អ្នកជំនាញថតរូបជនជាតិព័រទុយហ្គាល់ (Portugal) ម្នាក់ គ្រោងពិព័រណ៍រូបថតចំនួន ៣៦៥សន្លឹកក្នុងខួបមួយឆ្នាំនៃការឃុំខ្លួនបណ្ដោះអាសន្នអ្នកការពារសិទ្ធិមនុស្ស ៤រូប និងមន្ត្រី គ.ជ.ប មួយរូប។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា លោក មីហ្កែល ជេរ៉ូនីម៉ូ (Miguel Jerónimo) អ្នកជំនាញថតរូប នឹងបង្ហាញរូបថតនេះរយៈពេល ៣ថ្ងៃ ដែលមានចំណងជើងថា ខ្ញុំជាអ្នកទាំង៥ (I AM THE FIVE) ដែលនេះជាកិច្ចការផ្ទាល់ខ្លួនមួយរបស់លោក។ ពិព័រណ៍នេះ គឺគាត់ចង់បង្ហាញស្នាដៃរូបថតដែលគាត់បានថត ចំពោះពលរដ្ឋដែលគាំទ្រអ្នកទាំង ៥នាក់ និងចង់បង្ហាញថា ពួកគេជាមនុស្សទាំង ៥នាក់ដែលកំពុងជាប់ឃុំ៖ «គាត់ចង់ឲ្យគេដឹងថា អ្នកទាំង ៥ ទាំងអស់នេះ គឺមិនមែនមានតែពួកគាត់ទេ គឺមានអ្នកខាងក្រៅកំពុងលើកទឹកចិត្ត ដូចជាការអំពាវនាវចំពោះការឃុំខ្លួននេះ»។
ពិព័រណ៍រូបថតចំនួន ៣៦៥សន្លឹកក្នុងខួបមួយឆ្នាំនៃការឃុំខ្លួនបណ្ដោះអាសន្នមន្ត្រីសមាគមអាដហុក ៤រូប និងមន្ត្រី គ.ជ.ប មួយរូបរយៈពេល ៣ថ្ងៃ គឺចាប់ពីម៉ោង ៧យប់ថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា នៅឯភោជនីយដ្ឋាន អែហ្វ.ស៊ី.ស៊ី (FCC) ស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តុលាការបានឃុំខ្លួនបណ្ដោះអាសន្នអ្នកទាំង ៥នាក់រួមមាន លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងអ្នកស្រី លឹម មុន្នី រួមនឹងអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ពីបទសមគំនិត និងសូកប៉ាន់សាក្សី ទាក់ទងនឹងរឿងអាស្រូវស្នេហារវាងលោក កឹម សុខា និងអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ។
នៅព្រឹកថ្ងៃទី២៧ ខែមេសា សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការអសាធារណៈលើនីតិវិធីបន្តការឃុំខ្លួនបណ្ដោះអាសន្នលើអ្នកទាំង ៥រូប៕