សេចក្ដីព្រាងថវិកាឆ្នាំ២០១៨ របស់ក្រសួងការបរទេសអាមេរិក បង្ហាញថា រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) គ្រោងនឹងកាត់បន្ថយទឹកប្រាក់ជំនួយអភិវឌ្ឍន៍ស្ទើរតែទាំងស្រុងដល់ប្រទេសកំពុងអភិវឌ្ឍន៍តិចតួចនានានៅលើពិភពលោក រួមទាំងកម្ពុជា ផងដែរ។ អ្នកវិភាគ និងឃ្លាំមើលការអភិវឌ្ឍសង្គម មើលឃើញថា ការគ្រោងកាត់បន្ថយជំនួយរបស់អាមេរិកាំងនេះ គឺធ្វើឡើងជាលក្ខណៈទូទៅ ហើយមិនមានជាប់ពាក់ព័ន្ធទៅនឹងដំណើរការវិវត្តន៍ថ្មីៗនៃស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជា ឡើយ។
ទស្សនាវដ្ដីគោលនយោបាយការបរទេស (Foreign Policy Magazine) ផ្សាយកាលពីថ្ងៃទី២៤ ខែមេសា កន្លងទៅថ្មីៗនេះ ឲ្យដឹងថា រដ្ឋបាលលោក ដូណាល់ ត្រាំ គ្រោងនឹងកាត់បន្ថយជំនួយសម្រាប់ឆ្នាំ២០១៨ ដល់ប្រទេសកម្ពុជា រហូតដល់ទៅ ៧០,៥%។ តាមគម្រោងនេះ កម្ពុជាអាចនឹងបាត់បង់ទឹកប្រាក់ជំនួយពីអាមេរិក សម្រាប់ឆ្នាំ២០១៨ រហូតដល់ទៅជាង ៥៤លានដុល្លារអាមេរិក ដែលកាលពីឆ្នាំ២០១៦ កន្លងទៅ កម្ពុជាទទួលបានជំនួយពីអាមេរិក សរុបជាង ៧៧លានដុល្លារអាមេរិក។
ក្នុងចំណោមទឹកប្រាក់ជំនួយរបស់អាមេរិក សម្រាប់ប្រទេសកម្ពុជា កាលពីឆ្នាំ២០១៦ កន្លងទៅ ដែលមានចំនួនទឹកប្រាក់សរុបជាង ៧៧លានដុល្លារអាមេរិកនេះ ជំនួយសម្រាប់អភិវឌ្ឍន៍ចំនួនជាង ៣៤លានដុល្លារអាមេរិក នឹងត្រូវកាត់បន្ថយទាំងស្រុង ១០០% មូលនិធិទ្រទ្រង់សេដ្ឋកិច្ចចំនួន ៨លានដុល្លារអាមេរិក នឹងត្រូវកាត់បន្ថយទាំងស្រុង ១០០% កម្មវិធីសុខាភិបាលសកលរបស់ក្រសួងការបរទេសចំនួនជាង ៦លានដុល្លារអាមេរិក នឹងត្រូវកាត់បន្ថយ ១៨,៣% មកនៅត្រឹម ៥លានដុល្លារអាមេរិក និងកម្មវិធីសុខាភិបាលសកលរបស់ USAID ចំនួនជាង ២៨លានដុល្លារអាមេរិក នឹងត្រូវកាត់បន្ថយ ៣៧,៤% មកនៅត្រឹមជាង ១៧លានដុល្លារអាមេរិកវិញ។ ជារួមសម្រាប់ឆ្នាំ២០១៨ ខាងមុខនេះ កម្ពុជាអាចទទួលបានជំនួយសរុបពីអាមេរិក តែត្រឹមទឹកប្រាក់ចំនួនជាង ២២លានដុល្លារអាមេរិកប៉ុណ្ណោះ។
មិនមែនតែប្រទេសកម្ពុជា មួយទេ ដែលអាចនឹងទទួលរងការកាត់បន្ថយជំនួយរបស់អាមេរិក សម្រាប់ឆ្នាំ២០១៨ ខាងមុខនេះ។ ប្រទេសឡាវ ប្រទេសថៃ និងប្រទេសទីម័រខាងកើត អាចនឹងបាត់បង់ជំនួយរបស់អាមេរិក ១០០% ទាំងស្រុងតែម្ដង។ ដោយឡែកប្រទេសវៀតណាម អាចនឹងត្រូវកាត់បន្ថយជំនួយក្នុងកម្រិត ១៩,៩% ប្រទេសឥណ្ឌូនេស៊ី នឹងត្រូវកាត់បន្ថយជំនួយ ២៦,១% ប្រទេសហ្វីលីពីន កាត់បន្ថយចំនួន ៣៩,៤% ប្រទេសប៉ាពូញូវហ្គីណេ (Papua New Guinea) កាត់បន្ថយចំនួន ៦៦,៤% រីឯប្រទេសចិន នឹងត្រូវកាត់បន្ថយជំនួយរហូតដល់ទៅ ៩៣,៩%។
