សកម្មជនព្រៃឡង់រស់នៅឃុំកំពង់ចាម ស្រុកសំបូរ ខែត្រក្រចេះ រកឃើញថា ជោគវាសនាព្រៃឡង់នៅតែមានហានិភ័យខ្ពស់ ខណៈចលនាកាប់ទន្ទ្រានដីព្រៃអភិរក្ស និងកាប់ឈើមានតម្លៃ នៅតែបន្តកើតមាន។ ពួកគេថា ពលរដ្ឋចំណាកស្រុកច្រើនគ្រួសារ បាននាំគ្នាមកតាំងទីលំនៅខុសច្បាប់ក្នុងតំបន់ព្រៃអភិរក្ស និងកាប់ព្រៃធ្វើចម្ការអស់ជាច្រើនហិកតារ។
សហគមន៍ព្រៃឡង់ខែត្រក្រចេះ អំពាវនាវនៅថ្ងៃទី២៥ មេសា ឲ្យក្រសួងបរិស្ថាន លុបបំបាត់ការដឹកជញ្ជូនឈើខុសច្បាប់នៅតំបន់ព្រៃឡង់ និងបញ្ឈប់សកម្មភាពកាប់រានដីព្រៃក្នុងបរិវេណព្រៃឡង់ឲ្យមានប្រសិទ្ធភាព។ ពួកគេរកឃើញថា ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន នៅតែបណ្តែតបណ្តោយឲ្យបទល្មើសកើតមានដដែលៗ ទាំងការដឹកជញ្ជូនឈើតាមគោយន្ត និងកាប់ព្រៃរានយកដីធ្វើចម្ការ។
សកម្មជនព្រៃឡង់រស់នៅឃុំកំពង់ចាម ស្រុកសំបូរ ខែត្រក្រចេះ លោក ឯក វណ្ណា ឲ្យដឹងថា បច្ចុប្បន្ន ពលរដ្ឋចំណាកស្រុកកំពុងបន្តកាប់ឈើរានយកដីនៅចំណុចអូរស្ទឹងឆ្លាំង អូរយ៉ាវ អូរខ្មង និងភូមិត្រពាំងទា អស់ជាច្រើនហិកតារ។ ដោយឡែកឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន ពុំសូវចុះស៊ើបអង្កេតសកម្មភាពកាប់ឈើនៅតំបន់ឆ្ងាយៗនោះទេ។ លោកអះអាងថា ការអនុវត្តច្បាប់របស់ក្រសួងបរិស្ថាន នៅតែធូររលុងនៅឡើយ ខណៈការដឹកជញ្ជូនឈើឆ្លងកាត់ប៉ុស្តិ៍បរិស្ថាន នៅតែកើតមាន ហើយសកម្មភាពបង្ក្រាប និងទប់ស្កាត់ហាក់មានតិចតួចនៅឡើយ៖ «ក្រសួងបរិស្ថាន មានតួនាទី មានកាតព្វកិច្ចក្នុងការពារមិនឲ្យឈើចេញរួច ប៉ុន្តែហេតុអីបានឈើហ្នឹងដឹកចេញមុខស្នាក់ការបរិស្ថានហើយ គឺគាត់មិនចាត់ការ។ សហគមន៍ព្រៃឡង់គ្រាន់តែមានការសង្ស័យ មានការត្រូវរ៉ូវគ្នាបានអាចដឹកចេញបាន»។
លោក ឯក វណ្ណា បន្ថែមថា សហគមន៍ព្រៃឡង់ពុំទាន់មានជំនឿចិត្តចំពោះប្រសិទ្ធភាពការងាររបស់ក្រសួងបរិស្ថាន នៅឡើយទេ ដរាបណាបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់នៅតែកើតមាន។ លោកបារម្ភថា ការកាប់ព្រៃឈើនៅតំបន់ព្រៃឡង់នឹងគ្មានទីបញ្ចប់ទេ ប្រសិនបើក្រសួងបរិស្ថាន មិនពង្រឹងប្រសិទ្ធភាពការងារ និងមិនបន្ថែមល្បឿនអភិរក្សឲ្យគ្រប់ជ្រុងជ្រោយ៖ «លក្ខណៈនេះបើសិនគាត់នៅតែបណ្តែតបណ្តោយឲ្យច្បាប់ធូររលុងបែបនេះ គឺការអនុវត្តអត់បានជោគជ័យទេ ហើយយើងនឹងប្រឈមការបាត់បង់ខ្ពស់មែនទែន»។
