Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សាលាឧទ្ធរណ៍​លើក​ពេល​សវនាការ​សំណុំ​រឿង​សកម្មជន​បក្ស​ប្រឆាំង​​ទាំង​១១​រូប

$
0
0

សាលា​ឧទ្ធរណ៍​សម្រេច​លើក​ពេល​សវនាការ​ជំនុំ​ជម្រះ​ទៅ​ពេល​ក្រោយ លើ​បណ្ដឹង​សុំ​មោឃភាព​នីតិវិធី​តុលាការ​ក្រុង​ភ្នំពេញ​ពី​ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ។ ចំពោះ​ពេលវេលា​ជាក់លាក់​សម្រាប់​ការ​បើក​សវនាការ​ជំនុំ​ជម្រះ​ជា​ថ្មី​ម្ដង​ទៀត​នោះ សាលា​ឧទ្ធរណ៍​នៅ​មិន​ទាន់​កំណត់​នៅ​ឡើយ។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ លោក ប្លង់ សំណាង សម្រេច​ដូច្នេះ គឺ​បន្ទាប់​ពី​ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង លើក​ឡើង​ថា សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មេសា ដែល​ធ្វើ​ឡើង​ដើម្បី​ស្វែងរក​យុត្តិធម៌ និង​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី​នោះ គឺ​មិន​អាច​គ្មាន​វត្តមាន​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ដែល​ជា​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ ទាំង ៤១​នាក់​នោះ​បាន​ទេ។

មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី ៣​នាក់​ការពារ​ក្ដី​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង លោក ជូង ជូងី ថ្លែង​ថា នីតិវិធី​កាត់​ទោស​កូន​ក្ដី​លោក​នៅ​តុលាការ​ក្រុង​ភ្នំពេញ ក្នុង​រឿង​ហិង្សា​នៅ​ក្បែរ​ស្ពាន​នាគ ជា​បទឧក្រិដ្ឋ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៥ នោះ គឺ​ធ្វើ​ឡើង​ដោយ​គ្មាន​មេធាវី​ការពារ ដែល​ប្រាសចាក​ពី​ច្បាប់​បាន​ចែង។ នេះ​ជា​ដើម​ហេតុ​ដែល​ក្រុម​មេធាវី​ទទួល​បាន​សិទ្ធិ​ពី​ជន​ជាប់​ចោទ សម្រេច​ដាក់​ប្ដឹង​មក​សាលា​ឧទ្ធរណ៍ ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​ចំពោះ​នីតិវិធី​បើក​សវនាការ​កាត់​ទោស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ៦​នាក់​នៅ​តុលាការ​ក្រុង​ភ្នំពេញ«ខ្ញុំ​ចូលរួម​គ្រប់​នីតិវិធី​របស់​តុលាការ ប៉ុន្តែ​ការពិត និង​មិន​ច្បាស់លាស់​ឡើយ ប្រសិន​បើ​អ្នក​ទាំង ៤១​រូប​នោះ​មិន​ចូលរួម ពីព្រោះ​គាត់​ជា​អ្នក​ប្ដឹង​កូន​ខ្ញុំ​ជា​រឿង​ឧក្រិដ្ឋ។ អ៊ីចឹង​នៅ​ពេល​ដែល​កូន​ក្ដី រូប​ខ្ញុំ​ជា​មេធាវី​រក​ឃើញ​ថា សវនាការ​ថ្ងៃ​ទី​២១ កក្កដា ឆ្នាំ​២០១៥ នោះ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្រព្រឹត្ត​ទៅ​ដោយ​ខុស​ច្បាប់ ដោយ​អត់​មាន​មេធាវី តែ​ពេល​នោះ​មាន​ដើម​បណ្ដឹង​រដ្ឋប្បវេណី ៤១​រូប​នោះ​ចូលរួម អ៊ីចឹង​គាត់​ទៅ​ជា​សាក្សី។ ហើយ​បើ​សិន​ជា​គាត់​នៅ​តែ​មិន​ចូល នេះ​គឺ​ជា​កាតព្វកិច្ច​របស់​តំណាង​មហា​អយ្យការ​អម​សាលា​ឧទ្ធរណ៍។ ថា​តើ​គាត់​បំពេញ​កាតព្វកិច្ច​របស់​គាត់​របៀប​ណា? ខ្ញុំ​មាន​សិទ្ធិ​ទទូច​ទាមទារ តែ​ខ្ញុំ​អត់​មាន​សិទ្ធិ​អំណាច​ចាប់​បង្ខំ​សាក្សី តែ​តំណាង​អយ្យការ​មាន​អំណាច​ចាប់​បង្ខំ»

មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង ១១​រូប មាន​លោក មាជ សុវណ្ណារ៉ា ជាដើម ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៧​ឆ្នាំ​ទៅ ២០​ឆ្នាំ ពី​បទ​ចូលរួម និង​ដឹកនាំ​កុប្បកម្ម ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។

ទាក់ទង​នឹង​សវនាការ​សាធារណៈ​នៅ​សាលា​ឧទ្ធរណ៍​នេះ អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ មិន​ត្រូវ​បាន​មន្ត្រី​នគរបាល​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​បរិវេណ​តុលាការ​ឡើយ។ មន្ត្រី​នគរបាល​លើក​ឡើង​ថា បើ​ចង់​ចូល​ស្ដាប់​សវនាការ យក​បាន​តែ​ប៊ិក និង​សៀវភៅ​ប៉ុណ្ណោះ ចំណែក​ទូរស័ព្ទ​ទំនើប ម៉ាស៊ីន​ថត​រូប ថត​វីដេអូ មិន​អនុញ្ញាត​ឲ្យ​យក​ចូល​ឡើយ ទោះ​បី​ជា​អ្នក​សារព័ត៌មាន​ស្នើសុំ​ថា នឹង​មិន​ប្រើប្រាស់​ក្នុង​បរិវេណ ឬ​ក្នុង​បន្ទប់​សវនាការ​យ៉ាង​ណា​ក្ដី។

«សំឡេង​ជជែក​គ្នា​រវាង​អ្នក​កាសែត និង​មន្ត្រី​នគរបាល»

លោក​មេធាវី ជូង ជូងី សម្ដែង​ការ​សោកស្ដាយ​ការ​ដែល​អ្នក​សារព័ត៌មាន មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូលរួម​ស្ដាប់​សវនាការ។ មេធាវី​រូប​នេះ​យល់​ថា ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា ក្លាយ​ជា​ប្រទេស​នីតិរដ្ឋ​ពិត​ប្រាកដ សមត្ថកិច្ច និង​តុលាការ គួរ​តែ​បើក​ផ្លូវ​ឲ្យ​អ្នក​សារព័ត៌មាន​តាមដាន​ករណី​អ្នក​ជាប់​ឃុំ​ដែល​ត្រូវ​បាន​នាំ​មក​ជំនុំ​ជម្រះ​នៅ​តុលាការ មិន​ថា​ជា​សកម្មជន​បក្ស​នយោបាយ ឬ​មន្ត្រី​សិទ្ធិ​មនុស្ស ឬ​ក៏​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម«ការ​ដែល​មិន​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​ចូលរួម គឺ​ជា​ការ​បិទ​បាំង ខ្លាច​អ្នក​កាសែត​រក​ឃើញ​ការពិត​នូវ​ចំណុច​អវិជ្ជមាន​របស់​អ្នក​ប្រព្រឹត្តិ យក​ទៅ​ផ្សាយ​ជា​សាធារណៈ។ នេះ​ជា​ការ​បិទ​បាំង​នូវ​កំហុស​ឆ្គង។ បើ​សារព័ត៌មាន​ចូលរួម​បាន​កាន់​តែ​ទូលាយ ធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន​រក​ឃើញ​នូវ​ចំណុច​កំហុស​ឆ្គង​របស់​អ្នក​ប្រព្រឹត្តិ ឬ​ក៏​ចាត់​ផ្សេងៗ ធ្វើ​ឲ្យ​អ្នក​នោះ​ប្រយ័ត្នប្រយែង​ចៀស​ពី​កំហុស។ ដូច្នេះ វត្តមាន​សារព័ត៌មាន​នៅ​ពេល​សវនាការ គឺ​ចាំបាច់​ណាស់​ដើម្បី​ធានា​ថា សវនាការ​ប្រព្រឹត្ត​ទៅ​បាន​ល្អ»

ការ​រឹត​បន្តឹង​ដោយ​ដាក់​កម្លាំង​ប៉ូលិស​ជាច្រើន​នាក់​ពេល​មាន​សវនាការ​ទាក់ទង​នឹង​រឿង​សកម្មជន​បក្ស​ប្រឆាំង មន្ត្រី​សិទ្ធិ​មនុស្ស​នៅ​សាលា​ឧទ្ធរណ៍ ឬ​ក៏​នៅ​តុលាការ​កំពូល ដែល​ហាក់​ដូចជា​បង្ក​ការ​លំបាក​ដល់​អ្នក​សារព័ត៌មាន​ជាតិ អន្តរជាតិ មន្ត្រី​សង្គម​ស៊ីវិល ឬ​ក៏​មន្ត្រី​ទូត ចូល​ស្ដាប់​សវនាការ និង​ផ្ដិត​យក​រូបភាព​នោះ គឺ​បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​គ្នា​រវាង​អតីត​ស្នងការ​ក្រុង​ភ្នំពេញ លោក ហេង ពៅ ជាមួយ​មន្ត្រី​ពន្ធនាគារ ខណៈ​អ្នក​សារព័ត៌មាន​ព្យាយាម​សួរ​លោក ហេង ពៅ រឿង​ឃាតកម្ម​លើ​លោក ជា វិជ្ជា នៅ​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles