អង្គការសង្គមស៊ីវិលធ្វើការក្នុងវិស័យអប់រំ ជំរុញឲ្យរដ្ឋាភិបាលបន្ថែមថវិកាជាតិទៅក្នុងវិស័យអប់រំ ដើម្បីបង្កើនប្រសិទ្ធភាពគុណភាពអប់រំនៅទូទាំងប្រទេស។ សង្គមស៊ីវិល ស្នើឲ្យក្រសួងអប់រំ ចាយវាយថវិកាក្នុងវិស័យនេះឲ្យចំទិសដៅដែលបានដាក់ចេញ។
សង្គមស៊ីវិលបានធ្វើយុទ្ធនាការសប្ដាហ៍សកម្មភាពជាសកលសម្រាប់ការអប់រំ លើកទី២ ឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី២៥ មេសា ស្ដីពីហិរញ្ញប្បទានវិស័យអប់រំ។ សង្គមស៊ីវិលយល់ថា ថវិកាប្រហែល ១៨% នៃថវិកាជាតិដែលប្រើសម្រាប់វិស័យអប់រំ នៅមិនទាន់មានប្រសិទ្ធភាពនៅឡើយទេ។ សង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាលបង្កើនថវិកាជាតិយ៉ាងតិចបំផុត ២០ភាគរយ ឬ ៤ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។
សង្គមស៊ីវិលយល់ថា ការចំណាយថវិកាជាតិក្រោម ២០% សម្រាប់វិស័យអប់រំកម្ពុជា ធ្វើឲ្យវិស័យនេះប្រឈមមុខនឹងឧបសគ្គជាច្រើន និងបានធ្វើឲ្យកុមារជាច្រើនបោះបង់ចោលការសិក្សា។
នាយកប្រតិបត្តិអង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល លោក ជិន ច័ន្ទវាសនា ថាបច្ចុប្បន្ន ថវិកាជាតិដែលផ្ដល់ឲ្យវិស័យអប់រំនៅមានចំនួនតិចជាង ២០ភាគរយ បានធ្វើឲ្យសាលារៀនគ្មានរបង គ្មានសម្ភារបង្រៀនគ្រប់គ្រាន់ ជាដើម។ លោកថា សាលាខ្លះបានធ្វើលិខិតទៅអាណាព្យាបាល ដើម្បីស្នើសុំលុយបង់ថ្លៃភ្លើងសាលាក៏មានដែរ៖ «យើងឃើញថាមានរហូតដល់ចេញសេចក្តីស្នើសុំទៅសិស្ស មាតាបិតាហ្នឹងឲ្យជួយបង់ថ្លៃភ្លើង បង់ថ្លៃអីក៏មានដែរ។ ខ្ញុំបានមើលទាំងលិខិតហ្នឹងទៀត ស្នើសុំទៅមាតាបិតាសិស្ស ដើម្បីជួយជាវិភាគទានដើម្បីបង់ថ្លៃភ្លើង»។
លោក ជិន ច័ន្ទវាសនា យល់ថា ស្របពេលដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់កាន់តែខិតជិតមកដល់ វាជាឱកាសសម្រាប់គណបក្សនយោបាយដែលចង់បានសន្លឹកឆ្នោត ហើយក៏ជាឱកាសសម្រាប់ស្នើឲ្យរដ្ឋាភិបាលគិតគូរបន្ថែមថវិកាក្នុងវិស័យអប់រំនៅថ្នាក់ក្រោមជាតិដែរ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី មើលឃើញថា វិស័យអប់រំកម្ពុជា នៅតែប្រឈមនឹងបញ្ហាខ្វះសម្ភារសិក្សាតាមសាលារៀន។ អ្នកស្រីថា ថវិកាដែលរដ្ឋាភិបាលបានទម្លាក់ឲ្យក្រសួងអប់រំ បើទោះជាពីមួយឆ្នាំទៅមួយឆ្នាំកាន់តែកើនឡើង ប៉ុន្តែបើការចាយវាយមិនចំទិសដៅ គុណភាពអប់រំនៅតែគ្មានប្រសិទ្ធភាព៖ «ទាល់តែចាយឲ្យចំទិសដៅ បើកាលដែលយើងថាបំប៉ោងឲ្យបានច្រើន ឧបមាថា ១០% ចុះ ឧទាហរណ៍ ១០% មែន ប៉ុន្តែគាត់យកទៅក្នុងបេសកកម្មពួកអ្នកធំ ហើយអាបេសកកម្មពួកអ្នកធំហ្នឹង ទៅដើម្បីអី គឺដើម្បីពង្រឹងគណបក្សកាន់អំណាចទេ មិនមែនធ្វើឲ្យវិស័យអប់រំប្រសើរទេ»។
អ្នកស្រី អ៊ុក ឆាយាវី បន្តថា ថវិកាដែលក្រសួងអប់រំ ប្រើមិនចំគោលដៅ ដោយសារក្រសួងនេះចំណាយថវិកាច្រើនពេកលើបេសកកម្មរបស់មន្ត្រីធំៗ ហើយបេសកកម្មនោះ ធ្វើឡើងដើម្បីបម្រើគណបក្សនយោបាយតែប៉ុណ្ណោះ។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន បានទេនៅថ្ងៃទី២៥ មេសា ដោយទូរស័ព្ទចូលតែមិនលើក។ ប៉ុន្តែកាលពីយុទ្ធនាការសប្ដាហ៍សកម្មភាពជាសកលសម្រាប់ការអប់រំ លើកទី១ នៅឆ្នាំ២០១៦ លោក រស់ សាលីន ធ្លាប់លើកឡើងនៅក្នុងសន្និសីទកាសែតនោះថា ក្នុងចំណោមថវិកាសម្រាប់ប្រើប្រាស់ក្នុងវិស័យអប់រំមានជាង ៧០% បានចំណាយទៅលើប្រាក់ខែគ្រូ និងបុគ្គលិកអប់រំជាង ១១ម៉ឺននាក់ ហើយនៅសេសសល់ថវិកាតែជាង ២០% ទៀតប៉ុណ្ណោះសម្រាប់ចំណាយលើការអភិវឌ្ឍនៅក្នុងវិស័យនេះ។
សប្ដាហ៍សកម្មភាពជាសកលសម្រាប់ការអប់រំ លើកទី២ ឆ្នាំ២០១៧ នេះ ធ្វើសន្និសីទនៅភ្នំពេញ នៅថ្ងៃទី២៥ មេសា ហើយដំណើរការយុទ្ធនាការនៅតាមមូលដ្ឋាន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ មេសា។
អង្គការសង្គមស៊ីវិលនឹងរៀបចំព្រឹត្តិការណ៍ជាសាធារណៈមួយចំនួនជាមួយតំណាងសង្គមស៊ីវិល អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ យុវជន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីអំពាវនាវឲ្យមានការយកចិត្តទុកដាក់ និងចាត់វិធានការដោះស្រាយ ដើម្បីបង្កើនថវិកាក្នុងវិស័យអប់រំឲ្យបានយ៉ាងតិច ២០ភាគរយ ឬ ៤% នៃផលិតផលក្នុងស្រុកសរុប៕