ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងមកដល់នៅថ្ងៃទី៤ ខែមិថុនា ខាងមុខ។ ទន្ទឹមនឹងនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងសហភាពអឺរ៉ុប ក៏កំពុងបណ្ដុះបណ្ដាលមន្ត្រីនៃគណៈកម្មការរៀបចំការបោះឆ្នោតនៅតាមបណ្ដាខេត្តនានា ឱ្យយល់ដឹងពីច្បាប់ ដើម្បីឱ្យមានលទ្ធភាពដោះស្រាយបណ្ដឹងនានា ដែលអាចនឹងកើតឡើងនៅពេលដំណើរការបោះឆ្នោតនេះដែរ។
មន្ត្រីផ្នែកសេវាកម្មច្បាប់ ជំនួយការសេវាកម្មច្បាប់ សមាជិកទទួលបន្ទុកបណ្ដុះបណ្ដាលអប់រំសាធារណជន ចំនួន ៥៥រូប របស់លេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តចំនួន៩ បានទទួលការបណ្ដុះបណ្ដាលជំនាញស្ដីពីនីតិវិធីនៃការដោះស្រាយបណ្ដឹងសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឯខេត្តសៀមរាប នៅព្រឹកថ្ងៃពុធ ទី២៦ ខែមេសា។
មន្ត្រីទាំង ៥៥រូប ដែលទទួលការបណ្ដុះបណ្ដាលពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអ្នកបច្ចេកទេសរបស់សហភាពអឺរ៉ុបនោះ គឺមកពីខេត្តសៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តបាត់ដំបង ជាដើម។
អគ្គលេខាធិការរង គ.ជ.ប ដែលជាអធិបតីនៃការបណ្ដុះបណ្ដាលនោះ គឺលោក សោម សូរីដា។ លោកមានប្រសាសន៍ក្រោយពីបញ្ចប់ការថ្លែងបើកវគ្គបណ្ដុះបណ្ដាលនៅព្រឹកថ្ងៃពុធ ទី២៦ ខែមេសាថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកំពុងតម្រង់ទិសស្ថាប័នរបស់ខ្លួន ដោយតម្រូវឱ្យមន្ត្រីរៀបចំការបោះឆ្នោតនៅតាមខេត្តទាំងឡាយ ត្រូវអនុវត្តការងារទៅតាមគោលការណ៍ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងមកដល់ពេលខាងមុខ។ ក៏ប៉ុន្តែទន្ទឹមនឹងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវនេះ ការងារទទួល និងដោះស្រាយបណ្ដឹង ដែលជាវិវាទនៅក្នុងពេលដំណើរការបោះឆ្នោត ក៏ត្រូវតែសមស្របទៅនឹងគោលការណ៍របស់ច្បាប់ដែរ។
លោក សោម សូរីដា៖ «ការបោះឆ្នោតពុំមែនគ្មានការប្ដឹងតវ៉ា ឬក៏ជំទាស់នោះទេ។ ដូច្នេះភាគីដែលមិនពេញចិត្តទៅនឹងលទ្ធផល ឬក៏ដំណើរការនៃការបោះឆ្នោត គឺគាត់ត្រូវប្ដឹង ហើយ (គ.ជ.ប) ត្រូវដោះស្រាយបញ្ហាឱ្យស្របទៅតាមគោលការណ៍ និងការកំណត់នៃច្បាប់»។
មន្ត្រី គ.ជ.ប យល់ថា ដោយសារការបោះឆ្នោតលើកនេះសមាសភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី គឺវាអាចមានចំណុចប្រែប្រួលខ្លះ ដូចជាកាលពីមុនស្ថាប័ន គ.ជ.ប មានតែ ៥នាយកដ្ឋានទេ ប៉ុន្តែពេលនេះមានរហូតទៅដល់ ៨នាយកដ្ឋាន ដូច្នេះត្រូវការឱ្យមន្ត្រីត្រូវយល់ដឹងថែមទៀតនូវភាពប្រែប្រួលថ្មីៗ ដើម្បីបំពេញបន្ថែមឱ្យដំណើរការរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខកាន់តែល្អប្រសើរ។
អ្នកបច្ចេកទេសរបស់សហភាពអឺរ៉ុប លោក អេរិច ឌេប៉ាលីយែរ (Eric Des Pallieres) បានថ្លែងនៅក្នុងពេលបង្រៀនថា មន្ត្រីរៀបចំការបោះឆ្នោតនៅតាមបណ្ដាខេត្តទាំងអស់មានតួនាទីសំខាន់ក្នុងការសម្របសម្រួលគណបក្សនយោបាយ ដែលជាភាគីទំនាស់ឱ្យអង្គុយជជែកគ្នាក្នុងលក្ខណៈជាការទូតដើម្បីធ្វើការជាមួយគ្នា ឈានទៅរកការសម្រេចគោលដៅរួមអ្វីមួយ៖ «ក្នុងនាមអស់លោកជាអាជ្ញាកណ្ដាលនៃការបោះឆ្នោត គឺត្រូវតែយល់ដឹងអំពីការអនុវត្តច្បាប់នានា ហើយទទួលខុសត្រូវលើបញ្ហាទាំងឡាយឱ្យបានច្បាស់លាស់។ ខ្ញុំប្រដូចអស់លោកទៅនឹងអ្នកបើកឡានម្នាក់ ប្រសិនបើអ្នកបើកបរចេះត្រឹមតែទ្រឹស្ដីនៃការបើកឡាន គឺវាមិនទាន់គ្រប់គ្រាន់នៅឡើយទេ ចាំបាច់គឺត្រូវធានាឱ្យមានសន្តិសុខ និងសុវត្ថិភាពនៅលើដងផ្លូវថែមទៀត»។
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ គឺមានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា ហើយការបោះឆ្នោតនឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ខាងមុខនេះ៕