ស្ថានទូតសហរដ្ឋអាមេរិក និងក្រុមហ៊ុនផ្សព្វផ្សាយ វ៉ិសថិច (Westec Media Ltd.) សហការជាមួយក្រុមហ៊ុនភាពយន្ត និងស្ថាប័នរដ្ឋាភិបាលមួយចំនួន នៅថ្ងៃទី២៥ មេសា រៀបចំវេទិកាកម្មសិទ្ធិបញ្ញាពិភពលោក ក្រោមប្រធានបទថា "ការបង្កើតថ្មី ជួយឲ្យជីវិតរីកចម្រើន"។ វេទិកានេះ គឺជាការពិភាក្សាមួយថ្ងៃមុនទិវាកម្មសិទ្ធិបញ្ញាពិភពលោកមកដល់ គឺនៅថ្ងៃទី២៦ មេសា។
វេទិកាកម្មសិទ្ធិបញ្ញានៅថ្ងៃទី២៥ មេសា គឺជាកិច្ចពិភាក្សារវាងស្ថាប័នរដ្ឋ និងវិស័យឯកជន រួមគ្នាលើកកម្ពស់ និងឲ្យតម្លៃដល់ការការពារកម្មសិទ្ធិបញ្ញានៅកម្ពុជា។ កិច្ចពិភាក្សា ក៏ផ្ដោតលើផលប៉ះពាល់កម្មសិទ្ធិបញ្ញាក្នុងគ្រប់វិស័យ និងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា និងធនធាន។
ប្រធានបេសកកម្មការទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អ្នកនាង ជូលី ជុង មានប្រសាសន៍ថា ការការពារកម្មសិទ្ធិបញ្ញា មិនមែនការពារផលប្រយោជន៍តែសហគមន៍ពាណិជ្ជកម្ម ឬពាណិជ្ជករទេ គឺការពារប្រយោជន៍របស់យើងម្នាក់ៗតាមវិធីផ្សេងៗគ្នា។ ការការពារកម្មសិទ្ធិបញ្ញា ក៏ជំរុញលើកទឹកចិត្តដល់ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច វិទ្យាសាស្ត្រ ភាពហ៊ានប្រឈមហានិភ័យ នីតិរដ្ឋ ភាពច្នៃប្រឌិត ការបង្ហាញផ្នែកវប្បធម៌ និងវិស័យសំខាន់ៗជាច្រើនទៀត៖ «ខ្ញុំរីករាយនឹងនិយាយថា ប្រទេសកម្ពុជា កំពុងប្រឹងប្រែងតស៊ូប្រយុទ្ធដើម្បីវិស័យទាំងនេះ។ ចំណុចមួយដែលប្រទេសកម្ពុជា បានអនុវត្តដោយភាពវិជ្ជមានក្នុងការការពារកម្មសិទ្ធិបញ្ញា គឺពាក់ព័ន្ធនឹងថ្នាំពេទ្យ។ ថ្នាំពេទ្យក្លែងក្លាយ គឺជាការគំរាមកំហែងអាយុជីវិតពលរដ្ឋ។ សូមស្រមៃមើលថា ពេលយើងចេញទៅទិញថ្នាំពេទ្យឲ្យកូន ឬឲ្យយាយតា ហើយថ្នាំទាំងនោះមិនមានប្រសិទ្ធភាព ឬក៏ធ្វើឲ្យរឹតតែមានបញ្ហាគ្រោះថ្នាក់ធ្ងន់ធ្ងរ កត្តានេះហើយដែលកម្មសិទ្ធិបញ្ញានៃការផលិតថ្នាំពេទ្យត្រូវការពារនោះ។ វាក៏មានសារសំខាន់ដែរ ព្រោះគំនិតបង្កើតថ្មី រកឃើញថ្មីខាងវេជ្ជសាស្ត្រ ក៏ពឹងផ្អែកលើច្បាប់ការពារដែរ។ ការស្រាវជ្រាវ និងការផលិតថ្នាំថ្មីៗ ត្រូវចំណាយច្រើនណាស់។ ដូច្នេះបើក្រុមហ៊ុនមិនរកប្រាក់ចំណេញពីការរកឃើញថ្នាំថ្មីបាន ក្រុមហ៊ុននេះក៏នឹងមិនមានធនធាន ដើម្បីបង្កើតការព្យាបាលថ្មី ដែលជួយសង្គ្រោះជីវិតបានដូចគ្នា»។
