តំណាងពលរដ្ឋ ១០គ្រួសារ ដែលមានជម្លោះដីធ្លីជាមួយទីបញ្ជាការកងអនុសេនាធំវិស្វកម្មនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ស្នើឱ្យអាជ្ញាធរជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ឱ្យបានចប់មុនពេលបោះឆ្នោតឃុំ-សង្កាត់ ចូលមកដល់។ ការស្នើនេះ ដោយពលរដ្ឋយល់ថា សំណុំរឿងដីធ្លីរបស់ពួកគាត់ អាជ្ញាធរពាក់ព័ន្ធចេះតែរុញដាក់គ្នាទៅវិញទៅមក និងចេះតែពន្យារពេល។ អាជា្ញធរខេត្តត្បូងឃ្មុំ បញ្ជាក់ថា ដីមានជម្លោះ គឺបានចុះបញ្ជីជាដីរបស់ក្រសួងការពារជាតិរួចហើយ ដូច្នេះមិនអាចបែងចែកជូនពលរដ្ឋបានទេ។
តំណាងពលរដ្ឋមានជម្លោះដីធ្លី ១០គ្រួសារយល់ថា ប្រសិនបើវិបត្តិដីធ្លីរបស់ពួកគាត់មិនអាចដោះស្រាយបញ្ចប់មុនការបោះឆ្នោតឃុំ-សង្កាត់ គឺធ្វើឱ្យរឿងនេះកាន់តែវែងឆ្ងាយជាក់ជាមិនខាន។
តំណាងពលរដ្ឋមួយរូបនៅឃុំស្រឡប់ លោក យុន សុភាព មានប្រសាសន៍ថា ពួកគាត់នឹងរង់ចាំជួបជាមួយមន្ត្រីជំនាញខេត្តម្តងទៀត ហើយនិងខិតខំប្រឹងប្រែងគ្រប់យ៉ាងដើម្បីបញ្ចប់បញ្ហាដីធ្លីមួយនេះមុនការបោះឆ្នោតចូលមកដល់។ លោកសង្កេតឃើញថា សំណុំរឿងដីធ្លីនេះ អាជ្ញាធរខេត្តហាក់រុញដាក់គ្នាទៅវិញទៅមក មិនចង់ដោះស្រាយជូនពួកគាត់ទេ បើទោះបីជាមានលិខិតអន្តរាគមន៍ចេញពីទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តម្រូវឱ្យពិនិត្យ និងដោះស្រាយយ៉ាងណាក៏ដោយ៖ «ស្នើសុំឱ្យបានមុនបោះឆ្នោត វាគ្រាន់បានយករៀបចំធ្វើភូមិនៅ»។
កាលពីដើមខែមីនា ឆ្នាំ២០១៧ គណៈកម្មការចម្រុះទទួល និងដោះស្រាយពាក្យបណ្តឹងនៅទល់មុខភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជូនលិខិតមួយទៅឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តម្រូវឱ្យពិនិត្យ និងដោះស្រាយករណីជម្លោះដីធ្លីរបស់ពលរដ្ឋ ១០គ្រួសារនេះ។ រហូតដល់ចុងខែមីនា ក្រសួងមួយនេះ បានបញ្ជូនលិខិតមួយឱ្យអភិបាលខេត្តត្បូងឃ្មុំ ពិនិត្យ និងដោះស្រាយបន្ត ប៉ុន្តែនៅមិនទាន់ឆ្លើយទៅពលរដ្ឋឱ្យបានស្ងប់ចិត្តទេ។
ប្រភពដដែលបញ្ជាក់ថា ពួកគាត់ ១០គ្រួសារបានកាន់កាប់ដីជាង ៣ហិកតារ តាំងពីទសវត្សរ៍៨០ មក ប៉ុន្តែនៅចុងទសវត្សរ៍៩០ ទើបមានទាហានទៅសុំដីអ្នកភូមិដាក់ទីស្នាក់ការបណ្ដោះអាសន្ន។ ក្រោយមកទីបញ្ជាការកងអនុសេនាធំវិស្វកម្ម ចូលទៅនៅបន្តទៀត ហើយមិនព្រមប្រគល់ឱ្យពួកគាត់វិញ និងបែងចែកយកដីពលរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៀតផង។
