Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ប្រជា​សហគមន៍​និង​មន្ត្រី​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ឈប់​បរិភោគ​ត្រី​ក្រពត

$
0
0

ប្រជា​សហគមន៍​នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ចេះតែ​បារម្ភ​ខ្លាច​មាន​ពលរដ្ឋ​នាំ​គ្នា​បរិភោគ​ត្រី​ក្រពត​បន្ត​ទៀត ដែល​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ ក្ដី​បារម្ភ​នេះ បន្ទាប់ពី​មាន​ករណី​ពលរដ្ឋ​ពុល​ត្រី​ក្រពត​ស្លាប់​ម្នាក់ និង​រង​គ្រោះជា​បន្ត​បន្ទាប់ នៅ​ឃុំ​ត្រពាំងព្រីង ក្នុង​ដើម​ឆ្នាំ​២០១៧ ដោយសារ​តែ​ពួកគាត់​យក​ត្រី​ក្រពត​ដែល​នេសាទ​បាន​ពី​បឹង​មក​បរិភោគ។

​ប្រជា​សហគមន៍​នៅ​ឃុំ​ត្រពាំងព្រីង និង​មន្ត្រី​ជំនាញ​ផ្នែក​សុខាភិបាល​ផង ស្នើ​ឱ្យ​ពលរដ្ឋ​ឈប់​យក​ត្រី​ក្រពត​មក​បរិភោគ​បន្ត​ទៀត ព្រោះ​វា​អាច​បង្ក​ឱ្យ​គ្រោះថ្នាក់​ផ្សេងៗ ពិសេស​បណ្ដាល​ឱ្យ​ពុល​ស្លាប់​តែម្ដង។ លើស​ពី​នេះ អាជ្ញាធរ​នឹង​ផ្សព្វផ្សាយ​បន្ថែម​ទៀត​ដល់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឱ្យ​យល់​ដឹង​ពី​ផល​ប៉ះពាល់​ក្នុង​ការ​បរិភោគ​ត្រី​ក្រពត។

ការ​ស្នើ​ខាង​លើ​នេះ បន្ទាប់​ពី​មាន​ពលរដ្ឋ​ម្នាក់​ពុល​ស្លាប់ និង​ពីរ​នាក់​ទៀត ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ស្រុក​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា បន្ទាប់​ពី​ពួកគេ​យក​ត្រី​ក្រពត​មក​បរិភោគ​ជា​អាហារ។ ពលរដ្ឋ​ទាំង​នោះ​ចំណាក​ស្រុក​មក​ពី​ខេត្ត​ព្រៃវែង ដែល​បាន​មក​ធ្វើ​ការងារ​ជា​កម្មករ​សំណង់​នៅ​ក្នុង​ឃុំ​ត្រពាំងព្រីង ខេត្ត​ត្បូងឃ្មុំ។

​ប្រជា​សហគមន៍​នៅ​ឃុំ​ត្រពាំងព្រីង លោក ផុន ឈឿន មាន​ប្រសាសន៍​ថា កាល​ពី​ខែ​កុម្ភៈ ពលរដ្ឋ​ម្នាក់​នៅ​ភូមិ​ស្រែប្រាំង បាន​ស្លាប់​ដោយសារ​ពុល​ត្រី​ក្រពត​ម្ដង​រួច​មក​ហើយ។ លោក​បន្ត​ថា នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ក៏​មាន​ពលរដ្ឋ​ម្នាក់​ទៀត​ពុល​ស្លាប់ និង​ពីរ​នាក់​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​តំបែរ។

លោក​បារម្ភ​ខ្លាច​ករណី​នេះ​នឹង​កើត​ឡើង​បន្ត​ទៀត ប្រសិនបើ​គ្មាន​ការ​ទប់ស្កាត់ ឬ​គ្មាន​ការ​អប់រំ​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​បាន​យល់​ច្បាស់​នោះ​ទេ៖ «ងាប់​ម្នាក់​ទៀត! ដល់​អ៊ីចឹង​ប្រជាពលរដ្ឋ​គាត់​ចេះ​តែ​ព្រួយបារម្ភ​ដែរ ព្រោះ​ខាង​ស្រុក​ខាង​ឃុំ​អី​ហ្នឹង​អត់​មាន​ផ្សព្វផ្សាយ​ប្រាប់​ប្រជាពលរដ្ឋ​ថា កុំ​ឱ្យ​ហូប​ក្រពត​ហូប​អី ក្រែង​មាន​គ្រោះថ្នាក់»

​ប្រជា​សហគមន៍​ដដែល​ចង់​ឱ្យ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​ផ្សព្វផ្សាយ​ប្រាប់​ពលរដ្ឋ​ឱ្យ​បាន​ដឹង​ច្បាស់ និង​ទូលំទូលាយ​អំពី​បញ្ហា​នេះ ហើយ​ពលរដ្ឋ​នៅ​តាម​ជនបទ​ត្រូវ​ប្រុង​ប្រយ័ត្ន និង​មិន​គួរ​បរិភោគ​ត្រី​ប្រភេទ​នេះ​ទៀត​ឡើយ។

​កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែ​មេសា ពលរដ្ឋ​មក​ពី​ខេត្ត​ព្រៃវែង ដែល​មក​ធ្វើ​ការ​សំណង់​នៅ​ឃុំ​ត្រពាំងព្រីង នាំ​គ្នា​យក​ត្រី​ក្រពត​ដែល​នេសាទ​បាន​ពី​បឹង​អភិរក្ស​មួយ​ឈ្មោះ បឹង​បព្រេង មក​ធ្វើ​ម្ហូប​បរិភោគ។ មួយ​សន្ទុះ​ក្រោយ​ពី​បរិភោគ​រួច បណ្ដាល​ឱ្យ​បុរស​ម្នាក់​ឈ្មោះ ផល ស្លាប់ និង​ពីរ​នាក់​ទៀត​ឈ្មោះ ត ភិន និង ត ផល ដែល​មាន​អាការៈ​ធ្ងន់ធ្ងរ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​តំបែរ និង​ម្នាក់​ទៀត​មាន​អាការៈ​ស្រាល​ជាង​គេ មិន​បាន​ទៅ​ព្យាបាល​នៅ​ទី​ណា​ទេ។ ទាំង​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ និង​សមត្ថកិច្ច​មូលដ្ឋាន អះអាង​ថា ពលរដ្ឋ​ទាំង​នេះ​រង​គ្រោះ​ដោយសារ​ពុល​ត្រី​ក្រពត​នោះ​តែម្ដង។

នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ត្រពាំងព្រីង លោក សាន សង មាន​ប្រសាសន៍​ថា ពលរដ្ឋ​ដែល​ពុល​ត្រី​ក្រពត​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា គឺ​មិន​សូវ​យល់​ដឹង​ពី​បញ្ហា​ទាំង​នេះ។ លោក​បន្ថែម​ថា មុន​ពេល​មាន​ហេតុការណ៍​ពុល​កើត​ឡើង គឺ​មាន​ការ​ហាម​ឃាត់​ពួកគាត់​មិន​ឱ្យ​បរិភោគ​ត្រី​ក្រពត​ដែរ ប៉ុន្តែ​ពលរដ្ឋ​ទាំង​នោះ​មិន​ព្រម​ស្ដាប់។ យ៉ាង​នេះ​ក្ដី ខាង​លោក​នឹង​អប់រំ​ប្រជាជន​បន្ថែម​ទៀត​អំពី​បញ្ហា​ទាំង​នេះ៖ «បាទ! ខ្ញុំ​នឹង​ចុះ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​យើង​អ្នក​ស្នាក់​នៅ ឬ​មួយ​អ្នក​ធ្វើ​ការ​តាម​ចម្ការ​កៅស៊ូ ឬ​ស៊ី​ឈ្នួល​គេ​អី។ ទី​មួយ​ផ្សព្វផ្សាយ​រឿង​ហូប​ត្រី​ក្រពត និង​គោ​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង ៩​ចំណុច​ផង»

​ករណី​ពុល​ត្រី​ក្រពត មិន​មែន​ទើប​តែ​កើត​ឡើង​នៅ​ឃុំ​ត្រពាំងព្រីង នោះ​ឡើយ ពោល​គឺ​មាន​ពលរដ្ឋ​ជា​ច្រើន​នៅ​តាម​ជនបទ​នៃ​ខេត្ត​មួយ​ចំនួន​ត្រូវ​រង​គ្រោះជា​បន្ត​បន្ទាប់។ ជាក់ស្ដែង​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៥ ករណី​ពុល​ត្រី​ក្រពត​នៅ​ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម ពីរ​លើក​ជាប់ៗ​គ្នា បណ្ដាល​ឱ្យ​មនុស្ស​ចំនួន​បី​នាក់​ស្លាប់ និង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ចំនួន ៧​នាក់។ អាការៈ​អ្នក​ពុល​ត្រី​ក្រពត ដូច​ជា​ស្ពឹក​ដៃ ជើង ព្រឺ​សម្បុរ ញាក់ញ័រ​ដូច​មនុស្ស​គ្រុនចាញ់ វិលមុខ ក្អួតចង្អោរ រាករូស​ជាដើម។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ ដែល​បាន​តាមដាន​ករណី​ពុល​ត្រី​ក្រពត​នេះ លោក កែវ វណ្ណៈ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ថា សុខភាព​ពលរដ្ឋ​ដែល​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក គឺ​បាន​ជា​សះស្បើយ និង​បាន​ត្រឡប់​ទៅ​ផ្ទះ​តាំង​ពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​មេសា ម្លេះ។ លោក​បន្ត​ថា នៅ​ដើម​ឆ្នាំ​២០១៧ ករណី​ពុល​ត្រី​ក្រពត​នៅ​ខេត្ត​ត្បូងឃ្មុំ បណ្ដាល​​មនុស្ស ២​នាក់​ស្លាប់ និង ៥​នាក់​ទៀត​រងគ្រោះ​ស្រាល និង​ធ្ងន់។

