Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

តុលាការ​ដោះលែង​ម្ចាស់​ហាង​ម៉ាស្សា​ពាក់ព័ន្ធ​ករណី​ក្មេង​ស្រី​ស្លាប់​ដោយ​ឆក់​ខ្សែ​ភ្លើង​បណ្ដោះអាសន្ន

$
0
0

អង្គការ​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល​នៅ​ខេត្ត​សៀមរាប ជំរុញ​ឱ្យ​តុលាការ​ខេត្ត​នេះ​ផ្ដល់​យុត្តិធម៌​ទៅ​លើ​គ្រួសារ​ក្មេង​ស្រី​ដែល​ខ្សែភ្លើង​ឆក់​ស្លាប់ កាល​ពី​រាត្រី​ថ្ងៃ​ទី​១៦ ខែ​មេសា នៅ​តាម​បណ្ដោយ​ដង​ផ្លូវ ផបស្ទ្រីត (Pub Street) តំបន់​ផ្សារ​ចាស់​នោះ​ឱ្យ​បាន​ត្រឹមត្រូវ។

ការ​ជំរុញ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គេ​ដឹង​ថា ចៅក្រម​ស៊ើបសួរ​នៃ​សំណុំរឿង​ក្ដី​នេះ បាន​សម្រេច​ដោះលែង​ស្ត្រី​ម្ចាស់​ហាង​ម៉ាស្សា ដែល​ជា​កន្លែង​ខ្សែភ្លើង​ឆក់​ក្មេង​ស្រី​ម្នាក់​ស្លាប់​នោះ ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន។

ប្រភព​ពី​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប ឱ្យ​ដឹង​ថា ចៅក្រម​ស៊ើប​សួរ​នៃ​សំណុំរឿង​ក្ដី​រាយ​ខ្សែភ្លើង​ឆក់​បាន​សម្រេច​ដោះលែង​ស្ត្រី​ម្នាក់​ជា​ម្ចាស់​ហាង​ម៉ាស្សា ដែល​បង្ក​ឱ្យ​ខ្សែ​ភ្លើង​ឆក់​ក្មេង​ស្រី​ជំទង់​ម្នាក់​ស្លាប់​នៅ​លើ​ដង​ផ្លូវ​ផបស្ទ្រីត ក្នុង​តំបន់​ផ្សារ​ចាស់ ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន បន្ទាប់​ពី​ឃុំ​ខ្លួន​រយៈពេល ១​សប្ដាហ៍​មក។

ប្រធាន​លេខាធិការដ្ឋាន​នៃ​សាលាដំបូង​ខេត្ត​សៀមរាប គឺ​លោក យិន ស្រាង។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២៥ ខែ​មេសា ថា ចៅក្រម​ស៊ើបសួរ​នៃ​សំណុំ​រឿងក្ដី​ខ្សែភ្លើង​ឆក់​ក្មេង​ស្រី​ម្នាក់​ស្លាប់​កាលពី​រាត្រី​ថ្ងៃ​ទី​១៦ ខែ​មេសា  បាន​សម្រេច​ដោះលែង​ស្ត្រី​ឈ្មោះ មាស សុភ័ក្រ អាយុ ៣៦​ឆ្នាំ ជា​ម្ចាស់​ហាង​ម៉ាស្សា យីហោ​បារាយណ៍ ស្ប៉ា ដែល​បណ្ដាល​ឱ្យ​ខ្សែភ្លើង​ឆក់​ក្មេង​ស្រី​ម្នាក់​គ្រោះថ្នាក់​នោះ ស្ថិត​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា។

លោក យិន ស្រាង មិន​អាច​បញ្ជាក់​ថា តើ​ចៅក្រម​ស៊ើបសួរ​ដែល​ដោះលែង​ស្ត្រី​ម្ចាស់​ហាង​ម៉ាស្សា​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ដោយ​យោង​ទៅ​លើ​មូលហេតុ​អ្វី​នោះ​ទេ៖ «គេ​ដោះលែង​បាត់​ហើយ ឱ្យ​នៅ​ក្រៅ​ឃុំ។ សួរ​តើ​ចៅក្រម​ណា? ចម្លើយ​គឺ​លោក អ៊ុង ចាន់ថុល»

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​ចៅក្រម​ស៊ើបសួរ​កាន់​សំណុំ​រឿង​ក្ដី​នេះ លោក អ៊ុង ចាន់ថុល ដើម្បី​សុំ​ការ​ពន្យល់​អំពី​មូលហេតុ​នៃ​ការ​ដោះលែង​ម្ចាស់​ហាង​ម៉ាស្សា​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នោះ បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា។

ចំណែក​ព្រះរាជអាជ្ញា​អម​សាលាដំបូង និង​ជា​តំណាង​អយ្យការ​នៃ​សំណុំ​រឿង​ក្តី​នេះ លោក កើត វណ្ណារ៉េត មិន​បាន​ពន្យល់​អំពី​មូលហេតុ​ផ្លូវ​ច្បាប់​ក្នុង​ការ​សម្រេច​ដោះលែង​ម្ចាស់​ហាង​ម៉ាស្សា​នោះ​យ៉ាង​ណា​ឡើយ ដោយ​លោក​ជំរុញ​ឱ្យ​សួរ​ទៅ​អ្នក​នាំ​ពាក្យ​របស់​សាលាដំបូង​ខេត្ត​សៀមរាប។

ប៉ូលិស​ក្រុង​សៀមរាប អះអាង​ថា កាល​ពី​រាត្រី​ថ្ងៃ​ទី​១៦ ខែ​មេសា ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ក្មេង​ស្រី​ឈ្មោះ លី មុនីរដ្ឋានី អាយុ ១៤​ឆ្នាំ នៅ​ភូមិ​រកាធំ សង្កាត់​ពាណិជ្ជកម្ម​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ដែល​មក​លេង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ខេត្ត​សៀមរាប ត្រូវ​ខ្សែ​ភ្លើង​ដែល​គេ​ដាក់​រាយ​សម្រាប់​បំភ្លឺ​ស្លាក​យីហោ​ហាង​ម៉ាស្សា​ឆក់​ស្លាប់​នៅ​លើ​វិថី​ផបស្ទ្រីត នៃ​តំបន់​ផ្សារ​ចាស់ ក្នុង​ពេល​ដែល​មនុស្ស​រាប់​ពាន់​នាក់​លេង​ប៉ាត​ម្សៅ និង​បាច​ទឹក​ដាក់​គ្នា។

អ្នក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​សៀមរាប លោក ចាន់ ចំរើន មាន​ប្រសាសន៍​ថា ករណី​ក្មេង​ស្រី​ឆក់​ខ្សែភ្លើង​ស្លាប់​នោះ អង្គការ​របស់​លោក​មិន​បាន​ចុះ​ស៊ើប​អង្កេត​ទេ ដោយសារ​តែ​មិន​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សិទ្ធិ​មនុស្ស។

ទោះ​យ៉ាង​ណា លោក ចាន់ ចំរើន ជំរុញ​ឱ្យ​ស្ថាប័ន​តុលាការ​ដែល​ដោះលែង​ស្ត្រី​ម្ចាស់​ហាង​ម៉ាស្សា យីហោ​បារាយណ៍ ស្ប៉ា ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នោះ ត្រូវ​តែ​ធ្វើ​តាម​ឆន្ទៈ​ច្បាប់ និង​មាន​យុត្តិធម៌​ត្រឹមត្រូវ​សម្រាប់​ជនរងគ្រោះ៖ «ខ្ញុំ​សំណូមពរ​ចំពោះ​ការ​ឆក់​ខ្សែ​ភ្លើង​នេះ សូម​ឱ្យ​ប្រព្រឹត្តិ​ទៅ​តាម​ផ្លូវ​ច្បាប់ ហើយ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ បើសិនជា​ម្ចាស់​ហាង​មាន​កំហុស សុំ​ឱ្យ​ដាក់​ទោស តែ​បើ​គ្មាន​កំហុស​ក៏​ដោះលែង​ទៅ»

ប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា ករណី​ក្មេង​ស្រី​ឆក់​ខ្សែភ្លើង​ស្លាប់​នេះ គឺ​ជា​បទ​មនុស្សឃាត​ដោយ​អចេតនា​ដែល​តុលាការ​អាច​អនុញ្ញាត​ឱ្យ​ម្ចាស់​ហាង​ម៉ាស្សា​នោះ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​បាន បើ​យោង​ទៅ​លើ​មាន​មុខ​របរ មាន​លំនៅឋាន​ច្បាស់លាស់ ឬ​ក៏​ដាក់​ប្រាក់​តម្កល់​ធានា​ជាដើម។

លោក អំ សំអាត បញ្ជាក់​ថា ករណី​ខ្សែភ្លើង​ឆក់​ក្មេង​ស្រី​ម្នាក់​ស្លាប់​នោះ គឺ​ទាំង​ម្ចាស់​ហាង​ម៉ាស្សា និង​អាជ្ញាធរ​ដែន​ដី មាន​កំហុស​ដូច​គ្នា ពីព្រោះ​មិន​បាន​ត្រួត​ពិនិត្យ​ទៅ​លើ​បញ្ហា​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​សាធារណៈ ព្រម​ទាំង​មាន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ផង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles