីភ្នំពេញ លោក ឯម ច័ន្ទមករា ថាការឈប់ច្រៀងតាមទីសាធារណៈរបស់ជនពិការដើម្បីសុខភាព និងសុវត្ថិភាពរបស់ជនពិការ។
បើទោះជាមានការរៀបចំ និងឧបត្ថម្ភឧបករណ៍តន្ត្រីឲ្យជនពិការក៏ដោយ ជនពិការនៅតែមានការព្រួយបារម្ភថា ការប្រគំតន្ត្រីនៅតាមទីតាំងដែលរដ្ឋាភិបាលកំណត់ឲ្យ នឹងមិនបានធ្វើឲ្យជីវភាពរបស់ជនពិការប្រសើរជាងមុនទេ។
តន្ត្រីករពិការភ្នែកទាំងគូម្នាក់ លោក អ៊ុក សូឡាវី ថាការកំណត់ទីតាំងឲ្យជនពិការច្រៀង លោកមានសង្ឃឹមតិចណាស់ថាទីតាំងដែលរដ្ឋាភិបាលកំណត់ឲ្យច្រៀង ជួយឲ្យជីវភាពលោកបានធូរធារជាងមុន។ លោកថា ការច្រៀងនៅទីសាធារណៈសម្បូរសប្បុរសជនជាងនៅទីតាំងដែលរដ្ឋាភិបាលកំណត់៖ «បើសិនជាខ្ញុំឆ្លើយត្រង់ទៅ គឺខ្ញុំមានអារម្មណ៍អីដូចត្រេកត្រអាលអីប៉ុន្មានទេ ពីព្រោះខ្ញុំធ្លាប់លេង ធ្លាប់ប្រគំពីប៉ុន្មានឆ្នាំណាស់មកហើយ វាចង់និយាយថា វានៅតែប៉ុណ្ណឹងអ្ហា! តាមខ្ញុំគិត គឺទីសាធារណៈហ្នឹង គឺមាន គឺបានលុយជាង ហើយឥឡូវហ្នឹង វត្តបទុមហ្នឹងសុទ្ធតែអស់លោក ដូចថាគេជាអ្នកមាន អ្នកអីហ្នឹង ធ្វើផ្ទះនៅជិតហ្នឹងទៀត ចឹងយើងអត់ហ៊ានបើកខ្លាំងទេ»។
ទិវាជនពិការកម្ពុជា លើកទី១៨ និងទិវាជនពិការអន្តរជាតិលើកទី៣៤ កាលពីឆ្នាំ២០១៦ ក្រោមប្រធានបទ «ផ្តល់អាទិភាព និងសិទ្ធិអំណាចដល់ជនពិការក្នុងគ្រប់វិស័យ ដើម្បីសង្គមមួយគ្មានពិការភាព» លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ការទុកឲ្យជនពិការសម្ដែងសិល្បៈនៅតាមផ្លូវ ឬស្ដុបក្នុងរាជធានីភ្នំពេញ គឺអាចបង្កបញ្ហាសណ្ដាប់ធ្នាប់ និងគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។
ឆ្លើយតបទៅនឹងក្ដីបារម្ភរបស់ជនពិការ លោក ឯម ច័ន្ទមករា បញ្ជាក់ថា ក្រសួងសង្គមកិច្ច បានត្រៀមសំណើទៅសាលារាជធានីភ្នំពេញ សុំបង្កើតស្តង់ផ្សព្វផ្សាយពាណិជ្ជកម្មលក់ផលិតផលនៅកន្លែងទីតាំងប្រគំតន្ត្រីរបស់ជនពិការ។ ម្យ៉ាងទៀត ជនពិការអាចយកឆាកដែលក្រសួងឲ្យ ទៅជួលបន្តបាន។ ចំពោះបញ្ហាសំឡេងតន្ត្រីអាចរំខានដល់អ្នកមាននៅម្ដុំសួនច្បារមុខវត្តបទុមវតី ក្រសួងសង្គមកិច្ច មិនទាន់មានវិធានការនោះទេ។ អ្នកនាំពាក្យក្រសួងនេះថា នៅពេលមានបណ្ដឹង ក្រសួងនឹងដោះស្រាយជូន៖ «យើងក៏នឹងធ្វើការបែងចែកពេលវេលារបស់គាត់ឲ្យបានល្អសមរម្យ ដើម្បីឲ្យពួកគាត់ហ្នឹងអាចទៅលេងហើយ គេហៅថាលេងដោយមាន comfortable ខ្លួនគាត់ នែ! ដោយអារម្មណ៍របស់គាត់ហ្នឹង លេងហើយអត់ក្ដៅ អត់ភ័យ អត់អីទេ ហើយយើងក៏នឹងសំណូមពរទៅសាលារាជធានីភ្នំពេញ ក៏ដូចជាប្រមុខរដ្ឋាភិបាល ដើម្បីពិចារណាទៅលើការ បើសិនជាអាច ពីដើមឡើយយើងមានរោងអាយ៉ៃ។ ចឹងយើងសង្ឃឹមថា ប្រហែលទៅមុខទៀត យើងអាចមានឆាកជាប្រចាំចឹង សម្រាប់បងប្អូនជនពិការហ្នឹង គាត់សម្ដែង»។
ទោះបីជាយ៉ាងណាក៏ដោយ ជនពិការដែលតែងធ្វើសកម្មភាពដើរច្រៀងតាមទីសាធារណៈ ដើម្បីរៃអង្គាសថវិកាចិញ្ចឹមជីវិត នៅតែព្រួយបារម្ភថា ដំណោះស្រាយរបស់រដ្ឋាភិបាល នឹងមិនមានប្រសិទ្ធភាព ប្រសិនបើវិធានការនេះមិនបានពិគ្រោះយោបល់ជាមុន ដើម្បីដឹងពីតម្រូវការចាំបាច់ និងស្ថានភាពជាក់ស្តែងរបស់ជនពិការដែលប្រកបរបរច្រៀងតាមទីសាធារណៈនោះ៕