លោក​បញ្ជាក់​ពី​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​ពលរដ្ឋ​បរិភោគ​ត្រី​ក្រពត​ពុល ដោយសារ​ត្រី​ប្រភេទ​នេះ​មាន​ផ្ទុក​សារធាតុពុល​ពីរ​ប្រភេទ​នៅ​ក្នុង​ខ្លួន​របស់​វា៖ «ទី​មួយ​គេ​ហៅ​ថា តេត្រូដូតុកស៊ីន (Tetrodotoxin) អា​ហ្នឹង​ជា​ប្រភេទ​ជាតិ​ពុល​ម្យ៉ាង​នៅ​ក្នុង​ត្រី​ក្រពត​ហ្នឹង ហើយ​មួយ​ទៀត​ហៅ​ថា សាស៊ីតុកស៊ីន (Saxitosin) ដែល​ជា​សារធាតុពុល​នៅ​ក្នុង​ត្រី​ក្រពត​ហ្នឹង»

ប្រធាន​មន្ទីរ​សុខាភិបាល​ដដែល បន្ថែម​ទៀត​ថា កន្លង​មក​ខាង​មន្ទីរ​ធ្លាប់​បាន​អប់រំ​ណែនាំ​ពលរដ្ឋ​អំពី​បញ្ហា​ទាំង​នេះ ព្រមទាំង​បញ្ហា​អនាម័យ​ចំណី​អាហារ​ផ្សេង​ទៀត ជៀសវាង​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ ក្រៅ​ពី​នេះ ខាង​មន្ទីរ​សុខាភិបាល​មាន​មន្ត្រី​របស់​ខ្លួន​នៅ​តាម​មូលដ្ឋាន​រហូត​ដល់​ថ្នាក់​ខេត្ត ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​នានា​ដែល​កើត​ឡើង​ភ្លាមៗ​នៅ​តាម​សហគមន៍។

លោក​ឱ្យ​ដឹង​ថា ឯកសារ​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បង្ហាញ​ថា ត្រី​ក្រពត​មាន​ចំនួន ៥​ប្រភេទ ដែល​ខាង​ក្រសួង​ហាម​មិន​ឱ្យ​បរិភោគ​ ពីព្រោះ​វា​បណ្ដាល​ឱ្យ​ពុល ប៉ុន្តែ​លោក​មិន​បាន​ចាំ​ប្រភេទ​ត្រី​ទាំង​នោះ​ទេ។ លោក​យល់​ថា ជា​ការ​ល្អ​ប្រសើរ បើ​ទោះ​បី​ជា​ពលរដ្ឋ​ស្គាល់​ត្រី​ប្រភេទ​នេះ​ច្បាស់ ឬ​មិន​ច្បាប់​ក្តី មិន​ត្រូវ​នាំ​គ្នា​បរិភោគ​ឡើយ៖ «សម្រាប់​សារ​អប់រំ​ដល់​ពលរដ្ឋ គឺ​ប្រជាពលរដ្ឋ​ដែល​ស្គាល់​ត្រី​ហ្នឹង​មិន​ច្បាស់ គួរ​តែ​កុំ​ពិសា​ល្អ​ជាង»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មើល​ឃើញ​ថា ករណី​ពុល​ត្រី​ក្រពត​នេះ គឺ​កើត​ឡើង​ជា​បន្តបន្ទាប់ ប៉ុន្តែ​ក្រសួង​ពាក់ព័ន្ធ​មិន​បាន​បង្ហាញ​ឱ្យ​បាន​ច្បាស់លាស់​អំពី​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​ពុល និង​វិធី​បង្ការ​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ។ លោក​យល់​ថា មូលហេតុ​បណ្ដាល​ឱ្យ​ពលរដ្ឋ​នៅ​តាម​ជនបទ​រង​គ្រោះ​ដោយសារ​ករណី​នេះ​ជា​បន្តបន្ទាប់ គឺ​ទាក់ទង​កត្តា​ចំណេះ​ដឹង ម្យ៉ាង​ការ​ផ្ដល់​ព័ត៌មាន​ស្ដីពី​បញ្ហា​ប្រឈម​ទាំង​នេះ​មិន​បាន​ទូលំទូលាយ​ដល់​ពួកគាត់៖ «វា​មិន​ច្បាស់​ថា អា​ហ្នឹង​ស្លាប់​អត់ ព្រោះ​ព័ត៌មាន​ដែល​ពួកគាត់​ទទួល​បាន​វា​មិន​សូវ​ច្បាស់​ទេ បើ​មិន​តាម​រយៈ​មេ​ភូមិ​មេ​ឃុំ​ទេ ព្រោះ​ពួកគាត់​គ្មាន​ហ្វេសប៊ុក (Facebook) សម្រាប់​មើល​យល់​ទេ»

លោក​បារម្ភ​ថា ករណី​នេះ​នឹង​កើត​ឡើង​ចំពោះ​ពលរដ្ឋ​ទៀត ប្រសិន​ស្ថាប័ន​ពាក់ព័ន្ធ​មិន​បាន​យក​ចិត្ត​ទុក​ដាក់ ឬ​ផ្ដល់​ព័ត៌មាន​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ដល់​ពួកគាត់​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles