គណបក្សប្រឆាំងសម្រេចរៀបចំសមាជវិសាមញ្ញឡើងវិញ ក្រោយពីសមាជវិសាមញ្ញលើកទី១ ក្រសួងមហាផ្ទៃ មិនទទួលស្គាល់។ ក្រសួងមហាផ្ទៃ បានចាត់ទុកសមាជវិសាមញ្ញជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំបក្សប្រឆាំងកាលពីដើមខែមីនា ថាអនុវត្តផ្ទុយពីលក្ខន្តិកៈរបស់ខ្លួន ហើយតម្រូវឲ្យបក្សនេះរៀបចំឡើងវិញ។
អ្នកឃ្លាំមើលនយោបាយយល់ឃើញថា ការរកលេសរបស់ស្ថាប័នជំនាញរបស់រដ្ឋាភិបាលនេះ មិនមានអ្វីក្រៅពីចេតនាចង់ធ្វើឲ្យគណបក្សប្រឆាំងដើរដល់ផ្លូវទាល់ច្រកនោះឡើយ។
សមាជវិសាមញ្ញលើកទី២ ដែលតម្រូវឲ្យបក្សប្រឆាំងរៀបចំសាជាថ្មីឡើងវិញនៅពេលនេះ មុនយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ដែលសល់ពេលប្រមាណ ២សប្ដាហ៍ទៀត ដោយសារក្រសួងមហាផ្ទៃ ជំទាស់ថា សមាជលើកទី១ គឺបក្សប្រឆាំងជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំបក្សរំលោភលើលក្ខន្តិកៈរបស់ខ្លួន។
អង្គសមាជដែលមានអ្នកចូលរួមមកពី ២៥រាជធានី-ខេត្តរបស់បក្សប្រឆាំង សម្រេចដោយឯកច្ឆន្ទលើសំណើសុំធ្វើវិសោធនកម្មត្រង់ប្រការ ៤៧ថ្មី ដែលក្រសួងមហាផ្ទៃ ជំទាស់។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា វិសោធនកម្មដែលធ្វើឡើងនៅពេលនេះ គឺមិនមែនត្រឹមតែប្រការ ៤៧ថ្មីទេ ពោលគឺការកែតម្រូវនេះ គឺកែត្រង់លេខរៀងថែមទៀតផង ព្រោះលក្ខន្តិកៈដែលជាច្បាប់កំពូលរបស់បក្សនេះមានតែ ៩ជំពូកទេ។ ប៉ុន្តែដោយកំហុសបច្ចេកទេស លក្ខន្តិកៈនេះត្រូវសរសេររហូតដល់ ១០ជំពូកទៅវិញ។ លោកបន្តថា «យើងលុបចោលរយៈពេល ៣០ថ្ងៃចេញ។ យើងដាក់ថាក្នុងករណីអត់មានអនុប្រធានគណបក្ស គណៈកម្មការនាយកគណបក្ស នឹងជ្រើសរើសអនុប្រធានយ៉ាងតិច ១រូប ដើម្បីជួយការងារប្រធានគណបក្សរហូតដល់ចប់អាណត្តិ»។
លោក កឹម សុខា ប្រធានគណបក្សប្រឆាំង បញ្ជាក់ជំហរថា សន្លឹកឆ្នោតនៅក្នុងអាណត្តិនេះ ត្រូវតែការពារឲ្យបាន អំពីលទ្ធផលចុងក្រោយដែលពលរដ្ឋខំផ្ដល់សេចក្ដីទុកចិត្តឲ្យតាមរយៈការបោះឆ្នោតមួយដែលសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។
ថ្លែងទៅកាន់អ្នកគាំទ្រ និងសមាជិកបក្សកាលពីព្រឹកថ្ងៃទី២៥ មេសា លោក កឹម សុខា ហាក់ដូចដឹងមុនថា បក្សប្រឆាំងមួយនេះអាចនឹងទទួលបានការគាំទ្រ និងឈានទៅគ្រប់គ្រងឃុំ-សង្កាត់ក្នុងពេលខាងមុខជំនួសបក្សកាន់អំណាច។ លោកបន្តថា «គណបក្សសង្គ្រោះជាតិ មានភារកិច្ចមួយត្រូវទទួលខុសត្រូវដ៏ធ្ងន់ធ្ងរ គឺការពារសន្លឹកឆ្នោតជូនប្រជាពលរដ្ឋ។ ការការពារសន្លឹកឆ្នោតជូនប្រជាពលរដ្ឋនេះហើយ ជាភារកិច្ចសំខាន់បំផុត»។
ទាក់ទិនរឿងនេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) យល់ឃើញថា នេះជារបៀបរបស់អ្នកនយោបាយ ប៉ុន្តែ គ.ជ.ប មានវិធានការគ្រប់គ្រាន់អស់ហើយក្នុងការការពារ និងធានាពីលទ្ធផលចុងក្រោយនៃសន្លឹកឆ្នោត។
នៅក្នុងកម្មវិធីនយោបាយសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៤ នេះ គណបក្សប្រឆាំងបានរៀបចំសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ គឺមានកម្លាំងស្មើនឹងគណបក្សប្រជាជនកម្ពុជា ដែរ។ លោក កឹម សុខា មានសុទិដ្ឋិនិយមថា សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ដែលរៀបចំរួចហើយទាំង ១.៦៤៦ឃុំ-សង្កាត់នៅទូទាំងប្រទេស គឺជាការបង្ហាញសាច់ដុំរួចជាស្រេច ថានឹងដណ្ដើមកៅអីឃុំ-សង្កាត់បានសម្រាប់អាណត្តិនេះ។
ជាញឹកញាប់ លោក ហ៊ុន សែន តែងគំរាមពីការកើតសង្គ្រាម ប្រសិនបើការឈ្នះឆ្នោតលើកនេះមិនមែនជាបក្សកាន់អំណាចនោះ។
នៅក្នុងពិធីសមាជវិសាមញ្ញកាលពីព្រឹកថ្ងៃទី២៥ មេសា លោក កឹម សុខា ក៏បានថ្លែងការពារដែរថា មេដឹកនាំបក្សប្រឆាំង មិនធ្លាប់មានប្រវត្តិជាមេដឹកនាំបាញ់បោះទេ។ ហេតុនេះ គឺរឹតតែមិនអាចបង្កឲ្យទៅជាមានសង្គ្រាមថែមទៀតផង នៅពេលគណបក្សសង្គ្រោះជាតិ ឈ្នះការបោះឆ្នោតក្នុងដំណាក់កាលដ៏តានតឹងខាងមុខនេះមែន។ លោកបន្តថា «គោលដៅរបស់យើង គឺឆ្ពោះទៅរកការបោះឆ្នោត ដើម្បីមកនូវការផ្លាស់ប្ដូរជាវិជ្ជមាន។ យើងអត់មានធ្វើដំណើរទៅធ្វើសង្គ្រាមទេ។ យើងធ្វើដំណើរអត់ទៅវាយទៅដំ និងទៅឈ្លោះប្រកែកជាមួយអ្នកណាទេ»។
ក្រៅពីនេះ លោក កឹម សុខា ត្អូញត្អែរថា សព្វថ្ងៃគណបក្សសង្គ្រោះជាតិ រងសម្ពាធគ្រប់បែបយ៉ាង ដែលមិនអាចធ្វើអ្វីកើតសូម្បីប្រើប្រាស់ក្នុងការបញ្ចេញមតិ។
ប្រតិកម្មនឹងការរិះគន់នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចំអកថា តាមពិត លោក កឹម សុខា កំពុងតែភ្លេចខ្លួនក្នុងពេលដែលលោកកំពុងមានសេរីភាពពេញទី ហើយបែរជារិះគន់ថា បក្សប្រឆាំងត្រូវហ៊ុមព័ទ្ធសេរីភាពទៅវិញ។ លោកបន្តថា «ខ្ញុំសូមមិននិយាយទេ ប៉ុន្តែខ្ញុំយល់ថា ឯកឧត្ដម កឹម សុខា ថាគេនិយាយបាន តែគណបក្សសង្គ្រោះជាតិ និយាយមិនបាន អាហ្នឹងវាផ្ទុយពីការពិតហើយ ពីព្រោះឯកឧត្ដមកំពុងតែនិយាយបាន ហើយបែរជាថានិយាយមិនបាន។ គាត់និយាយថាមិនបាននៅពេលដែលគាត់កំពុងតែនិយាយបាន»។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា គេនឹងបញ្ជូនលទ្ធផលសមាជវិសាមញ្ញ ពោលគឺការធ្វើវិសោធនកម្មលក្ខន្តិកៈលើកទី២ នឹងត្រូវបញ្ជូនទៅក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ មេសា៕