អ្នកនាង ជូលី ជុង បន្តថា មូលហេតុដែលកម្ពុជា ត្រូវការពារកម្មសិទ្ធិបញ្ញា គឺព្រោះតែមានក្រុមហ៊ុនបរទេសជាច្រើនចង់វិនិយោគនៅប្រទេសកម្ពុជា ជាពិសេសឧស្សាហកម្មបង្កើតថ្មីៗ និងការនាំចេញផលិតផលមានគុណភាព៖ «ចូរគិតថា កម្ពុជា ក្លាយជាអ្នកនាំមុខគេក្នុងការការពារកម្មសិទ្ធិបញ្ញា។ កម្ពុជា នឹងទទួលផលប្រយោជន៍ពីកំណើតសេដ្ឋកិច្ច និងផ្ដល់ការងារដែលមានប្រាក់ខែខ្ពស់។ មួយទៀត គឺការការពារកម្មសិទ្ធិបញ្ញារបស់កម្ពុជា ខ្លួនឯងផ្ទាល់។ គឺខ្ញុំសំដៅដល់បទភ្លេង និងចម្រៀងដើមដ៏ពីរោះរបស់ខ្មែរ ព្រមទាំងបច្ចេកវិទ្យាបង្កើតថ្មីដែលបង្កើតនៅទីនេះ ពេលថ្មីៗនេះ»។
ទន្ទឹមគ្នានេះ អនុរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ លោក មៀច សុផាន់ណា ឲ្យដឹងថា បេសកកម្មរបស់គណៈកម្មាធិការបានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយច្រើន ដែលបង្កហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម មានជាអាទិ៍ គឺថ្នាំពេទ្យ៖ «ថ្មីៗនេះ គឺយើងទើបបើកប្រតិបត្តិការបិទរោងចក្រមួយកន្លែង និងស្តរេច (storage) ២កន្លែង នៅតាខ្មៅ និងទីក្រុងភ្នំពេញ ហើយយើងចាប់រឹបអូសបានផលិតផលក្លែងក្លាយគ្រឿងសំអាង...»។
លោកមានប្រសាសន៍ទៀតថា មានផលិតផលមួយចំនួន ជាពិសេសម្សៅលាបមុខ ដែលវាយស្លាកថា ផលិតនៅក្រៅប្រទេស គឺជាផលិតផលក្លែងក្លាយនៅកម្ពុជា៖ «ផលិតផលទាំងអស់នោះដាក់សុទ្ធតែ Made in Japan ប៉ុន្តែ...»។
លោកថា មានផលិតផលរាប់សិបតោន ត្រូវបានកម្ទេចចោល ហើយដោយសារកិច្ចប្រឹងប្រែងរបស់គណៈកម្មាធិការនេះ អង្គការសហប្រជាជាតិ បានផ្ដល់ម៉ាស៊ីនមួយគ្រឿងសម្រាប់ធ្វើតេស្ដថ្នាំពេទ្យ។
ទាក់ទងនឹងការលើកកម្ពស់ និងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញានេះដែរ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកនាយកដ្ឋានកម្មសិទ្ធិបញ្ញា លោក អ៊ុក ប្រជា ឲ្យដឹងថា រហូតមកដល់ពេលនេះ ក្រសួងរបស់លោកបានចុះបញ្ជីផលិតផលទូទៅជាង ៥ម៉ឺនម៉ាក៖ «សម្រាប់ឆ្នាំ២០១៦ យើងទទួលបានការចុះបញ្ជីចំនួន ៦.៧១៩ម៉ាក...»។
លោកថា ក្នុងរយៈពេលកន្លងទៅនេះ ក្រសួងបានផ្សព្វផ្សាយដល់អ្នករកស៊ី និងដៃគូវិនិយោគ អំពីការចុះបញ្ជីម៉ាក ការការពារម៉ាក ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងការផ្ដល់សិទ្ធិដល់អ្នកនិពន្ធ ដូចជាតន្ត្រី ភាពយន្ត និងសៀវភៅ ជាដើម។ ដើម្បីលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញា ខាងលោកនឹងបន្តធ្វើសិក្ខាសាលាទៀតនៅពេលខាងមុខនេះ។
ទីប្រឹក្សារដ្ឋាភិបាល លោក សុខ ស៊ីផាន់ណា មានអនុសាសន៍ថា ក្រុមវិស័យឯកជនត្រូវបន្តលើកកម្ពស់ការយល់ដឹងអំពីកម្មសិទ្ធិបញ្ញាថែមទៀត ដោយមិនរង់ចាំស្ថានទូតអាមេរិក ជាពិសេសក្រុមហ៊ុនភាពយន្តដែលកំពុងតែមានភាពរឹងមាំរាល់ថ្ងៃ៕