កាលពីថ្ងៃទី២៤ មេសា សហគមន៍ព្រៃឡង់ប្រទះឃើញឈើធំៗ ត្រូវគេកាប់រំលំយកដីធ្វើចម្ការអស់ជាច្រើនហិកតារ នៅចំណុចក្បែរភូមិត្រពាំងទា ចំណុចអូរយ៉ាវ និងអូរស្ទឹងឆ្លាំង។ សកម្មភាពកាប់ទន្ទ្រាននេះ ភាគច្រើនប្រព្រឹត្តដោយពលរដ្ឋក្រីក្រមកពីខែត្រក្រចេះ ត្បូងឃ្មុំ និងខែត្រកំពង់ចាម ជាដើម។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព បដិសេធមិនធ្វើអធិប្បាយករណីនេះទេ នៅថ្ងៃទី២៥ មេសា ដោយលោកប្រាប់ថា កំពុងជាប់ប្រជុំ។ តែលោកធ្លាប់មានប្រសាសន៍ថា ក្រសួងបរិស្ថាន បានណែនាំឲ្យមន្ទីរបរិស្ថានទាំងបួនខែត្រធ្វើការតាមដាន ត្រួតពិនិត្យ និងចាត់វិធានការជាប់ជាប្រចាំពីស្ថានភាពព្រៃឈើនៅព្រៃឡង់ ប្រសិនបើមានករណីលួចកាប់ឈើ ឬក៏ឈូសឆាយព្រៃក្នុងដែនជម្រកសត្វនៅព្រៃឡង់ ត្រូវចាត់វិធានការច្បាប់។
កាលពីខែមីនា ឆ្នាំ២០១៧ សហគមន៍ប្រទះឃើញឈើរាប់រយម៉ែត្រគូប ត្រូវបានគេដឹកមកទុកនៅបរិវេណព្រៃសហគមន៍ប្រាសាទតាខ្មៅ ជាប់ព្រៃឡង់ និងបានរាយការណ៍ទៅមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងអាជ្ញាធរដែនដី ក៏ប៉ុន្តែមន្ត្រីទាំងនោះបានរុញច្រានការទទួលខុសត្រូវដាក់គ្នាទៅវិញទៅមក។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ផ្នែកដីធ្លី និងធនធានធម្មជាតិ នៃសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា ការបណ្តោយឲ្យបទល្មើសព្រៃកើតមានឡើង គឺជាសញ្ញាបង្ហាញពីការបរាជ័យនៃការអនុវត្តគោលនយោបាយអភិរក្សព្រៃឈើរបស់រាជរដ្ឋាភិបាល។ លោកថា ព្រៃឡង់នឹងវិនាសហិនហោច ដរាបណាអាជ្ញាធរពាក់ព័ន្ធនៅតែបណ្តែតបណ្តោយឲ្យបទល្មើសកើតឡើងដោយគ្មានការទទួលខុសត្រូវ៖ «រដ្ឋយើងបានផ្តល់នូវច្បាប់សំខាន់ៗ ដើម្បីឲ្យមន្ត្រីទាំងអស់ហ្នឹងអនុវត្តឲ្យមានប្រសិទ្ធភាព តែផ្ទុយទៅវិញ យើងឃើញថា ហេតុអីពុំមានប្រសិទ្ធភាព ពីព្រោះវាមានការពាក់ព័ន្ធអំពើពុករលួយជាប្រព័ន្ធធ្វើឲ្យការបាត់បង់ព្រៃឈើ»។
របាយការណ៍របស់សហគមន៍ព្រៃឡង់បង្ហាញថា ផ្នែកខ្លះនៃព្រៃឡង់បានជំនួសមកវិញនូវដំណាំដំឡូង ស្វាយចន្ទី និងកៅស៊ូ ដែលគ្រប់គ្រងដោយក្រុមហ៊ុនឯកជន និងបុគ្គលឯកជន។ បញ្ហានេះ ពួកគេចង់ឲ្យស្ថាប័នពាក់ព័ន្ធ ចាត់វិធានការបន្ទាន់ និងអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ដើម្បីសង្គ្រោះព្រៃឈើដែលនៅសេសសល់នៅតំបន់នោះឲ្យគង់វង្ស៕