ការគ្រោងកាត់បន្ថយទឹកប្រាក់ជំនួយអភិវឌ្ឍន៍របស់អាមេរិក ដ៏ច្រើនលើសលប់មិនធ្លាប់មានពីមុនមកលើកនេះ ស្ដែងឲ្យឃើញពីការផ្លាស់ប្ដូរគោលនយោបាយការបរទេសអាមេរិក ដោយផ្ដោតអាទិភាពទៅលើអត្ថប្រយោជន៍ និងការអភិវឌ្ឍក្នុងស្រុករបស់សហរដ្ឋអាមេរិក និងដើម្បីប្រជាជនអាមេរិកាំងវិញម្ដង ក្រោមការដឹកនាំរបស់លោកប្រធានាធិបតីថ្មី ដូណាល់ ត្រាំ។
យ៉ាងណាក៏ដោយ ពង្រាងថវិកាចំណាយសម្រាប់ឆ្នាំ២០១៨ នេះ អាចនឹងត្រូវបានកែប្រែត្រង់ផ្នែកណាមួយដោយត្រូវឆ្លងកាត់ការពិភាក្សាដេញដោលយ៉ាងល្អិតល្អន់មុននឹងដាក់ឲ្យរដ្ឋសភាអាមេរិកាំង អនុម័តនាពេលខាងមុខ។
គិតមកត្រឹមយប់ថ្ងៃទី២៥ ខែមេសា នេះ អាស៊ីសេរី នៅមិនទាន់អាចទាក់ទងមន្ត្រីនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ជុំ សុន្ទរី បាននៅឡើយទេ ដើម្បីសុំប្រតិកម្មឆ្លើយតបនឹងព័ត៌មានខាងលើនេះ ដោយទូរស័ព្ទរបស់លោកពុំមានអ្នកទទួល។
អ្នកវិភាគ និងឃ្លាំមើលការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ឃើញថា ការគ្រោងកាត់បន្ថយជំនួយរបស់អាមេរិកាំងលើកនេះ គឺធ្វើឡើងជាលក្ខណៈទូទៅ ហើយមិនមានជាប់ពាក់ព័ន្ធទៅនឹងដំណើរការវិវត្តន៍ថ្មីៗនៃស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជា ឡើយ។ លោកមានប្រសាសន៍ថា ប្រសិនណាបើការគ្រោងកាត់ជំនួយនេះ កើតមានឡើងមកលើប្រទេសកម្ពុជា តែមួយទេ នោះទើបអាចពាក់ព័ន្ធនឹងការវិវត្តន៍នយោបាយក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលកន្លងទៅ។
លោកបណ្ឌិត មាស នី៖ «ប្រៀបធៀបជាមួយនឹងលុយដែលរដ្ឋាភិបាលខ្មែរបានទទួលពីចិន រាប់ពាន់លាន។ ខ្ញុំគិតថា វាដូចជាមិនមានអ្វីដែលធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពថវិការបស់កម្ពុជា នោះទេ។ ក៏ប៉ុន្តែ រឿងមួយដែលធ្ងន់ធ្ងរនោះ គឺវាហាក់ដូចជាធ្វើឲ្យកម្ពុជា កាន់តែងាកខ្លួនទៅរកពឹងផ្អែកទៅលើប្រទេសចិន ហ្នឹងកាន់តែធ្ងន់ទៅៗ»។
លោកបណ្ឌិត មាស នី បន្តថា ភាគច្រើននៃប្រទេសដែលពឹងផ្អែកលើប្រទេសចិន សុទ្ធតែជាប្រទេសក្រីក្រ និងមិនសូវលូតលាស់ ឬអភិវឌ្ឍន៍ខ្លាំងនោះទេ ហើយថា ជំនួញ និងជំនួយរបស់ប្រទេសចិន មកដល់ប្រទេសក្រីក្រទាំងនោះក៏បានផ្ដល់នូវផលវិបាកជាច្រើនដែរនៅក្នុងប្រទេសទទួលដូចជាការវិនិយោគទុនទៅលើវិស័យរ៉ែ ដីធ្លីផ្សេងៗជាដើម ច្រើនតែបង្កឲ្យមានការប៉ះពាល់ដល់ពលរដ្ឋក្រីក្រនៅក្នុងប្រទេសទទួល។
លោកបណ្ឌិត មាស នី ថា ការគ្រោងកាត់បន្ថយជំនួយរបស់អាមេរិក នៅពេលខាងមុខនេះ អាចនឹងបណ្ដាលឲ្យកម្ពុជា បន្តធ្លាក់ចូលក្នុងការខ្ចីបុលបំណុលពីបរទេស ជាពិសេសប្រទេសចិន កាន់តែខ្លាំងឡើងបន្ថែមទៀត។
លោកបណ្ឌិត មាស នី៖ «យើងមើលទៅមិនមែនទៅពឹងវៀតណាម ទេ។ វៀតណាមពឹងបានតែខាងនយោបាយទេ ប៉ុន្តែខាងថវិកាវៀតណាម ដូចជាមិនមានអីជួយមកគ្រប់គ្រាន់ទេ។ អ៊ីចឹងមានតែពឹងទៅចិន ហើយកាលណាពឹងទៅចិន គឺបានន័យថា ប្រទេសកម្ពុជា យើង ចង់មិនចង់គឺយើងរអិលទៅក្នុងប្លុកកុម្មុយនិស្ត ដែលជាកត្តាមួយធ្វើឲ្យមិត្តអាស៊ានគេមើលមកថា យើងវាដូចជាមនុស្សចម្លែកមួយនៅក្នុងតំបន់»។
ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា ជំពាក់បំណុលប្រទេសចិន ច្រើនជាងប្រទេសណាៗទាំងអស់។ គិតត្រឹមដំណាច់ឆ្នាំ២០១៦ កម្ពុជាជំពាក់ចិន សរុប ២.៨១៨,៣៧ លានដុល្លារអាមេរិក។ តួលេខដដែលឲ្យដឹងទៀតថា សរុបត្រឹមឆ្នាំ២០១៦ រដ្ឋទូទាត់បំណុលសងទៅប្រទេសចិន វិញ បានចំនួនជិត ២៦០លានដុល្លារអាមេរិក។
ទំនាក់ទំនងរវាងកម្ពុជា និងបស្ចិមប្រទេស ជាពិសេសសហរដ្ឋអាមេរិក មួយរយៈចុងក្រោយនេះហាក់មានភាពល្អក់កករក្រោយពេលដែលអាមេរិក និងបស្ចិមប្រទេសនានា បានរិះគន់រដ្ឋាភិបាលកម្ពុជា យ៉ាងធ្ងន់ៗពាក់ព័ន្ធនឹងករណីធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ការចាប់អ្នកការពារសិទ្ធិមនុស្សដាក់ពន្ធនាគារ និងការគាបសង្កត់គណបក្សប្រឆាំង។ ដូចគ្នានេះដែរ កម្ពុជាក៏បានទាមទារឲ្យអាមេរិក លុបចោលបំណុលតាំងពីសម័យសង្គ្រាមសរុបជាង ៥០០លានដុល្លារអាមេរិក ក៏ប៉ុន្តែត្រូវបានអាមេរិកបដិសេធ។ ជារឿយៗ រដ្ឋាភិបាលកម្ពុជា តែងចោទប្រកាន់សហរដ្ឋអាមេរិក ថារំលោភអធិបតេយ្យកម្ពុជា និងថាកំពុងធ្វើយុទ្ធនាការយ៉ាងសស្រាក់សស្រាំដើម្បីឲ្យមានការផ្លាស់ប្ដូររបបគ្រប់គ្រងនៅកម្ពុជា តាមរយៈការផ្ដល់ការគាំទ្ររបស់ខ្លួននៅពីខាងក្រោយគណបក្សប្រឆាំងរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល៕