អភិបាលរងខេត្តត្បូងឃ្មុំ ទទួលបន្ទុកដីធ្លីលោក ហាក់ សុខមករា មានប្រសាសន៍នៅថ្ងៃទី២៦ ខែមេសា ថា ដីទំហំជាង ៣ហិកតារដែលពលរដ្ឋកំពុងទាមទារ គឺត្រូវបានចុះបញ្ជីជាដីឯកជនរបស់រដ្ឋ ឬជាកម្មសិទ្ធិរបស់ក្រសួងការពារជាតិរួចទៅហើយ។ ដូច្នេះការទាមទាររបស់ពលរដ្ឋ គឺមិនអាចទៅរួចទេ ប៉ុន្តែជាគោលការណ៍ប្រសិនបើពួកគាត់មិនមានដីពិតប្រាកដ គឺអាចដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចពីរដ្ឋតាមរយៈអាជ្ញាធរមូលដ្ឋានបាន៖ «ក្រសួងការពារជាតិ បានឆ្លើយតបលិខិតរបស់ក្រសួងការពារជាតិថា ដីនេះមិនអាចប្រគល់ជូនពួកគាត់បានទេ ដោយសារថា ដីនេះបានចុះបញ្ជីសារពើភ័ណ្ឌរបស់ក្រសួងការពារជាតិហើយ»។
អភិបាលរងខេត្តដដែលបញ្ជាក់ថា ពួកគេកំពុងស៊ើបអង្កេតករណីនេះ ហើយប្រសិនបើរកឃើញថា ដីទាំងនោះពិតជាមានការបែងចែកគ្នាធ្វើជាសម្បត្តិឯកជនមែន អាជ្ញាធរនឹងដកហូតជាក់ជាមិនខាន។ ចំពោះការស្នើសុំឱ្យដោះស្រាយបញ្ចប់មុនការបោះឆ្នោត លោកយល់ថា ជាការកំណត់របស់ពលរដ្ឋប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី អាជ្ញាធរមិនបានព្រងើយកន្តើយរាល់សំណូមពរ ឬពាក្យបណ្តឹងរបស់ពលរដ្ឋទេ ហើយអាជ្ញាធរគ្រោងនឹងជួបពួកគាត់នៅពេលខាងមុខ បន្ទាប់ពីបញ្ចប់ការស្រាវជ្រាវរបស់ខ្លួន។
មន្ត្រីសម្របសម្រួលស្តីទីនៃអង្គការលីកាដូ (Licadho) ខេត្តកំពង់ចាម លោក វ៉ន សេងធុយលើកឡើងថា ការយកដីរបស់ពលរដ្ឋទៅដាក់បញ្ចូលជាដីរបស់រដ្ឋ គឺជារឿងមិនត្រឹមត្រូវទេ ពីព្រោះដីដែលអ្នកភូមិ ១០គ្រួសារកំពុងទាមទារ គឺពួកគាត់មិនដែលបោះបង់សិទ្ធិទាមទារឡើយ។ បន្ថែមពីនេះ លោកអះអាងថា ដីរបស់រដ្ឋដែលអាជ្ញាធរលើកឡើងបែរជាមានមន្ត្រីទាហាននៅទីបញ្ជាការកងអនុសេនាធំវិស្វកម្មមួយចំនួននាំគ្នាបែងចែកដើម្បីសាងសង់ផ្ទះឯកជនទៅវិញ៖ «តាមផ្លូវច្បាប់ ការប្រគល់ឱ្យបណ្តោះអាសន្ន គឺវាមិនស្ថិតស្ថេរទេ បណ្តោះអាសន្នគឺមួយរយៈពេលទេ។ មិនអាចយកដីពលរដ្ឋដែលគាត់ប្រគល់ឱ្យនោះទៅដាក់បញ្ចូលជាដីរបស់រដ្ឋបានឡើយ»។
លោកយល់ថា ករណីនេះ ប្រសិនបើអាជ្ញាធរមិនអាចដោះស្រាយបញ្ចប់ឱ្យសមស្របជូនពលរដ្ឋទេ ពួកគាត់នឹងមិនស្ងប់ចិត្តឡើយ ហើយនឹងមានការតវ៉ាបន្តទៀតជាក់ជាមិនខាន៕