ក្រោយខ្វះខាតបន្ទប់រៀនជាច្រើនឆ្នាំ ពេលនេះសាលាបឋមសិក្សាស្រែព្រីង ដែលស្ថិតក្នុងឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មានសប្បុរសជនជួយឧបត្ថម្ភជាអគារសិក្សាហើយ។ តាមរយៈអគារសិក្សា និងសម្ភារសិក្សាបន្ថែមនេះ ថ្នាក់ដឹកនាំសាលា និងលោកគ្រូអ្នកគ្រូរំពឹងថា នឹងអាចជួយឲ្យគុណភាពសិក្សា និងការបង្រៀនសិស្សមានលក្ខណៈកាន់តែល្អប្រសើរ។
អស់រយៈពេលជាង ១០ឆ្នាំហើយដែលសាលាបឋមសិក្សាស្រែព្រីង បានរួមចំណែកជួយបណ្តុះបណ្តាល និងជាកន្លែងផ្តល់ចំណេះដឹងដល់កូនចៅរបស់អតីតយោធាខ្មែរក្រហម អតីតយោធាសាធារណរដ្ឋប្រជាមានិតកម្ពុជា និងពលរដ្ឋដែលបានចំណាកស្រុកមករស់នៅក្នុងភូមិត្រពាំងស្ដៅ ឃុំត្រពាំងភ្លាំង ជាតំបន់ដាច់ស្រយាលមួយនៃស្រុកឈូក ខេត្តកំពត ហើយក៏អស់រយៈពេលជាង ១០ឆ្នាំដែរ ដែលសិស្សានុសិស្សនៅសាលានេះត្រូវអង្គុយរៀនដោយគ្មានថ្នាក់រៀនសមរម្យនឹងគេ ពោលគឺរៀននៅហាលវាល ក្រោមផ្ទះពលរដ្ឋ និងសំយាបមជ្ឈមណ្ឌលសហគមន៍របស់អង្គការយូណេស្កូ (UNESCO) តាំងតែពីឆ្នាំ២០០៥ មក។
សម្រាប់ឆ្នាំសិក្សាថ្មីឆ្នាំ២០១៧-២០១៨ ខាងមុខនេះ សាលាមួយនេះនឹងមានការប្រែប្រួលប្រសើរជាងមុន ដោយសារតែមានសប្បុរសជន និងអង្គការមួយចំនួន បានសហការគ្នាជួយកសាងអគារសិក្សាមួយខ្នងមាន ៤បន្ទប់បន្ថែមលើអគារសិក្សាដែលមានស្រាប់ចំនួន ២ខ្នង។
នាយកសាលាបឋមសិក្សា លោក ជុន វណ្ណៈ បញ្ជាក់ប្រាប់អាស៊ីសេរីថា អគារសិក្សាថ្មីនេះរួមនឹងសម្ភារសិក្សា និងសម្ភារបណ្ណាល័យ ចំណាយអស់ថវិកាជាង ៥ម៉ឺនដុល្លារ ដែលថវិកានេះគឺជាជំនួយរបស់អង្គការស៊ីប៉ា (Sipar) អគ្គនាយកក្រុមហ៊ុនខុនហ្វ៊ីរ៉ែល (Confirel) វេជ្ជបណ្ឌិត ហៃ លីអៀង និងអង្គការពុទ្ធិកបណ្ណាល័យកម្ពុជា។
អគារសិក្សាថ្មីនេះ ត្រូវបានបញ្ចុះបឋមសិលានៅព្រឹកថ្ងៃទី២៥ មេសា ដោយមានការចូលរួមពីម្ចាស់ជំនួយ មន្ត្រីអប់រំថ្នាក់ខេត្ត និងស្រុក លោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្សសាលាបឋមសិក្សាស្រែព្រីង ជាច្រើននាក់។
លោក ជុន វណ្ណៈ រំពឹងថា អគារសិក្សានេះនឹងត្រូវស្ថាបនារួចរាល់ទាន់បវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០១៧-២០១៨ ខាងមុខ ហើយសិស្សានុសិស្សទាំងអស់មិនចាំបាច់ទៅរៀននៅក្រោមសំយាបផ្ទះគេទៀតទេ ដោយសារពួកគេនឹងមានថ្នាក់រៀនត្រឹមត្រូវដូចសិស្សសាលាដទៃទៀតដែរ៖ «ខ្ញុំឃើញសិស្ស ពេលឃើញគេមកធ្វើសាលារៀន ពួកគាត់មានអារម្មណ៍ត្រេកអរ ព្រោះថាសព្វថ្ងៃកំពុងរៀននៅក្រោមសំយាបមជ្ឈមណ្ឌលហ្នឹងវាក្តៅ គាត់ធុញថប់នឹងការរៀន។ ខ្ញុំសាកសួរទៅសិស្ស គេថាបើសិនជាបានសាលាថ្ម គេនឹងខំប្រឹងរៀនឲ្យចប់ថ្នាក់ទី៦។ គេតាំងចិត្តថាអ៊ីចឹង»។
លោក ជុន វណ្ណៈ បញ្ជាក់ថា សិស្សានុសិស្សសរុបនៃសាលានេះមានចំនួន ៣៧៥នាក់ ចែកជា ១០ថ្នាក់ ពីថ្នាក់ទី១ ដល់ទី៦។ បច្ចុប្បន្ន សាលានេះមានអគារសិក្សាចំនួន ២ខ្នងចែកជា ៤បន្ទប់ ដោយ ៣បន្ទប់ជាថ្នាក់រៀន និង ១បន្ទប់ផ្សេងទៀតជាទីចាត់ការផង ជាបណ្ណាល័យផង និងជារោងជាងផង។ ក្រោយពេលអគារសិក្សាថ្មីសាងសង់រួចរាល់នៅប៉ុន្មានខែខាងមុខ សាលានេះនឹងមានបន្ទប់សរុបចំនួន ៨បន្ទប់។
លោកនាយកសាលា គ្រោងបែងចែកជាទីចាត់ការ ១បន្ទប់ បណ្ណាល័យ ១បន្ទប់ បន្ទប់មត្តេយ្យសិក្សា ១បន្ទប់ ហើយ ៥បន្ទប់នៅសល់ គឺជាបន្ទប់រៀន ដែលសិស្សត្រូវរៀនផ្លាស់វេនព្រឹកល្ងាច។ សព្វថ្ងៃនេះ សាលាបឋមសិក្សាស្រែព្រីង មានគ្រូចំនួន ៦នាក់ រាប់ទាំងនាយកផង។
កញ្ញា ឆែម ធីតា គឺជាអ្នកគ្រូតែម្នាក់គត់នៃសាលានេះ។ អ្នកគ្រូសង្កេតឃើញថា ទាំងលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៃសាលាបឋមសិក្សាស្រែព្រីង មានអារម្មណ៍រំភើបរីករាយ ពេលមានសប្បុរសជន និងអង្គការជួយកសាងអគារសិក្សាថ្មីបន្ថែម ព្រមទាំងបំពាក់សម្ភារ និងបរិក្ខារសិក្សាផ្សេងៗដល់សាលាជនបទដាច់ស្រយាលមួយនេះ។ អ្នកគ្រូរំពឹងទុកថា គុណភាពសិក្សារបស់សិស្សនឹងល្អប្រសើរជាងមុន ព្រោះមានថ្នាក់ត្រឹមត្រូវ ពួកគេនឹងមករៀនបានទៀងទាត់៖ «បានបណ្ណាល័យសម្រាប់ឲ្យសិស្សចូលអាន ដូចជាបានបណ្ដុះការអានដល់សិស្សអ៊ីចឹង ហើយសាលារៀនមានបន្ទប់ឲ្យសិស្សអង្គុយរៀនត្រឹមត្រូវ មិនចាំបាច់ប្រជ្រៀតគ្នាដូចមុនអ៊ីចឹង ជួយឲ្យគាត់បានមករៀនរាល់ថ្ងៃ។ អាចនឹងមានសិស្សច្រើនមករៀនទៀងទាត់ជាងរាល់ថ្ងៃ ព្រោះរាល់ថ្ងៃ គាត់មកអង្គុយរៀនក្តៅពេក ប្រជ្រៀតគ្នា ពួកគាត់ឈឺអ៊ីចឹង អត់មករៀន។ ពិបាកខែនេះ ជួនកាលក្តៅខ្លាំង ថ្ងៃខ្លះភ្លៀង បើសិនយើងបានអគារថ្មី សិស្សមករៀនទៀងទាត់ អ៊ីចឹងការសិក្សាក៏មានគុណភាពតាមហ្នឹងដែរ»។
ការទទួលបានជំនួយជាបន្តបន្ទាប់នេះ មិនមែនគ្រាន់តែជំរុញទឹកចិត្តសិស្សានុសិស្សឲ្យខំប្រឹងរៀននោះទេ ក៏ប៉ុន្តែវាក៏ជំរុញឲ្យអ្នកគ្រូ ឆែម ធីតា ប្ដេជ្ញាបន្តការបង្រៀននៅសាលានេះដដែល ដោយសង្ឃឹមថានឹងអាចជួយក្មេងៗក្នុងសហគមន៍មូលដ្ឋានមួយនេះឲ្យមានចំណេះដឹងកាន់តែប្រសើរ៖ «សាលាហ្នឹងដាច់ស្រយាល (ខ្ញុំ) អាចប្ដូរមកជិតផ្ទះវិញក៏បាន ប៉ុន្តែអត់ប្ដូរទេ ចង់នៅបង្រៀននេះដោយសារធ្លាប់បង្រៀននៅទីនេះ អត់ចង់ចេញ ហើយម្យ៉ាងអត់មានគ្រូស្រី ដូច្នេះចង់នៅបង្រៀន»។
សាលាបឋមសិក្សាស្រែព្រីង មានការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។ ពេលក្រុមការងារអាស៊ីសេរីចុះយកព័ត៌មានកាលពីចុងឆ្នាំ២០១៥ សាលានេះជួបប្រទះការខ្វះខាតសព្វគ្រប់បែបយ៉ាង ដូចជាបន្ទប់រៀន អណ្ដូងទឹក បង្គន់អនាម័យ សម្ភារសិក្សា និងគ្រឿងសង្ហារិម ជាដើម ហើយទីធ្លាសាលាគ្របដណ្ដប់ភាគច្រើនដោយស្មៅ និងព្រៃ ក៏ប៉ុន្តែពេលនេះ សាលាមានអណ្ដូងទឹក បង្គន់អនាម័យ កន្លែងសម្រាប់សិស្សលាងដៃ មានសួនបន្លែ និងតារាងបាល់ទាត់ ហើយជាពិសេស នឹងមានអគារសិក្សាថ្មីមួយខ្នងបន្ថែមទៀត ដែលនឹងនាំមកជាមួយនូវសម្ភារសិក្សាជាច្រើនផ្សេងទៀត។ សមិទ្ធផលនេះ បានមកពីជំនួយផ្នែកហិរញ្ញវត្ថុ និងកម្លាំងកាយចិត្តពីក្រុមសប្បុរសជន និងពលរដ្ឋក្នុងមូលដ្ឋាន។
ទោះបីជាបែបនេះក្តី ទាំងលោកនាយកសាលា និងលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាស្រែព្រីង សុទ្ធតែចង់ឃើញសាលាបឋមសិក្សាមួយចំនួនទៀតនៅក្នុងឃុំត្រពាំងភ្លាំង ដែលកំពុងជួបប្រទះការខ្វះខាត ទទួលបានជំនួយដូចសាលារបស់ពួកគាត់ដែរ ដើម្បីពង្រឹងការអប់រំនៅតំបន់ដាច់ស្រយាល ហើយជាពិសេស ពួកគាត់ចង់បានអនុវិទ្យាល័យមួយនៅតំបន់នោះ ដើម្បីកាត់បន្ថយការបោះបង់ចោលការសិក្សារបស់សិស្ស៕